មិនថាអ្នកជាប្រភេទមនុស្សដែលបិទម៉ោងរោទិ៍នៅពេលព្រឹក ងើបឡើងពិនិត្យឬតបអ៊ីម៉ែល ក៏ដូចជារៀបចំការងារដែលនឹងត្រូវធ្វើពេញមួយថ្ងៃនោះទេ អ្នកក៏ត្រូវតែព្យាយាមធ្វើយ៉ាងណាឲ្យ ទម្លាប់ពេលព្រឹករបស់អ្នកកាន់តែប្រសើរថែមទៀត និងដោយប្រុងប្រយ័ត្ន ព្រោះវាជាពេលវេលាដ៏សំខាន់បំផុត ក្នុងការចាប់ផ្តើមនូវផែនការរៀងរាល់ថ្ងៃរបស់អ្នកឲ្យបានត្រឹមត្រូវ។
បើយោងតាមអ្នកជំនាញខាងសតិអារម្មណ៍ និងជាសហគ្រិនមួយរូបដែរនោះ លោក Brandon Dawson-Jarvis បាននិយាយថា “យើងទាំងអស់គ្នាត្រូវតែថ្លឹងថ្លែង នូវអ្វីដែលមើលទៅដូចជារឿងដែលត្រូវធ្វើមួយលានមុខ ក្នុងពេលតែមួយ ដែលធ្វើឱ្យវាមានសារៈសំខាន់ និងអាចឲ្យយើងត្រូវធ្វើឱ្យបានច្រើនបំផុត ពីផ្នែកនីមួយៗទៅតាមលំដាប់លំដោយ នៃថ្ងៃរបស់យើង ដើម្បីសន្សំសំចៃពេលវេលា និងបង្កើនលទ្ធផលបានល្អ។”
ដោយសារតែមនុស្សភាគច្រើន ជាមនុស្សដែលមានការងារចម្រុះត្រូវធ្វើច្រើន និងមានភាពស្មុគស្មាញ កាន់តែពិបាកទៅៗជាបន្តបន្ទាប់នោះ ទម្លាប់ពេលព្រឹករបស់អ្នក ក៏ត្រូវការផ្លាស់ប្តូរទៅតាមពេលវេលា ជាពិសេសបន្ទាប់ពីអ្នកចាំបាច់ត្រូវសម្រប់ខ្លួនតាមកាលៈទេសៈ ដូចជាធ្វើការពីផ្ទះ និងត្រឡប់ទៅធ្វើការនៅការិយាល័យរបស់អ្នកវិញជាដើម។
ដូច្នេះ តើអ្នកអាចដឹងយ៉ាងដូចម្តេចថា វាប្រហែលជាដល់ពេលដែលត្រូវធ្វើឱ្យទម្លាប់ពេលព្រឹករបស់អ្នកមានភាពស្រស់ស្រាយ ឬត្រូវការផ្លាស់ប្តូរ? មានសញ្ញាមួយចំនួន ដែលអ្នកអាចទទួលបានអត្ថប្រយោជន៍បន្ថែម ពីការផ្លាស់ប្តូរអ្វីៗដែលអ្នកកំពុងតែធ្វើ។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថា ទម្លាប់ពេលព្រឹកក្នុងពេលបច្ចុប្បន្នរបស់អ្នក លែងដំណើរការបានល្អ សម្រាប់អ្នកហើយ សូមពិនិត្យមើលសញ្ញានៃអារម្មណ៍គួរឱ្យកត់សម្គាល់ទាំង ៤ នេះ ដែលបញ្ជាក់ថា ទម្លាប់ពេលព្រឹករបស់អ្នក ត្រូវការការកែលម្អឡើងវិញ។
១. អ្នកមានអារម្មណ៍ថា ផលិតភាពរបស់អ្នកធ្លាក់ចុះ
លោក Dawson-Jarvis បាននិយាយថា “ទម្លាប់ពេលព្រឹកអាចជួយឱ្យអ្នកស្ថិតក្នុងស្ថានភាពល្អបំផុត ដើម្បីសម្រេចអ្វីដែលអ្នកចង់ធ្វើ។ វាក៏ជាពេលដ៏សាកសម ក្នុងការធ្វើឱ្យទម្លាប់របស់អ្នករឹងមាំ បានក្នុងរយៈពេលយូរ ហើយទម្លាប់ល្អ នឹងបង្កើតបានជាលទ្ធផលដ៏ល្អប្រសើរ។” ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាផលិតភាពរបស់អ្នកបានថយចុះនោះ ទម្លាប់ពេលព្រឹករបស់អ្នកអាចជាកត្តានៃបញ្ហា។ ប៉ុន្តែមិនចាំបាច់សម្របខ្លួននូវផែនការថ្មីៗភ្លាមនោះទេ បន្ទាប់ពីការឈប់សម្រាកត្រឹមមួយថ្ងៃនៅកន្លែងធ្វើការ មនុស្សគ្រប់គ្នាមិនអាចមានថ្ងៃល្អគ្រប់ពេលទេ នៅពេលដែលយើងនិយាយអំពីផលិតភាព។
