ស៊ីដនី៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានប្រកាសថា នឹងបន្តលក់ ក៏ដូចជាផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោក នូវរាល់តម្រូវការទិញធ្យូងថ្មពីប្រទេសរបស់ខ្លួន ដែលការបន្តលក់នេះ កំពុងធ្វើឱ្យអន្តរជាតិជាច្រើនមិនពេញចិត្ត ស្របពេលពិភពលោកបានកំពុងខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាស ដោយសារតែការដុតធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនី។
រដ្ឋាភិបាលអូស្ត្រាលី កាលពីថ្ងៃច័ន្ទកន្លងទៅនេះ បានប្រកាសថានឹងបន្តលក់ធ្យូងថ្ម ទៅកាន់ទីផ្សារអន្តរជាតិ រាល់ពេលមានតម្រូវការ ដែលការបន្តលក់នេះនឹងធ្វើឡើងសម្រាប់រយៈពេល ១០ ឆ្នាំទៅមុខទៀត បើទោះបីជាដឹងថា ការលក់នោះ នឹងបង្កើតទៅជាការបំភាយឧស្ម័នពុលកម្រិតណា និងប៉ះពាល់ទៅដល់អនាគត នៃអាកាសធាតុរបស់ផែនដីក៏ដោយ។ ការបន្តលក់នេះ នឹងមិនធ្វើឱ្យអូស្ត្រាលីខាតបង់នោះទេ តែនឹងបន្តបង្កើតទីផ្សារការងារជូនប្រជាពលរដ្ឋ ពិសេសគឺបង្កើតប្រាក់ចំណូលជូនរដ្ឋ ខណៈធនធានធ្យូងថ្មរបស់អូស្ត្រាលីមានច្រើនសន្ធឹកសន្ធាប់។
សេចក្ដីប្រកាសរបស់អូស្ត្រាលី នាដើមសប្ដាហ៍នេះ គឺផ្ទុយស្រលះពីប្រទេសជាង ៤០ ដែលបានចូលរួមកិច្ចប្រជុំកំពូល COP26 នៅប្រទេសស្កុតឡែន ដោយបានធ្វើការប្ដេជ្ញាចិត្តថា នឹងចាប់ផ្ដើមធ្វើការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម (Fossil Fuel) ដើម្បីផលិតថាមពលអគ្គិសនី ចំណែកឯអូស្ត្រាលីនៅតែជម្រុញការលក់ ដោយគ្មានការកាត់បន្ថយទៅវិញ។ ការសម្រេចបន្តលក់នេះ ក៏ដោយហេតុថា ប្រទេសធំៗមួយចំនួនពុំបានឯកភាពជុំវិញការកាត់បន្ថយធ្យូងថ្មនោះទេ ដោយក្នុងនោះរួមមានអូស្ត្រាលីខ្លួនឯង ចិន និងសហរដ្ឋអាមេរិកផងដែរ ដែលសុទ្ធសឹងជាប្រទេសធំៗ និងមានតម្រូវការថាមពលច្រើន។
តាមការបញ្ជាក់របស់ លោក Keith Pitt រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិអូស្ត្រាលី បានបញ្ជាក់ដូច្នេះថា អូស្ត្រាលីមានភាពច្បាស់លាស់ ដោយនឹងបិទឧស្សាហកម្មធ្យូងថ្ម ក៏ដូចជាបិទរោងចក្រ និងស្ថានីយ៍ធ្យូងថ្មនោះដែរ។ អូស្ត្រាលី នឹងបន្តលក់ និងផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ១០ ឆ្នាំទៅមុខទៀត ព្រោះថាតម្រូវការធ្យូងថ្មជាសកល នឹងបន្តមានតម្រូវការជាបន្តបន្ទាប់ទៀត រហូតដល់ឆ្នាំ ២០៣០ ហើយបើអូស្ត្រាលីបិទ ឬកាត់បន្ថយការលក់ ប្រទេសផ្សេងនឹងបន្ត ហើយបង្កើនការលក់រប់ខ្លួនឱ្យកាន់តែច្រើនថែមមួយកម្រិតទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសដែលនាំចេញធ្យូងថ្មទៅលក់នៅក្រៅប្រទេស ក្នុងចំនួនច្រើនលើសលុបមានមិនច្រើនប៉ុន្មាននោះទេ ដោយប្រទេសឈរនៅលើតារាងកំពូលលេខ១ គឺអូស្ត្រាលី លេខ២ គឺឥណ្ឌូនេស៊ី រុហ្ស៊ី និងសហរដ្ឋអាមេរិក ដោយកាលពីឆ្នាំ ២០២០ កន្លងទៅ អូស្ត្រាលីកើបទឹកប្រាក់បានរហូតដល់ទៅជាង USD ៣២ ពាន់លានដុល្លារអាមេរិក ចេញពីការលក់ធ្យូងថ្មទៅកាន់អន្តរជាតិ។ ការបន្តលក់នេះ នឹងធ្វើឱ្យអូស្ត្រាលីបន្តរកប្រាក់ចំណូលជូនជាតិ ដើម្បីយកទៅអភិវឌ្ឍន៍លើគ្រប់វិស័យបន្ថែមទៀត តែក៏កំពុងត្រូវបានរងសម្ពាធពីបណ្ដាប្រទេសជាច្រើនផងដែរ៕