បើនិយាយពីមហាសមុទ្រជារួម អ្នកវិទ្យាសាស្ត្របានកំណត់ថា មានជម្រៅជាមធ្យមប្រហែល ៣.៧ គីឡូម៉ែត្រ ប៉ុន្តែជម្រៅនេះវាទូទៅពេកសម្រាប់មហាសមុទ្រ ព្រោះជម្រៅទាំងអស់មិនស្មើគ្នាឡើយ ដោយតំបន់ខ្លះមានជម្រៅជ្រៅសែនជ្រៅដែលមនុស្សមិនអាចទៅដល់ ដោយសារមានសម្ពាធខ្លាំង ហើយគ្មានពន្លឺព្រះអាទិត្យអាចជះទៅដល់ឡើយ ខណៈតំបន់ខ្លះអាចរាក់ដែលគេអាចចុះមុជទៅបាតសមុទ្របាន។ ដូចនេះតើជម្រៅជ្រៅបំផុតរបស់មហាសមុទ្រមានប្រវែងប៉ុណ្ណា?
ដំណើរការរុករកលើមហាសមុទ្រ បានចាប់ផ្ដើមតាំងពីជាង ៥០០ ឆ្នាំមុនម្ល៉េះ ដែលយើងគ្រប់គ្នាសុទ្ធតែបានស្គាល់ឬដឹងលឺ ពីដំណើររុករករបស់លោក Christopher Columbus ជនជាតិអ៊ីតាលី នៅលើមហាសមុទ្រអាត្លង់ទិច ដែលគាត់អាចបង្ហាញអំពីវិសាលភាពដ៏ធំធេងនៃមហាសមុទ្រនីមួយៗ រួមទាំងដំណើរស្វែងឃើញរកទ្វីបអាមេរិចជាដែនដីដ៏ធំមួយប៉ុន្តែពុំទាន់មានអរិយធម៌ជាក់លាក់នៅឡើយ។ ដោយឡែក ចំពោះការគណនាជម្រៅនៃមហាសមុទ្រទើបតែបានចាប់ផ្ដើមជាង ១០០ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ផ្ដើមឡើងពីក្រុមនាវាមុជទឹករបស់ជនជាតិអង់គ្លេសកាលពីឆ្នាំ ១៨៧២ តាមវិធីដ៏សាមញ្ញាបំផុត ពោលប្រសិនបើយើងចង់វាស់ជម្រៅនៃទឹកបឹងឬអាងទឹកមួយ យើងអាចចងវត្ថុមានទម្ងន់ធ្ងន់មួយនឹងខ្សែ ហើយទម្លាក់វាចូលក្នុងបឹងឬអាងទឹកនោះរហូតដល់បាត យើងនឹងអាចវាស់ដឹងជាក់មិនខាន។ វិធីនេះត្រូវបានក្រុមនាវាសមុទ្រជនជាតិអង់គ្លេស HMS Challenger ប្រើប្រាស់នៅឆ្នាំ ១៨៧២ ដោយបានវាស់មហាសមុទ្របានជម្រៅជ្រៅបំផុត ២៩១ គីឡូម៉ែត្រ ដោយប្រើប្រាស់ខ្សែក្នុងបេសកម្ម ៤ ឆ្នាំរបស់គេ ហើយទទួលបានមកវិញនូវទិន្នន័យសំខាន់ៗមួយចំនួន ដូចជា៖ គម្រូថ្មបាតសមុទ្រ ភក់ សត្វសមុទ្រជាច្រើនប្រភេទតាមជម្រៅ និងស្វែងរកឃើញអន្លង់ដ៏ជ្រៅបំផុតមួយក្នុងមហាសមុទ្រប៉ាស៊ីហ្វិចខាងលិច (សមុទ្រភាគខាងត្បូងប្រទេសជប៉ុន) ដែលគេឲ្យឈ្មោះថាអន្លង់ Mariana Trench លាតសន្ធឹងប្រវែង ២,៥៥០ គីឡូម៉ែត្រ និងទទឹង ៧០ គីឡូម៉ែត្រនៃ (Surface) ផ្ទៃខាងលើ។
តាមរយៈការប្រើប្រាស់នាវាមុជទឹក ការប្រើប្រាស់កាំរស្មី ការសិក្សាអំពីជីវិតក្នុងបាតសមុទ្រ និងផូស៊ីលពីបាតសមុទ្រ អ្នកវិទ្យាសាស្ត្របានរកឃើញថា មហាសមុទ្រអាចមានជម្រៅជ្រៅជាងអ្វីដែលគេធ្លាប់ដឹងពីមុនមក ជាក់ស្ដែងការវាស់ប្រវែងអន្លង់ Mariana Trench ធ្វើបានជម្រៅជ្រៅបំផុតដល់ -១០,៩៩៤ ម៉ែត្រ ឬជិត ១១ គីឡូម៉ែត្រក្រោមនេវ៉ូទឹកសមុទ្រ មានន័យថាជម្រៅនេះជ្រៅជាងកំពូលភ្នំ Everest ជាភ្នំខ្ពស់ជាងគេបំផុតលើលោក ស្ថិតនៅជួរភ្នំហិម៉ាល័យ ដែលមានកម្ពស់ +៨,៨៤៩ ម៉ែត្រ ឬជាង ៨.៨ គីឡូម៉ែត្រលើនេវ៉ុទឹកសមុទ្រទៅទៀត។ ប៉ុន្តែគេជឿជាក់ថាការវាស់អន្លង់ Mariana Trench នឹងមានជម្រៅជ្រៅជាងនេះ រហូតដល់លើសពី ១១ គីឡូម៉ែត្រឯណោះ ដែលគេមិនទាន់អាចធ្វើទៅដល់។
