ការបម្រើសេវាកម្មតាក់ស៊ីពិតជាត្រូវបានបំផ្លិចបំផ្លាញខ្លាំងនៅប្រទេសថៃ ដោយសារតែកូវីដនេះឯង ធ្វើឲ្យគ្មានភ្ញៀវទេសចរណ៍ គ្មានអ្នកធ្វើដំណើរ ដូច្នេះអ្នកបើកតាក់ស៊ីភាគច្រើន បានត្រលប់ទៅ ស្រុកកំណើតរបស់ខ្លួនវិញ ដោយសារចំណាយច្រើនជាងចំណូលនៅក្នុងទីក្រុងធំ។ រថយន្តតាក់ស៊ី ត្រូវបានចតចោលច្រើនខែ ទើបក្រុមហ៊ុនតាក់ស៊ីធំមួយ សម្រេចប្រើប្រាស់រថយន្តទាំងនោះ បង្កើតជាសួនបន្លែតែម្តងទៅ។
តាមការបកស្រាយរបស់ក្រុមតាក់ស៊ី Ratchaphruek បានឲ្យដឹងថា នេះជាជម្រើសចុងក្រោយហើយ ពួកគេត្រូវដាំបន្លែនៅលើដំបូលរថយន្ត ដោយសារតែពួកគេនៅជាប់បំណល់ ប្រហែល 21,000 ដុល្លារសហរដ្ឋអាមេរិក ដូច្នេះរថយន្តទាំងនេះ ចតចោលដដែល ទើបយើងប្រើប្រាស់វិធីនេះតែម្តងទៅ។ លោក Thapakorn Assawalertkun ជាអ្នកគ្រប់គ្រង និងជួយដាំដុះបន្លែ ដល់ក្រុមហ៊ុនតាក់ស៊ីមួយនេះ ហើយការដាំដុះមិនប៉ះពាល់ដល់រថយន្តទេ ដោយពួកគេប្រើប្រាស់តង់កៅស៊ូពណ៌ខ្មៅ ទប់ដី និងទឹក។ តាំងពីឆ្នាំ 2020 មក ក្រុមហ៊ុនបម្រើសេវាកម្មតាក់ស៊ីទាំងអស់នៅក្នុងប្រទេសថៃ រងសម្ពាធ បាត់បង់អតិថិជនច្រើនមែនទែន ដូច្នេះក្រុមហ៊ុនត្រូវចំណាយលើប្រាក់ខែបុគ្គលិក និងថ្លៃផ្សេងៗ ទើបត្រូវរកមុខរបរបន្ថែមបែបនេះ។ ភាគច្រើនរថយន្តតាក់ស៊ីទាំងនោះ ជាម៉ូឌែល Toyota Camry ពួកគេបានដាំបន្លែ ដូចជា ផ្លែម្ទេស, ផ្លែត្រប់, ផ្លែត្រសក់ និងចិញ្ចឹមកង្កែបទៀតផង ដោយប្រើប្រាស់សំបកកង់ឡានធ្វើជាកន្លែងចិញ្ចឹម និងចរន្តទឹកត្រឹមត្រូវ ដើម្បីឲ្យកង្កែបទាំងនោះមានការលូតលាស់បានល្អប្រសើរ។
ពួកគេរំពឹងដាក់លក់បន្លែទាំងនោះ នៅផ្សារក្នុងតំបន់ និងផ្គត់ផ្គង់បុគ្គលិកផងដែរ។ ការបម្រើសេវាកម្មតាក់ស៊ី នឹងត្រលប់មកសភាពដើមវិញ បន្ទាប់មានការកើនឡើងនៃភ្ញៀវទេសចរណ៍ ព្រោះការដាំបន្លែនេះ គ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ។ មិត្តអ្នកអាន ទៅដល់ប្រទេសថៃ កាលពីមុន ប្រាកដជាបានឃើញរថយន្តតាក់ស៊ីពណ៌នេះ ដែលយើងឃើញសឹងតែគ្រប់កន្លែង តែឥលូវចតចោលច្រើនណាស់ ពិតជាគួរឲ្យសាកស្តាយ។