គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃជាង ១០០ លានដុល្លារ បានចាប់ផ្ដើមសម្ភោធការសាងសង់នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំមួយ មានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដែលជម្រុញឱ្យការអភិវឌ្ឍន៍ក្នុងក្រុងព្រះសីហនុ កាន់តែប្រសើរឡើង ពិសេសគឺបង្កើតនូវចំនួនពលរដ្ឋកានតែច្រើន។

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មី និងធំមួយផ្សេងទៀតរបស់ក្រុមហ៊ុន លន ស៊ីធី ឡូតសីសស៊ីថោន ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា លី យ៉ុងផាត់ ក៏ដូចជាមន្ត្រី និងបុគ្គលិកជាច្រើនផ្សេងទៀត។ គម្រោងធំមួយនេះ មានទីតាំងស្ថិតនៅឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលនឹងរៀបចំឡើងនៅលើផ្ទៃដីប្រមាណជា ៦៦ ហិកតា ក្នុងទំហំវិនិយោគសរុបប្រមាណជាជាង ១០០ លានដុល្លារអាមេរិកឯណោះ។

ស្ថិតក្នុងឱកាសបើកសម្ភោធគម្រោងលំនៅដ្ឋាននោះ ឯកឧត្ដម គួច ចំរើន បានលើកឡើងដូច្នេះថា ទោះបីជាប្រទេសកម្ពុជា និងពិភពលោកព្រួយបារម្ភចំពោះជម្ងឺកូវីដ-១៩ក្តី ប៉ុន្តែចំពោះការវិនិយោគលើវិស័យអចលនៈទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី លំនៅដ្ឋានក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាពជាបន្តបន្ទាប់ ស្របពេលដែលខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អាគារតូច ធំ ក្នុងក្រុងព្រះសីហនុ ក៏ដូចជាតាមតំបន់ទេសចរណ៍នានា ហើយមួយវិញទៀតខេត្តព្រះសីហនុ សំបូរទៅដោយរមណីយ៍ដ្ឋានទេសចរណ៍ដើម្បីឱ្យភ្ញៀវមកទស្សនា និងលេងកំសាន្ត។

ឯកឧត្តម តុល លន ស្ថាបនិកក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន ក្រុងព្រះសីហនុ បានឱ្យដឹងថា គម្រោងនេះនឹងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ ៦៦ ហិកតា ដែលមានការសាងសង់ជាលំនៅដ្ឋាន ផ្ទះល្វែង បុរី វីឡា សម្រាប់លក់ជូនអតិថិជន និងសាងសង់បន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតរួមមាន សាលារៀន សួនច្បារ ស្ថានីយ៍ប្រេងឥន្ទនៈ អាហារដ្ឋាន និងកន្លែងហាត់ប្រាណជាដើម។ ជាមួយគ្នានោះដែរ ក្រុមហ៊ុននឹងសាងសង់សំណង់លំនៅដ្ឋាន ផ្ទះវីឡា ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ដែលធានាគុណភាពស្តង់ដា តាមបទដ្ឋានវិស្វកម្ម និងស្ថាបត្យកម្ម ប្រកបសោភ័ណ្ឌភាព និងភាពស៊ីវិល័យសម័យថ្មី ដើម្បីផ្តល់ជូនអតិថិជន ជាទំនុកចិត្តទៅដល់អតិថិជនផងដែរ។

គម្រោងវិនិយោគលំនៅដ្ឋាន ដ៏ច្រើនសំបូរបែបនេះ គឺជាថ្នាលសំខាន់មួយក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យមកបណ្ដាក់ទុននៅក្រុងព្រះសីហនុបន្ថែម ខណៈហេដ្ឋារចនាសម្ព័ន្ធខេត្តបានធ្វើការជួសជុល និងកែលម្អរបានប្រសើរ ស្របពេលផ្លូវល្បឿនលឿនរវាងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញកំពុងមម៉ាញឹកក្នុងការសាងសង់ ត្រៀមបញ្ចប់តាមផែនការដែលបានគ្រោងទុក៕

 

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