ចំណែកឯរង្វាស់នៃបាតសមុទ្រនេះ ត្រូវបានអ្នកវិទ្យាសាស្ត្របែងចែកចេញជាជម្រៅ Zone ជាច្រើនប្រភេទដូចជា៖
• ជម្រៅពី ០ ទៅដល់ -២០០ ម៉ែត្រហៅថា Epipelagic Zone ឬហៅថា sunlight zone ដែលគេទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ហើយជាជម្រៅដែលអ្នកមុជទឹកជំនាញអាចចុះទៅដល់ ចំណែកសីតុណ្ហភាពវិញ គឺជាមធ្យម ៣៦ អង្សាសេសម្រាប់ឈូងសមុទ្រពែកប្រទេសអារ៉ាប់ និងជាមធ្យម -២ អង្សាសេសម្រាប់ប៉ូលខាងជើង។
• ជម្រៅពី -២០០ ទៅដល់ -១,០០០ ម៉ែត្រគេហៅថា Mesopelagic Zone ឬគេនិយមហៅថា Twilight Zone ដែលជាតំបន់កណ្ដាលសម្រាប់ពន្លឺចូលមហាសមុទ្រ មានន័យថាតំបន់នេះ គេចាប់ផ្ដើមទទួលបានពន្លឺតិចតួចបំផុតពីព្រះអាទិត្យ ហើយសម្រាប់ភាវរស់នៅតំបន់នេះ ក៏មិនសូវមានការធ្វើរស្មីសំយោគសម្រាប់បង្ករកំណើតដែរ។ ចំណែកត្រីភាគច្រើនគឺត្រីបាឡែនខៀវធំៗ ដែលចាប់សត្វផ្សេងៗជាអាហារ។ តំបន់នេះ គេអាចពន្លិចអគារខ្ពស់បំផុតលើលោក Burj Khalifa ចូលបានដោយបាត់ស្រមោលតែម្ដង។
• ជម្រៅពី -១,០០០ ទៅដល់ -៤,០០០ ម៉ែត្រគេហៅថា Bathypelagic Zone ឬ midnight zone ដែលពន្លឺព្រះអាទិត្យមិនអាចចូលមកដល់នោះទេ ហើយតំបន់នេះងងឹតដូចជាយប់អាធ្រាតអញ្ចឹង ចំណែកសីតុណ្ហភាពជាមធ្យមគឺ ៤ អង្សាសេ ដែលមានតែសត្វសមុទ្រធន់នឹងភាពត្រជាក់ប៉ុណ្ណោះដែលអាចរស់នៅក្នុងតំបន់នេះបាន ចំណែកឯសម្ពាធវិញក៏មានខ្លាំងផងដែរ ដោយនៅជម្រៅ -៤,០០០ ម៉ែត្រនឹងរងសម្ពាធដល់ ៥,៨៥០ ផោនក្នុងមួយអ៊ីញការ៉េ។
• ជម្រៅ-៤,០០០ ទៅដល់ -៦,០០០ ម៉ែត្រគេហៅថា Abyssopelagic Zone ដែលពាក្យថា abyss នេះមកពីភាសាក្រិច មានន័យថា no bottom ឬគ្មានបាតសមុទ្រ ដោយសារនេះគឺជាតំបន់ពាក់កណ្ដាលទៅលើនេវ៉ូទឹកសមុទ្រ និងពាក់កណ្ដាលទៅបាតនៃអន្លង់ជ្រៅបំផុត ហើយក៏ជាជម្រៅនៃបាតសមុទ្រជាក់លាក់នៃ ២/៣ របស់មហាសមុទ្រទាំងអស់ផងដែរ។ សីតុណ្ហភាពនៅតំបន់នេះ គឺប្រៀបដូចជាទឹកកកអញ្ចឹង ដោយការរុករកពេលខ្លះគេត្រូវបំណែកផងដែរ ដើម្បីអាចបន្ដទៅតំបន់ជ្រៅជាងនេះទៀត ហើយនេះក៏ជាតំបន់ចុងក្រោយដែលមានសត្វត្រី ឬសត្វសមុទ្រគ្រប់ប្រភេទអាចរស់នៅបានដែរ។
• ជម្រៅ -៦,០០០ ទៅដល់ -១០,៩៩៤ ម៉ែត្រគេហៅថា Hadalpelagical Zone ជាតំបន់ជ្រៅជាងគេបំផុតនៃអន្លង់បាតសមុទ្រ ដែលមានសម្ពាធខ្លាំងរហូតដល់ ៨ តោនក្នុងមួយអ៊ីញការ៉េ ដូចនេះទឹកសមុទ្រមួយម៉ែត្រការ៉េក្នុងមួយតំបន់នោះ ប្រៀបដូចជាដុំថ្មទម្ងន់រាប់សិបតោនសង្កត់អញ្ចឹង មិនអាចអោយសត្វរស់នៅបាននោះទេ។ ប៉ុន្តែនៅឆ្នាំ២០០៥ គេរកឃើញថានៅតំបន់នេះ មានសារពាង្គកាយមីក្រូទស្សន៍ម្យ៉ាងឈ្មោះថា foraminifera រស់នៅ ជាសារពាង្គកាយប្រភេទផ្លេនតុន។