កាណាដា៖ ទីក្រុងតូរុនតូ (Toronto) ដែលធំជាងគេបំផុតនៅប្រទេសកាណាដា ត្រូវបានរដ្ឋាភិបាលសម្រេចបិទជាបណ្ដោះអាសន្ន គិតចាប់ពីថ្ងៃច័ន្ទនេះតទៅ ដោយសារតែអត្រាឆ្លងជំងឺកូវីដ ១៩ បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ នៅតាមតំបន់ជាច្រើន។
ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា រដ្ឋាភិបាលប្រទេសកាណាដា បានសម្រេចចិត្ត ធ្វើការបិទទីក្រុងតូរុនតូ ជាបណ្ដោះអាសន្នហើយ ដែលនឹងធ្វើឡើងសម្រាប់រយៈពេលយ៉ាងហោចណាស់ ២៨ ថ្ងៃ ក្នុងគោលបំណងទប់ស្កាត់ អត្រានៃការឆ្លងជំងឺកូវីដ ១៩ បានកំពុងផ្ទុះឡើងខ្លាំង។ តាមរយៈការអះអាងរបស់មន្ត្រីក្នុងទីក្រុង បានឱ្យដឹងថា ការសម្រេចបិទទីក្រុងជាផ្លូវការនេះ នឹងធ្វើឡើងនៅថ្ងៃច័ន្ទតែម្ដង ដោយក្នុងនោះរួមបញ្ចូលតំបន់ Peel Region ផងដែរ។
ជុំវិញការសម្រេចចិត្តបិទទីក្រុងដ៏ធំមួយនេះ លោក Ontario Premier Doug Ford មន្ត្រីនៃទីក្រុង Toronto បានឱ្យដឹងដូច្នេះថា យើងមិនអាចធ្វើការបិទខេត្តជាច្រើននោះទេ ហេតុនេះយើងសម្រេចចិត្តបង្ការនូវហានិភ័យទាំងឡាយ តាមរយៈការបិទទីក្រុងតូរុនតូ និងតំបន់ Peel សិន ដើម្បីដាក់ការរឹតត្បិតលើសកម្មភាពរបស់ប្រជាពលរដ្ឋ។ យើងត្រូវតែធ្វើសកម្មភាព ដើម្បីបញ្ឈប់អត្រានៃការឆ្លងមេរោគមួយនេះ។ ការបិទទីក្រុងធំជាងគេរបស់កាណាដា នៅមិនទាន់ត្រូវបានរឹតបន្តឹងខ្លាំងនោះទេ តែប្រជាជនគ្រប់រូបតម្រូវឱ្យអនុវត្តវិធានការគម្លាតសង្គម។
ស្ថិតក្នុងការដាក់ទីក្រុង ឱ្យបិទដំណើរការរយៈពេល ២៨ ថ្ងៃ ចាប់ពីថ្ងៃច័ន្ទទី ២៣ ខែវិច្ឆិកា នេះតទៅ រដ្ឋាភិបាលកាណាដា បានដាក់ចេញនូវវិធានការសំខាន់ៗដូចជា៖
១. ហាមមិនឱ្យមានការជួបជុំនៅក្រៅ ច្រើនជាងចំនួន ១០ នាក់
២. ហាមមិនឱ្យមានការជួបជុំក្នុងផ្ទះ លើកលែងតែសមាជិកគ្រួសារ
៣.ហាងលក់ទំនិញ ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ឬមន្ត្រីតាមតំបន់ អាចបើកដំណើរការបាន តែត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងវិធានការចេញដោយរដ្ឋាភិបាល ដើម្បីធានាដល់កិច្ចការពារជំងឺឆ្លង ដោយ
៥. ក្រុមហ៊ុន ហាងលក់ឱសថ និងផលិតផលនានា ត្រូវបានអនុញ្ញាតឱ្យបើកលក់តែ ៥០% នៃសេវាកម្មដែលមានពេញ ១០០%
៦. សាលារៀន និងមជ្ឈមណ្ឌលមើលថែកុមារ នៅតែបន្តបើកដំណើរការ តែត្រូវស្ថិតក្រោមវិធានការការបារយ៉ាងតឹងរឹង
៧. ថ្នាក់រៀនឧត្ដមសិក្សាត្រុវធ្វើការសិក្សាតាមប្រព័ន្ធអនឡាញ លើកលែងតែវគ្គបណ្ដុះបណ្ដាល ដែលទទួលបានការឯកភាពពីរដ្ឋាភិបាល ទើបអាចធ្វើឡើងដោយផ្ទាល់បាន
ការបិទទីក្រុងរយៈពេល ២៨ ថ្ងៃនេះ នឹងធ្វើឱ្យប៉ះពាល់ខ្លាំងទៅដល់សកម្មភាពរស់នៅឯកជនរបស់ពលរដ្ឋ ខណៈពេលដែលពិធីបុណ្យណូអែល ជាពេលវេលាជួបជុំគ្រួសារ មិត្តភក្ដិ និងបងប្អូន អាចនឹងត្រូវបានលុបចោល ដើម្បីឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវមួយនេះ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកាណាដា នៅមិនទាន់បានបញ្ជាក់នោះទេថា នឹងអាចកាត់បន្ថយ ឬបន្តការបិទទីក្រុងនេះ ដោយរង់ចាំមើលលទ្ធផលជាក់ស្ដែងជាមុនសិន៕