ព្រែកជីកស៊ុយអេ ស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប ដែលត្រូវបានកាត់ផ្ដាច់ដីទ្វីបអាស៊ី និងទ្វីបអាហ្វ្រិច ដោយធ្វើការតភ្ជាប់ផ្លូវសមុទ្រ ពីសមុទ្រក្រហម ចូលទៅដល់សមុទ្រមេឌីទែរ៉ានេ ដើម្បីដឹកជញ្ជូនទំនិញទៅកាន់ទ្វីបអឺរ៉ុបបានរហ័ស ពិសេសផលិតផលប្រេងពីតំបន់អារ៉ាប់ ហើយក៏សម្រាប់តភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក ចាប់ពីទ្វីបអាស៊ី ពីមហាសមុទ្រឥណ្ឌា ទៅដល់អឺរ៉ុប តាមមហាសមុទ្រមេឌីទែរ៉ានេ រហូតទៅដល់មហាសមុទ្រអាត្លង់ទិចផងដែរ។ ព្រែកជីក ស៊ុយអេ ជាផ្លូវទឹកបង្កើតឡើងដោយមនុស្ស បានប្រើកម្លាំងពលកម្មប្រមាណ ១ លាននាក់ និងចំណាយថវិកាប្រមាណ ១០០ លានដុល្លារកាលជំនាន់នោះ (ប្រហែល ១,៩០០ លានដុល្លារ បច្ចុប្បន្ន) បានបញ្ចប់ជាស្ថាបពរនៅឆ្នាំ១៨៦៩ មានប្រវែងសរុប ១៩៣ គីឡូម៉ែត្រ និងជម្រៅជាមធ្យម ២៤ ម៉ែត្រ ដែលនាវាទឹកទំនិញអាចឆ្លងពីសមុទ្រក្រហម ចូលទៅដល់សមុទ្រមេឌីទែរ៉ានេ ប្រើរយៈពេលត្រឹមតែ ១៣ ទៅ ១៥ ម៉ោងប៉ុណ្ណោះ ហើយចំណេញចម្ងាយរាប់ពាន់គីឡូម៉ែត្រ។
១. សារៈសំខាន់នៃព្រែកជីកស៊ុយអេ
ព្រែកជីកស៊ុយអេ ជាច្រកផ្លូវទឹកដ៏សំខាន់បំផុតមួយនៅលើពិភពលោក ដែលទំនិញដឹកជញ្ជូនគ្រប់ប្រភេទប្រមាណ ១២% ក្នុងមួយឆ្នាំ នៅលើពិភពលោក ត្រូវបានឆ្លងកាត់តាមព្រែកជីកមួយនេះ ដោយសារតែវាបានជួយកាត់បន្ថយពេលវេលាដឹកជញ្ជូន និងចម្ងាយធ្វើដំណើររហូតដល់ជាង ១ ម៉ឺនគីឡូម៉ែត្រដើម្បីចូលទៅទ្វីបអឺរ៉ុប ពីឈូងសមុទ្រអារ៉ាប់។ យោងតាមអាជ្ញាធរ Suez Canal Authority បានបង្ហាញថា កាលពីឆ្នាំ២០១៩ មានទំនិញប្រមាណ ១,០៣០ លានតោន បានធ្វើដំណើរឆ្លងកាត់ព្រែកជីកស៊ុយអេនេះ ភាគច្រើនមានសារៈសំខាន់បំផុតលើការដឹកជញ្ជូនទំនិញប្រេង និងថាមពលអ៊ីដ្រូកាបូន ពីប្រទេសអារ៉ាប់ប៊ីសាអូឌី ទៅកាន់អឺរ៉ុប និងអាមេរិចខាងជើង ហើយក៏ដឹកជញ្ជូនរ៉ែប្រមាណ ៥៣.៥ លានតោន និងលោហៈធាតុប្រមាណ ៣៥.៣ លានតោនផងដែរ។ ព្រែកជីក ស៊ុយអេ មានចរាចរណ៍មមារញឹកជាងព្រែកជីកប្រទេស Panama នៅមហាសមុទ្រប៉ាស៊ីហ្វិច (អាមេរិចឡាទីន) ដល់ទៅ ៤ ដងឯណោះ និងរកចំណូលបាន ៥.៦១ ពាន់លានដុល្លារ កាលពីឆ្នាំ២០២០។
២. នាវា Ever Given បានជាប់ផុងនៅព្រែកជីក ស៊ុយអេ
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នាវាដឹកទំនិញយក្សមួយនៃក្រុមហ៊ុន Ever Given មានប្រវែង ៤០០ ម៉ែត្រ និងទទឺង ៥៩ ម៉ែត្រ បានជាប់ផុងនៅព្រែកជីក ស៊ុយអេ ដោយបានបង្កឲ្យមានបញ្ហាស្ទះចរាចរណ៍នាវាដឹកទំនិញរាប់លានតោន ថែមទាំងធ្វើឲ្យនាវាដឹកទំនិញរាប់លានតោនទៀត សម្រេចធ្វើដំណើរវាងតាមទ្វីបអាហ្វ្រិចមានចម្ងាយឆ្ងាយជាងមុនដល់ ២ ម៉ឺន ៥ ពាន់គីឡូម៉ែត្រ ដោយសារស្ទះបញ្ហាចរាចរណ៍នេះ។ យ៉ាងណាមិញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នាវា Ever Given នោះត្រូវបានរំដោះចេញពីតំបន់ជាប់ផុងរួចរាល់ហើយ មានន័យថាអាចបើកចរាចរណ៍ ដល់នាវាដឹកទំនិញរាប់រយផ្សេងទៀត អាចឆ្លងកាត់ព្រែកជីកស៊ុយអេ នេះឡើងវិញជាផ្លូវការ។