ការចុះឈ្មោះចូលរួមប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិនៅខេត្តសៀមរាប បានចាប់ផ្តើមហើយ

សហព័ន្ធខ្មែរកីឡាទោចក្រយាន បានប្រកាសជូនដំណឹងបើកការទទួលចុះឈ្មោះចូលរួមប្រកួតរបស់ កីឡាករ កីឡាការិនី ស្ដីពីការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ (ពន្យារពេល) ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន បញ្ជាក់ថា ការទទួលពាក្យចូលរួមប្រកួត នឹងបន្តធ្វើ ជារៀងរាល់ថ្ងៃរហូតដល់បិទបញ្ចប់ការចុះឈ្មោះនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ដូច្នេះសហព័ន្ធខ្មែរកីឡា ទោចក្រយានបានជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្លឹប-សមាគម ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត មេត្តាជ្រាបថា ក្រោមគម្រោងជំនួយឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយសាលាខេត្តសៀមរាប នឹងរៀបចំការប្រកួត កីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

អគ្គលេខាធិការរូបនេះបានបញ្ជាក់ពីវិញ្ញាសាដែលត្រូវដាក់ឱ្យប្រកួតរួមមាន៖ ១-ប្រភេទកង់គួក (Road Bike) ១. កង់គួកបុរសថ្នាល (Man Junior Road Bike), ២-កង់គួកបុរសឈុតធំ (Man Elite Road Bike) និង៣- កង់គួកបុរស (Man Master Road Bike)។ ប្រភេទកង់ភ្នំ (Mountain Bike) ១.កង់ភ្នំបុរសថ្នាល (Man Junior Mountain Bike), ២.កង់ភ្នំបុរសឈុតធំ (Man Elite Mountain Bike), ៣.កង់ភ្នំនារី (Women Mountain Bike) និងទី៤. កង់ភ្នំបុរស (Man Master Mountain Bike)។ លោក នូ ចំរើន បានសង្កត់ធ្ងន់ថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺយើងបើកទូលាយ សម្រាប់កីឡាករ កីឡាការិនី ទាំងប្រភេទកង់គួក និងកង់ភ្នំ ដែលពីរប្រភេទនេះ គឺជាការប្រកួតជំនាញ កម្រិតខ្ពស់ ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិផង និងផ្តល់ឱកាសជូនដល់ កីឡាករ កីឡាការិនីមកពីបណ្តាក្លឹប-សមាគមទូទាំងប្រទេសបានបញ្ចេញសមត្ថភាពផង។ 

«នេះជាផែន ការគោលដៅរបស់សហព័ន្ធ ក្នុងគោលដៅសម្រិតសម្រាំងកីឡាករ កីឡាការិនី ដែលមាន សិទ្ធផលខ្ពស់ៗ ដើម្បីត្រៀមហ្វឹកហាត់បន្ថែម ត្រៀមគោលដៅស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២២ នៅ ប្រទេសវៀតណាម ក៏ដូចជាគោលដៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ ផ្នែកដ៏សំខាន់ មួយទៀត គឺជាការដកស្រង់បទពិសោធន៍ លើការរៀបចំបច្ចេកទេសរបស់មន្ត្រីរៀបចំការប្រកួត ដោយសារ ទីតាំងប្រកួត នៅក្នុងខេត្តសៀមរាបនោះ គឺជាទីតាំងប្រកួតលើផ្នែកកង់គួក និងកង់ភ្នំ សម្រាប់ការទទួល ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាផងដែរ»។ សូមបញ្ជាក់ថា ការទទួលពាក្យចូលរួមប្រកួត ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការសហព័ន្ធ ស្ថិតនៅក្នុងអគារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឬកីឡាករ-កីឡាការិនីរបស់សមាគម-ក្លឹប តាមបណ្តារាជធានី-ខេត្ត អាចចុះឈ្មោះចូលរួមការប្រកួតបាន តាមរយៈវេបសាយ http://www.cambodiacyclingfederation.org/ ។ 

ការចែកស្លាកលេខសម្គាល់ខ្លួនកីឡាករ និងប្រជុំបច្ចេកទេសណែនាំជាមួយតំណាងក្លឹប-សមាគម ដែលចូលរួមនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០រសៀល នៅសួនបឹងហ្គាឡូ មុខព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប។ គ្រប់សមាសភាពដែលចូលរួមត្រូវភ្ជាប់មកជា មួយនូវប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ដូសមូលដ្ឋាន)។