ទោះចប់អាណត្តិក្តី ទូតហ្វីលីពីនសន្យាជួយ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងកីឡាជាមួយកម្ពុជា

កាលពីថ្ងៃទី ១០ ខែឧសភា ម្សិលមិញនេះ លោក Christopher B. Montero ឯកអគ្គរដ្ឋទូតហ្វីលីពីននៅកម្ពុជា ក្នុងជំនួបជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងពេលបំពេញបេសកកម្ម នៅកម្ពុជាជាង ៤ ឆ្នាំមកនេះ បាន​មើលឃើញ​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា​ ក្រោមម្លប់​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ ហើយ​អគារ​ខ្ពស់​ៗក៏​កាន់តែ​ផុស​ត្រដែត​ឡើង​ច្រើន​ទៅៗ​។

លោក​ក៏បាន​កោតសរសើរ ​ពី​ការ​រីកចម្រើន​ លើ​វិស័យ​ទេសចរណ៍ ​កម្ពុជា​ផង​ដែរ​ ដោយ​កម្ពុជា​-ហ្វីលីពីន ​បាន​ពង្រីក​ កិច្ច​សហប្រតិបត្តិ​ការ ​ជាមួយគ្នា​ កាន់តែ​ជិតស្និទ្ធ​ ក្នុង​នោះ​កម្ពុជា​-ហ្វីលីពីន​ ក៏បាន​ភ្ជាប់​ជើងហោះហើរ ​ត្រង់​ជាមួយគ្នា​ តាមរយៈ​ក្រុមហ៊ុន ​អាកាសចរណ៍​ Philippines​ Airline​ ដែល​បាន ​និង​កំពុង​ហោះ ​ត្រង់​ទៅមក​ ភ្នំពេញ​-ម៉ានីល​ ក្នុង​មួយ​អាទិត្យ​ ៥ ជើង​ បន្ថែម​ពីលើ​កិច្ចប្រតិបត្តិ​ការ ហោះហើរ​ មួយ​អាទិត្យ​ ៤ ជើង​ ម៉ានីល​-សៀមរាប​ របស់​ក្រុមហ៊ុន​អាកាសចរណ៍ ​សេ​ប៊ូ​ប៉ាស៊ីហ្វិក​។

លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​ស្នើ​ដល់​លោក​ Montero​ ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ ​រវាង​កម្ពុជា​-ហ្វីលីពីន​ ឱ្យ​កាន់តែ​ខ្លាំងក្លា ​បន្ថែម​ទៀត​ ពិសេស​លើ​ វិស័យ​ទេសចរណ៍​ និង​វិស័យ​កីឡា​។ ពាក់ព័ន្ធ​នឹង ​វិស័យ​កីឡា​នេះ​ លោក​ រដ្ឋមន្ត្រី​ក៏បាន​ផ្ដាំ​តាមរយៈ ​លោក​អគ្គរដ្ឋទូត​ Montero​ អញ្ជើញ​កីឡាករ​ពិភពលោក ​របស់​ហ្វីលីពីន​ ម៉ា​នី​ ប៉ាហ្គី​អ័វ​ ដែល​បច្ចុប្បន្ន ​ជាស​មា​ជិ​កព្រឹទ្ធសភា ​ហ្វីលីពីន ​ផង​នោះ​ មក​ទស្សនកិច្ច​ នៅ​ប្រទេស​កម្ពុជា​សាជាថ្មី​ ដើម្បី​ពង្រឹង ​កិច្ច​សហប្រតិបត្តិ​ការ​ លើ​វិស័យ​កីឡា​ ជាមួយគ្នា​បន្ថែម​ទៀត​។

ពិសេស​ជាង​នេះ​ទៅទៀត​ លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ ក៏បាន​ស្នើ​ដល់ ​លោក​អគ្គរដ្ឋទូត​ Montero​ ជួយ​ផ្សព្វផ្សាយ ​ពី​គោលដៅ​ទេសចរណ៍ ​កម្ពុជា ​ដល់​ភ្ញៀវ​ទេសចរ ​នៅ​ប្រទេស​ទីបី​ ដែល​លោក​នឹង​ផ្លាស់ទៅ ​បំពេញបេសកកម្ម ​ជាឯក​អគ្គរដ្ឋទូត​ថ្មី​ នា​ពេល​អនាគត​នោះ​។

លោក​អគ្គរដ្ឋទូត​ហ្វីលីពីន ​បាន​កត់សម្គាល់​ឃើញថា​ ក្នុងរយៈពេល​បំពេញបេសកកម្ម ​នៅ​កម្ពុជា​ជាង ៤ ឆ្នាំ​មកនេះ​ គឺ​ការ​រីកចម្រើន ​របស់​កម្ពុជា ​ទាំង​ផ្នែក​សង្គម​-សេដ្ឋកិច្ច​ និង​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ ​របស់​កម្ពុជា​ ព្រមទាំង​ពេញចិត្ត ​នឹង​ការ​ទទួល ​បដិសណ្ឋារ​កិច្ច​ និង​ទំនាក់ទំនង​ របស់​ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ និង​ប្រជាពលរដ្ឋ​កម្ពុជា ​ទៀតផង​៕

 

ប្រភព៖ ក្រសួងទេសចរណ៍