លោក Dawson-Jarvis បាននិយាយបន្តថា “ថ្ងៃខ្លះអ្នកមានអារម្មណ៍ថាមិនអាចឈប់សម្រាកបានឡើយ ផ្ទុយពីអ្នកផ្សេងខ្លះ កំពុងតែគេងនៅលើគ្រែពីរបីម៉ោងទៀត។ ប៉ុន្តែអ្នកគួរកត់សម្គាល់ថា ដរាបណាអ្នកធ្វើការជាប់ មិនមានថ្ងៃឈប់សម្រាកច្រើន នៅថ្ងៃខាងមុខ អ្នកនឹងរឹងមាំជាងអ្នកដទៃ ហើយនឹងមិនងាយមានរឿងអ្វីកើតឡើងលើអ្នកឡើយ។ អ្វីដែលសំខាន់បំផុតដែលត្រូវចងចាំគឺភាពស្ថិតស្ថេរ។ ការរៀបចំពេលវេលាពេលព្រឹករបស់អ្នកឲ្យបានត្រឹមត្រូវស្របតាមពេលវេលា ជាមួយនឹងអារម្មណ៍ស្រស់ស្រាយ នឹងជួយរួមបញ្ចូលស្ថេរភាពក្នុងទម្លាប់របស់អ្នក ដែលជួយអ្នកឱ្យឈានដល់គោលដៅបានយ៉ាងមានប្រសិទ្ធភាព។ បើតាមការប៉ាន់ស្មានរបស់យើង បើអ្នកធ្វើបានល្អជាមួយនឹងទម្លាប់ពេលព្រឹករបស់អ្នកក្នុងរយៈពេលបីឆ្នាំ អ្នកអាចមានថ្ងៃ ដែលមិនមានផលិតភាពសោះ ត្រឹមរយៈពេលបីសប្តាហ៍ប៉ុណ្ណោះ នោះអ្នកនឹងមិនបាត់បង់ពេលវេលានិងថាមពល ដែលអ្នកបានវិនិយោគក្នុងរយៈពេលទាំងនោះទេ។"
សួរខ្លួនឯងថា តើទម្លាប់ពេលព្រឹករបស់អ្នកនាពេលបច្ចុប្បន្ន អនុញ្ញាតឱ្យអ្នកមានអារម្មណ៍ថាមានផលិតភាព និងអាចចាត់វិធានការណ៍ជាប់លាប់ឆ្ពោះទៅរកគោលដៅរបស់អ្នកឱ្យទៀងទាត់ដែរទេ? បើមិនដូច្នោះទេ វាប្រហែលជាដល់ពេលដែលត្រូវពិនិត្យ មើលទម្លាប់នោះឡើងវិញ។
២. អ្នកមានអារម្មណ៍ថាហត់នឿយ និងធុញទ្រាន់ខ្លាំង
ប្រសិនបើអ្នកកំពុងមានអារម្មណ៍ថា ហត់នឿយខ្លាំង វាអាចមកពីអ្នកកំពុងតែគិត និងព្យាយាមដោះស្រាយរឿងច្រើន ឬគ្រប់យ៉ាងដោយខ្លួនអ្នកផ្ទាល់ នៅរៀងរាល់ពេលព្រឹក។ លោក Dawson-Jarvis មានប្រសាសន៍ថា “បើនិយាយពីផ្នែកសុខភាពផ្លូវចិត្ត អ្នកត្រូវតែមានផ្នត់គំនិតក្នុងការ ថែរក្សាសុខភាពខ្លួនឯងជាមុនសិន។”
ស្តាប់មើលទៅហាក់ដូចជាអាត្មានិយម និងមិនមានជា Team Player? យ៉ាងណាអ្នកត្រូវដឹងថាអ្នកមិនអាចចាក់ទឹកចេញ ពីកែវទទេបានទេ។ ត្រូវគិតបន្ថែមថា ប្រសិនបើខ្ញុំព្យាយាមរត់ដោយខ្លួនឯងឲ្យអស់ពីសមត្ថភាព និងដោយយកចិត្តទុកដាក់ សម្រាប់តម្រូវការរបស់អ្នកដទៃ និងប្រើប្រាស់អ្វីៗដែលនៅសេសសល់ដែលខ្ញុំមាន ឬដោយប្រើសុខភាពរបស់ខ្ញុំផ្ទាល់នោះយូរៗទៅ ខ្ញុំនឹងរត់ដួល និងមិនមានសល់អ្វីច្រើន ដែលអាចបន្តដោះស្រាយខ្លួនឯងក្នុងកំឡុងពេលដែលមិនអាចរត់បានឡើយ។ មិនថាអ្នកហាត់ប្រាណពេលព្រឹក ការធ្វើកំណត់ហេតុ ឬធ្វើសមាធិទេ ទម្លាប់បច្ចុប្បន្នរបស់អ្នក គួរតែរាប់បញ្ចូលទាំងពេលវេលានិងសកម្មភាព ដែលផ្តល់ថាមពល ទៅកាន់ផ្លូវចិត្ត និងអារម្មណ៍របស់អ្នក។ ប្រសិនបើទម្លាប់ ឬទង្វើទាំងនោះ លែងធ្វើឲ្យអ្នកមានអារម្មណ៍ល្អហើយ វាប្រហែលជាដល់ពេល ដែលត្រូវធ្វើការផ្លាស់ប្តូរចេញខ្លះហើយ។
