គម្រោងសាងសង់អគារខ្ពស់ និងថ្មីស្រឡាងមួយ ដែលបង្កប់មកជាមួយនឹងបច្ចេកវិទ្យាសម័យថ្មី នៃស្នាដៃស្ថាបត្យកម្មទំនើប លាយឡំជាមួយនឹងធម្មជាតិបៃតង ត្រូវបានបង្ហាញទៅកាន់ពិភពលោក កាលពីពេលថ្មីៗកន្លងទៅនេះ អំពីភាពអស្ចារ្យ ទាក់ទាញ និងគួរឱ្យកោតសសើរនៃ អគារ Jian Mu Tower មានទីតាំងស្ថិតនៅទីក្រុងស៊ិនជិន (Shenzhen) ប្រទេសចិន។
Jian Mu Tower នឹងក្លាយជាអគារខ្ពស់ដំបូងគេបង្អស់នៅក្នុងទីក្រុង ស៊ិនជិន ដែលផ្សាភ្ជាប់ជាមួយនឹងធម្មជាតិបៃតបនៅគ្រប់ជាន់នៃអគារ ជាការឆ្លើយតប និងបង្ហាញទៅកាន់ពិភពលោកទាំងមូល ហេតបម្រែបម្រួលស្នាដៃស្ថាបត្យកម្ម ទៅនឹងបម្រែបម្រួលអាកាសធាតុផែនដី ក៏ដូចជាជម្រុញឱ្យមាននូវបរិយាកាសស្រស់ស្រាយនៅតាមជាន់នីមួយៗនោះផងដែរ។ អគារ Jian Mu មួយនេះ មាន ៥១ ជាន់ ស្ថិតក្នុងរយៈកម្ពស់ ២១៨ ម៉ែត្រឡើងទៅលើ ត្រូវបានគូប្លង់ និងឌីហ្សាញឡើងក្រោមស្នាដៃស្ថាបត្យករ CRA-Carlo Ratti Associati។
លក្ខណៈសម្បត្តិនៃគំរូប្លង់របស់អគារមួយនេះ គឺការរួមបញ្ចូលគ្នារវាងសំណង់ ទៅនឹងរុក្ខជាតិបៃតង នៅតាមចំការតូចៗនៃជាន់នីមួយៗនោះ ដែលមិនត្រឹមតែផ្ដល់នូវភាពស្រស់ស្រាយជាមួយនឹងដំណាំផ្លែឈើប៉ុណ្ណោះទេ តែក៏អនុញ្ញាតឱ្យមានការទទួលទានបន្លែ ផ្លែឈើស្រស់ៗទាំងនោះផងដែរ។ តាមការបញ្ជាក់របស់ក្រុមស្ថាបត្យករ បានឱ្យដឹងថា ចំការសរុបនៅក្នុងអគារនេះទាំងមូល អាចផ្គត់ផ្គង់បន្លែទៅកាន់មនុស្សបានយ៉ាងហោចណាស់ ៤០,០០០ នាក់ក្នុងមួយឆ្នាំៗ ដោយទិន្នផលសរុបពេញ ១ឆ្នាំ គិតជាទម្ងន់បានប្រមាណ ២៧០,០០០ គីឡូក្រាម។
Jian Mu Tower មានទីតាំងស្ថិតនៅកណ្ដាលទីក្រុងស៊ិនជិន តែម្ដង ដើរតួនាទីយ៉ាងសំខាន់ ជាអគារពាណិជ្ជកម្ម ដែលប្រមូលផ្ដុំមនុស្ស ចរន្តហិរញ្ញវត្ថុ បង្កើតជាបណ្ដុំអាជីវកម្មជាច្រើន នៅក្នុងអគារតែមួយ ក្រោមការរៀបចំ និងគ្រប់គ្រងឡើងដោយ Wumart ជាក្រុមហ៊ុនផ្សារទំនើបធំមួយរបស់ចិន។ ក្រៅពីបង្កើតជាទីផ្សារទំនើបនៅជាន់ក្រោម ដែលមានភោជនីយដ្ឋានច្រើនសំបូរបែប សេវាកម្មធនាគារ តទីតាំងលក់ផលិតផល អគារនេះ ក៏ជាទីកន្លែងសម្រាប់ជួលសម្រាប់ប្រើប្រាស់ជាការិយាល័យការងារ នៅជាន់ខាងលើផងដែរ។
ក្រុមស្ថាបត្យករដែលកាន់កាប់គម្រោងនេះបានបញ្ជាក់ថា ស្នាដៃសំណង់ ផ្សារភ្ជាប់ជាមួយធម្មជាតិប្រភេទនេះ បានកំពុងចាប់ផ្ដើមកើនឡើង និងមានចំនួនកាន់តែច្រើនឡើងៗហើយ នៅតាមទីក្រុង និងបណ្ដាប្រទេសជាច្រើនទូទាំងសកលលោក ដូចជា សហរដ្ឋអាមេរិក បារាំង សឹង្ហបុរី ដែលជាការវិវឌ្ឍខ្លួនថ្មី និងក៏ជាផ្នែកមួយនៃការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុផងដែរ។ គួរបញ្ជាក់បន្ថែមថា ស្នាដៃអគារថ្មីនេះ យកឈ្មោះអគារចេញពីដើមឈើដ៏អស្ចារ្យមួយ នៃរឿងទេវកថាបុរាណចិន ដែលតភ្ជាប់ស្ថានកណ្ដាល ទៅកាន់ស្ថានសួគ៌ ក៏ប៉ុន្តែគម្រោងសាងសង់ជាផ្លូវការ និងការបើកដំណើរការពុំទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយ៕