អាមេរិក ត្រៀមដាក់ចេញវិធានការថ្មី ដោយអនុញ្ញាតឱ្យចេញចូល លុះត្រាបានចាក់វ៉ាក់សាំងត្រឹមត្រូវ

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បាននឹងកំពុងរៀបចំផែនការ និងជាជំហានទីមួយ ក្នុងការឆ្លើយតបទៅនឹងការធ្វើដំនើរទៅកាន់សហរដ្ឋអាមេរិកទាំងអស់ ឱ្យមានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយការឆ្លងជាអន្តរជាតិ នូវរាល់ការទៅដល់នៃអ្នកធ្វើដំណើរ តាមរយៈការតម្រូវឱ្យទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវ និងគ្រប់ចំនួន។

នាពេលខាងមុខដ៏ខ្លីនេះ អាមេរិក នឹងដាក់ចេញតម្រូវការចាំបាច់ សម្រាប់អ្នកធ្វើដំណើរទាំងអស់ ដែលមានបំណងហោះ ឬចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក ឱ្យមានការចាក់វ៉ាក់សាំងត្រឹមត្រូវ ទើបអនុញ្ញាតឱ្យចូលដោយស្របច្បាប់។ តម្រូវការចាំបាច់នេះ គឺជាវិធានការឆ្លើយតបទៅនឹង ការកាត់បន្ថយភាពតានតឹង ក៏ដូចជាសម្រួលទៅដល់ការធ្វើដំណើរឱ្យមានភាពងាយស្រួល ដោយពុំចាំបាច់ធ្វើចត្តាឡីស័ក ដែលខាតពេលវេលានោះទេ។

ប្រភពព័ត៌មានអន្តរជាតិ បន្តឱ្យដឹងទៀតថា មុននឹងឈានដល់ការបើកឱ្យមានការធ្វើដំណើរជាធម្មតាវិញ វិធានការនេះនឹងត្រូវដាក់ចេញ សម្រាប់អនុវត្តទៅកាន់អ្នកធ្វើដំណើរជាជនជាតិបរទេសទាំងអស់ មានន័យថា មានតែអ្នកដែលទទួលបានការចាក់វ៉ាក់សាំងប៉ុណ្ណោះ ទើបអនុញ្ញាតឱ្យដូចដីអាមេរិក។ មិនតែប៉ុណ្ណោះ ការបង្ហាញខ្លួននៅចំពោះមុខមន្ត្រីជំនាញ នឹងត្រូវធ្វើឡើង ដោយបង្ហាញថាខ្លួនអវិជ្ជមាននៃជំងឺកូវីដ ១៩ តាមរយៈការធ្វើតេស្ដលើកចុងក្រោយ ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយ។ យ៉ាងណាក៏ដោយ ភាពចាំបាច់ ដែលតម្រូវឱ្យមានការចាក់វ៉ាក់សាំងនេះកំពុងស្ថិតក្នុងសេចក្ដីព្រៀង ហើយក៏មិនទាន់ឈានដល់ការសម្រេច និងកំណត់ថ្ងៃដាក់ឱ្យអនុវត្តនៅទូទាំងប្រទេសនោះដែរ។

គួរបញ្ជាក់ថា ដោយសារតែលទ្ធផលនៃការចាក់វ៉ាក់សាំងនៅអាមេរិក កំពុងដំណើរការទៅមុខ ហើយឈានដល់អត្រា ៧០% នៃចំនួនពលរដ្ឋពេញវ័យនោះ រដ្ឋាភិបាលរបស់លោក Joe Biden ក៏ត្រូវត្រៀម ក្នុងការសម្រួលទៅដល់ការធ្វើដំនើរ និងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ដើម្បីសម្រួលទៅដល់ការធ្វើដំណើរជាអន្តរជាតិឡើងវិញផងដែរ។ ហេតុដូច្នេះហើយ ទើបបានជាសេចក្ដីព្រៀងនៃវិធានការថ្មីនេះ កំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាបាននូវគុណប្រយោជន៍ ជុំវិញការធ្វើដំនើរចេញចូលអាមេរិក ឱ្យស្ថិតក្នុងកម្រិតហានិភ័យមួយទាប ព្រោះថាវីរុសកូវីដ១៩ នៅមិនទាន់ទៅណាឆ្ងាយនោះទេ ថែមទាំងមានវីរុសបម្លែងខ្លួនថ្មីៗថែមទៀត៕