សាលារៀនភាគច្រើនតែងតែមានទីធ្លាសម្រាប់បង្ករនូវលក្ខណៈងាយស្រួលក្នុងការសិក្សារបស់សិស្ស និងនិស្សិត តាមរយៈការសាងសង់ជាសួនច្បារ ការដាំដើមឈើ និងរុក្ខជាតិបៃងផ្សេងៗទៀត ដើម្បីលម្អរ និងបង្ករជាលក្ខណៈងាយស្រួល ក្នុងការបណ្ដុះគំនិត ឱ្យស្រលាញ់ធម្មជាតិជាដើម។ យ៉ាងណាមិញ សំណង់អគារសាលារៀនថ្មីមួយនេះវិញ គឺមានទំនាក់ទំនងស្អិតរមួត ជាមួយនឹងបរិស្ថានធម្មជាតិតែម្ដង ដែលកំពុងចាប់ផ្ដើមការរដ្ឋានសាងសង់។
ការសាងសង់សាលារៀន ដែលផ្សាភ្ជាប់ទៅនឹងធម្មជាតិយ៉ាងស្អិតរមួត បានបើកការរដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមការរៀបចំ និងចាត់ចែងដោយក្រុមស្ថាបត្យករមកពីក្រុមហ៊ុន Henning Larsen។ សាលារៀននេះ មានលក្ខណៈសម្បត្តិពិសេសនៅត្រង់ចំណុចកណ្ដាល ដែលហ៊ុំព័ទ្ធទៅដោយបរិស្ថានបៃតង មានខ្យល់អាកាសបរិសុទ្ធ ត្រៀមបើកទទួលស្វាគមន៍សិស្សក្នុងជំហានដំបូងចំនួន ៥៨០ នាក់ នាឆ្នាំ ២០២២ ខាងមុខ ដែលមានអាសយដ្ឋានស្ថិតនៅតំបន់ Sundy, Copenhagen នៃប្រទេសដាណឺម៉ាក។
តាមការបញ្ជាក់របស់ក្រុមហ៊ុនសាងសង់ បានឱ្យដឹងថា គោលដៅចំបងនៃការសាងសង់សាលារៀននេះឡើង គឺផ្ដោតសំខាន់បំផុតទៅលើបរិស្ថានធម្មជាតិ ដោយផ្សាភ្ជាប់ថ្នាក់រៀនជាមួយនឹងបរិស្ថាន។ ក្នុងនោះ ការសាងសង់ថ្នាក់រៀន ដែលនៅខាងលើក្រាលដោយស្រទាប់ដី និងមានរុក្ខជាតិបៃតង គឺមានភាពលេចធ្លោ និងអស្ចារ្យ ដោយអនុញ្ញាតឱ្យសិស្សានុស្សិស ដើនៅផ្នែកខាងលើ ដើម្បីស្រូបខ្យល់អាកាស ជួបជុំ ពិភាក្សាលើកិច្ចការសាលា ជាដើម ថែមទាំងកាត់បន្ថយកម្ដៅបានមួយផ្នែកផងដែរ។
នៅផ្នែកខាងក្នុងវិញ សាលារៀននេះនឹងប្រើប្រាស់សម្ភារ ដែលជួយទៅដល់បរិស្ថាន តាមរយៈការប្រើប្រាស់បន្ទះឈើ ជាមួយនឹងរចនាបទឡើងជាថ្នាក់ៗ មានរាងទ្រវែង ក្រាលដោយប៊េតុងរឹងម៉ាំ និងបិទដោយកញ្ចក់។ ទោះបីជាយ៉ាងណាក៏ដោយ គម្រោងទាំងមូល នៅមិនទាន់បង្ហាញព័ត៌មានលម្អិតអំពីទំហំផ្ទៃដី ទំហំផ្ទៃក្រឡារបស់សំណង់អគារ និងលក្ខណៈសម្បត្តិផ្សេងៗទៀតនៅឡើយទេ តែនេះគឺជាការចាប់ផ្ដើម ជាលើកដំបូង ដោយសាលារៀនផ្សេងៗទៀត នឹងយកលំនាំតាម ដើម្បីប្រយោជន៍រួមនៃធម្មជាតិ។
ស្ថិតក្នុងគម្រោង និងផែនការដែលបានកំណត់ សាលារៀនមួយនេះ នឹងអាចបិទការដ្ឋានសាងសង់ជាផ្លូវការនាដើមឆ្នាំ ២០២២ ខាងមុខ និងបើកទទួលសិស្សនាចុងឆ្នាំ គិតចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៩។ សាលារៀនមួយនេះ នឹងក្លាយជាលសាលារៀនក្នុងសហគមន៍ដំបូងគេបង្អស់របស់ប្រទេសដាណឺម៉ាក់ ដែលផ្ដោតសំខាន់ទៅលើបរិស្ថានធម្មជាតិជាសំខាន់៕