៣. អ្នកកំពុងតែមានអារម្មណ៍ថា អ្នកធ្វើអ្វីមួយដោយគ្មានគោលបំណងច្បាស់
តើពេលព្រឹករបស់អ្នកកំពុងកើតឡើង ជាមួយសកម្មភាពដដែលៗ ដោយអ្នកជាអ្នកចាប់ផ្តើម ហើយដំណើរការ ការងារគ្រប់យ៉ាង? ប្រសិនបើឃើញថាខ្លួនអ្នកជាអ្នកធ្វើគ្រប់យ៉ាង និងដដែលៗ ដោយមិនដឹងថាវិធីដែលអ្នកបានធ្វើ ពុំមានគោលដៅច្បាស់លាស់ វាអាចជាពេលវេលាសម្រាប់ការផ្លាស់ប្តូរ។ ការចាប់ផ្តើមថ្ងៃនីមួយៗ ដោយការគិត និងមានបំណងច្បាស់ គឺជាគន្លឹះសម្រាប់សុភមង្គល និងភាពជោគជ័យកាន់តែខ្លាំង នៅពេលអ្នកឆ្លងកាត់សកម្មភាពប្រចាំថ្ងៃ និងទំនួលខុសត្រូវការងារ។ តើអ្នកចង់ឱ្យថ្ងៃរបស់អ្នកទៅដោយរបៀបណា? តើអារម្មណ៍បែបណាដែលអ្នកចង់ជួបក្នុងជីវិត? ត្រូវប្រាកដថាការទម្លាប់ពេលព្រឹករបស់អ្នក អាចបង្កើតអារម្មណ៍ទាំងនោះ។
ក្នុងចំណុចនេះ លោក Dawson-Jarvis បាននិយាយថា “យើងបង្កើតអ្វីៗគ្រប់យ៉ាងនៅក្នុងគំនិតរបស់យើង មុនពេលវាមកដល់ នៅក្នុងពិភពពិត។ បង្កើតគំនិត និងគោលបំណងល្អនៅក្នុងថ្ងៃនីមួយៗ របស់អ្នកម្តងហើយម្តងទៀត។ នេះក៏នឹងបញ្ចូលទៅក្នុងអ្វីមួយ ដែលសម្របតាមពេលវេលាជាក់ស្តែងដែរ។”
៤. អ្នកមិនដែលភ្ញាក់ពីគេង ជាមួយនឹងអារម្មណ៍រំភើប
Dawson-Jarvis មានប្រសាសន៍ថា “ការមានទម្លាប់រឹងមាំ ជាអ្វីមួយដែលធ្វើឱ្យអ្នកមានអារម្មណ៍ថា មានកម្លាំងជម្រុញ និងបំផុសគំនិតល្អៗ អាចធ្វើឱ្យអ្នកដាច់ឆ្ងាយពីការដាក់កំណត់ ឬបន្តស្វែងយល់ពីខ្លួនឯងទៀត។”
មិនថាអ្នកជាប្រភេទមនុស្សដែលតែងតែងើបនៅម៉ោង ៥ ព្រឹក ឬអ្នកចូលចិត្តភាពរីករាយពេលព្រឹក ដោយមានពេលអានព័ត៌មាននោះ វាជាការសំខាន់ក្នុងការពិចារណារឿងមួយ៖ តើអ្នកមានអារម្មណ៍ថា ចង់ងើបចេញពីគ្រែ ហើយចាប់យកថ្ងៃថ្មីនេះទេ? ទម្លាប់ពេលព្រឹកដ៏អស្ចារ្យ គួរតែជួយអ្នកឱ្យមានអារម្មណ៍វិជ្ជមាន អំពីអ្វីដែលនឹងកើតឡើង ទោះបីជាអ្វីៗមិនល្អឥតខ្ចោះនៅខាងក្រៅក៏ដោយ។ ព្យាយាមពិនិត្យមើលទម្លាប់ពេលព្រឹករបស់អ្នកឡើងវិញ ដើម្បីដឹងថាតើអ្នកអាចរួមបញ្ចូលការផ្លាស់ប្តូរបន្ថែម ក្នុងការជម្រុញការវិវត្តន៍ខ្លួនរបស់អ្នកបន្តឲ្យស្របតាមកាលៈទេសៈជាក់ស្តែងបាន?