កាលពីចុងខែកុម្ភៈ កន្លងទៅ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានចុះអញ្ជើញត្រួតពិនិត្យលើទីតាំងត្រៀមសាងសង់ផ្សារគំរូ ជិតព្រំដែនអន្តរព្រែកចាក ស្ថិតនៅក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ដែលគម្រោងនេះនឹងបម្រើជាទីផ្សារសម្រាប់ដោះដូរទំនិញតាមព្រំដែន មានលក្ខណៈល្អប្រសើរនិងងាយស្រួល ហើយក៏នឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរមួយកម្រិតទៀត។
គម្រោងសាងសង់ផ្សារគំរូព្រំដែនព្រែកចាក នឹងត្រូវចាប់ផ្ដើមដំបូងនៅលើទំហំផ្ទៃដី ២ ហិកតា ប្រើប្រាស់ថវិការបស់រដ្ឋមានតម្លៃប្រមាណ ២ លានដុល្លារ ដោយសាងសង់ជាផ្សារកម្ពស់ ២ ជាន់ លើសពីនេះ ក៏នឹងកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាកសាងតភ្ជាប់ផ្លូវក្នុងតំបន់ព្រំដែនរវាងកម្ពុជា វៀតណាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ គម្រោងនេះ អាចនឹងបញ្ចប់នៅដើមឆ្នាំ២០២២ ឬពាក់កណ្ដាលឆ្នាំ២០២២ ខាងមុខ ហើយក្នុងផែនការគម្រោងផ្សារគំរូព្រំដែននេះ នឹងមានទំហំផ្ទៃដីទៅដល់ ៥០ ហិកតាឯណោះ ដើម្បីពង្រីកអាជីវកម្មដោះដូរទំនិញតាមច្រកព្រំដែនកាន់តែងាយស្រួល រហ័ស បង្កើនផលិតផលខេត្ត លើកកម្ពស់កម្រិតជីវភាពប្រជាជនកម្ពុជា តាមរយៈការនាំចេញទៅកាន់ប្រទេសវៀតណាម។
ឯកឧត្តម ប៉ាន សូរស័ក្ដិ បានឲ្យដឹងថា គម្រោងនៃការអភិវឌ្ឍន៍ផ្សារគំរូព្រំដែនព្រែកចាក ខេត្តកំពតនេះជាផ្សារគំរូព្រំដែនទី២ ត្រូវបានធ្វើឡើងបន្ទាប់ពីផ្សារគំរូព្រំដែន មេមត់ ស្ថិតនៅខេត្តត្បូងឃ្មុំ ដែលបានសម្ពោធប្រើប្រាស់ជាផ្លូវការកាលពីចុងឆ្នាំ២០១៩ ហើយគម្រោងផ្សារគំរូព្រំដែននេះក៏នឹងត្រូវអភិវឌ្ឍន៍នៅក្នុងខេត្តស្វាយរៀង ១ ទីតាំងទៀត ដែលជាបណ្ដាខេត្តមានព្រំប្រទល់ និងច្រកព្រំដែនអន្តរជាតិជាមួយប្រទេសវៀតណាម។