ស្វែងយល់! តើលក្ខខន្ដិកៈអ្វីខ្លះ ដែលអង្គការ UNESCO សម្រេចដាក់តំបន់មួយជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក?

តំបន់សម្បត្តិបេតិកភ័ណ្ឌពិភពលោក គឺជារឿងគួរឲ្យស្ញប់ស្ញែងខ្លាំងណាស់សម្រាប់ប្រទេសនីមួយៗ ដែលធ្វើឲ្យពិភពលោកទាំងមូល ចង់ដឹងចង់ឃើញអំពីប្រទេសរបស់យើង ហើយកាន់តែចង់ស្វែងយល់បន្ថែមទៀតអំពីលក្ខណៈពិសេសៗក្នុងតំបន់នោះ ដែលគេអាចចាត់ទុកជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកបាន។

ប្រសិនបើយើងក្រលេកមកមើលព្រះរាជាណាចក្រកម្ពុជាយើងវិញ យើងមានតំបន់សម្បត្តិបេតិកភ័ណ្ឌពិភពលោកចំនួន ៣ កន្លែង ដែលអង្គការ UNESCO បានដាក់ចូល នោះគឺមាន តំបន់ប្រាសាទអង្គរវត្ត, ប្រាសាទព្រះវិហារ និងបា្រសាទសំបូរព្រៃគុហ៍ ដែលសុទ្ធសឹងតែស្ដែងចេញនូវមោទនភាពជាតិ បង្ហាញនូវសាវតាអរិយធម៌ដ៏រុងរឿងរបស់ដូនតា បន្សល់ទុកដល់បច្ចុប្បន្ននេះ និងបានបណ្ដុះស្មារតីជនជាតិខ្មែរទាំងអស់ ឲ្យបានដឹងច្បាស់ថា ខ្មែរសម័យបុរាណជាជនជាតិមួយដែលខ្លាំង អាចសាងសង់នូវប្រាសាទបុរាណរាប់រយប្រាសាទចេញពីថ្ម និងអាចឈរជាប់បានមកដល់សព្វថ្ងៃ ហើយក៏មានអរិយធម៌រុងរឿងជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍នេះផងដែរ។ តំបន់សម្បត្តិបេតិកភ័ណ្ឌពិភលោកទាំងអស់នេះហើយ ទើបធ្វើឲ្យជនជាតិបរទេស កាន់តែចង់ស្វែងយល់ពីព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត និងស្រាវជ្រាវអំពីស្នាដៃដ៏អស្ចារ្យនៃសំណង់បុរាណខ្មែរ ដែលសុទ្ធសឹងមានអាយុកាលខ្ទង់ ១ ពាន់ឆ្នាំទាំងនោះ។

ជាដំបូង យើងនឹងមកស្វែងយល់ខ្លះៗ អំពីតំបន់សម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងជាមុនសិន។

១. ប្រាសាទអង្គរវត្ត

ជាទូទៅ ជនជាតិបរទេសស្ទើរគ្រប់រូប ដែលបានមកកាន់ប្រទេសកម្ពុជា ពួកគេសុទ្ធសឹងតែបានស្គាល់នូវប្រាសាទអង្គវត្តមុនគេបង្អស់។ ជាការពិត ប្រាសាទអង្គរវត្តគឺជាដួងព្រលឹងជាតិខ្មែរ ដែលបានផ្តិតជាប់នៅលើទង់ជាតិខ្មែរស្ទើរគ្រប់សម័យកាល (មានពណ៌ស ឬមាស តំណាងភាពល្អបរិសុទ្ធ និងមានតម្លៃមិនអាចកាត់ថ្លៃបាន) ហើយក៏បានដាក់បញ្ចូលជាតំបន់សម្បត្តិបេតិកភ័ណ្ឌពិភពលោកមុនដំបូងគេដែរ នៅក្នុងឆ្នាំ ១៩៩២។

ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ដំបូងនៅដើមសតវត្សទី ១២ (ចន្លោះឆ្នាំ ១១១៣ ទៅឆ្នាំ ១១៥០ ដែលគេមិនអាចកំណត់ពេលវេលាជាក់លាក់ឡើយ) ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ២។ ក្នុងការសាងសង់ប្រាសាទអង្គរវត្តនេះ គឺដើម្បីឧទ្ទិសបូជាថ្វាយទៅដល់ព្រះវិស្ណុនៃសាសនាហិណ្ឌូ ប៉ុន្តែក្រោយមកទើបវាបានកែប្រែស្ថាបត្យកម្មទៅជាប្រាសាទបែបព្រះពុទ្ធសាសនាវិញ ដោយបញ្ចប់នៅក្នុងឆ្នាំ ១២៩៥ ក្រោមការដឹកនាំព្រះបាទជ័យវរ្ម័នទី ៧។

ប្រាសាទអង្គវត្ត គឺជាប្រាសាទដែលគេសម្រាប់បូជាឧទ្ទិសថ្វាយបែបសាសនាធំជាងគេបំផុត នៅលើពិភពលោកមកដល់បច្ចុប្បន្ននេះ ដោយតំបន់នោះមានទំហំផ្ទៃដីសរុប ១៦២.៦ ហិចតា និងត្រូវបានអភិរក្សជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងមានភ្ញៀវអន្តរជាតិមកទស្សនាខ្ទង់ ២ លាននាក់ក្នុងមួយឆ្នាំ។

២. ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារគឺជាប្រាសាទសាសនាហិណ្ឌូ ឧទ្ទិសជូនព្រះសិវៈ ស្ថិតនៅតំបន់ភ្នំខ្ពស់ ដោយប្រាសាទនេះមានទីតាំងនៅលើកំពូលជួរភ្នំដងរែក កម្ពស់ ៥២៥ ម៉ែត្រ (វាស់ពីកម្ពស់ទឹកសមុទ្រ) និងមានទំហំផ្ទៃក្រលាដី ៨០០ ម៉ែត្រ x ៤០០ ម៉ែត្រ ដែលចាប់ផ្ដើមសាងសង់នៅក្នុងសតវត្សទី ៩ (ចន្លោះឆ្នាំ ៨០២ ទៅ ៨៥០) ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ២ តាមស្ថាបត្យកម្មប្រាសាទបន្ទាយស្រី។ ប្រាសាទព្រះវិហារ ត្រូវបានអង្គការ UNESCO សម្រេចដាក់ចូលជាបេតិកភ័ណ្ឌពិភលោកជាផ្លូវការនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៨។

៣. ប្រាសាទសំបូរព្រៃគុហ៍

ស្ថិតនៅក្នុងខេត្តកំពង់ធំ តាមបណ្ដោយស្ទឹងសែន តំបន់ប្រាសាទសំបូរព្រៃគុហ៍ ត្រូវបានក្លាយទៅជារម្មណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់មួយ។ ប្រាសាទសំបូរព្រៃគុហ៍ ជាប្រាសាទចំណាស់ជាងអង្គរវត្ត និងព្រះវិហារទៅទៀត ប្រាសាទនេះត្រូវបានសាងសង់ដំបូងនៅចន្លោះទសវត្សទី ៦ ដល់ទី ៨ ដោយទីនោះគឺជារាជធានីចាស់ ឦសានបុរៈ ជាភាសាបាលីឬសំស្រ្តឹត ដែលមានន័យថា ទីក្រុងរបស់ព្រះសិវៈ ឬព្រះឥសូរ ព្រោះស្ថាបត្យកម្មនេះ គឺឧទ្ទិសដល់ព្រាហ្មញ្ញសាសនា។ រម្មណីយដ្ឋានសំបូរព្រៃគុហ៍ ចែកចេញជា ៤ ក្រុមធំៗគឺ៖ ក្រុមប្រាសាទខាងជើង ក្រុមប្រាសាទកណ្តាល ក្រុមប្រាសាទខាងត្បូង ក្រុមប្រាសាទក្រោលរមាស។ ហើយតំបន់ប្រាសាទសំបូរព្រៃគុហ៍ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ០៨ កក្កដា ២០១៧ (មួយថ្ងៃ បន្ទាប់ការប្រារព្ធខួប ៩ ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក)។

បន្ទាប់ពីបានដឹងព័ត៌មានសំខាន់ខ្លះៗ អំពីតំបន់សម្បត្តិបេតិកភ័ណ្ឌពិភពលោកទាំង ៣ នេះហើយ មិត្តអ្នកអានប្រហែលជាចង់ដឹងខ្លាំងណាស់ថា តើលក្ខខន្ដិកៈអ្វីខ្លះ ទើបធ្វើឲ្យអង្គការ UNESCO សម្រេចដាក់តំបន់មួយជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកបាន? ដូចអ្វីដែលគេហទំព័រ Cambodia Property Report បានសរសេរនៅលើចំណងជើងអត្ថបទអញ្ចឹងដែរ។ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអនាគតនៃតំបន់ប្រាសាទ និងសំណង់បុរាណ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដទៃទៀត ថាតើនៅពេលខាងមុខ ប្រាសាទបុរាណយើង និងតំបន់ប្រវត្តិសាស្ត្រនានា អាចដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទៀតឬក៏អត់?

តម្រូវការនៃការវាយតម្លៃ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO គឺមានចំនួន ១០ ចំណុចធំៗ ហើយតំបន់សម្បត្តិបេតិកភ័ណ្ឌទាំងអស់ ត្រូវតែចូលចំណុចយ៉ាងតិច ១ ក្នុងចំណោមលក្ខខន្ដិកៈរង្វាយតម្លៃទាំងអស់នោះ។

·       តំបន់នោះ តំណាងឲ្យអច្ឆរិយៈវត្ថុ ដែលបង្កើតឡើងដោយមនុស្ស

·       តំបន់នោះ បង្ហាញចេញនូវការផ្លាស់ប្ដូរ យ៉ាងខ្លាំងនៃការឲ្យតម្លៃរបស់មនុស្ស (ឧទាហរណ៍ តំបន់ប្រាសាទសាសនា បែរជាត្រូវគេយកមកធ្វើជាអ្វីផ្សេងខុសពីមុនស្រលះ)

·       តំបន់នោះ បង្ហាញអំពីភាពរុងរឿង ឬធ្លាក់ចុះខ្លាំង នៃប្រពៃណីវប្បធម៌

·       តំបន់នោះ បង្ហាញអំពី ការវិវត្តន៍នៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិ

·       តំបន់នោះ ជាទីតាំង ដែលមានមនុស្សរស់នៅ និងធ្វើពិធីផ្សេងបែបប្រពៃណី

·       តំបន់នោះ ត្រូវជាប់ទាក់ទងជាមួយព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដូចជាការរស់នៅ, គំនិត, ជំនឿ, សិល្បៈ, អក្សសាស្ត្រ -- ធៀបជាមួយពិភពលោក។

·       តំបន់នោះ ជាតំបន់កើតឡើងដោយបាតុភូតធម្មជាតិ ហើយមានភាពស្រស់ស្អាតធម្មជាតិ មិនមែនសិប្បនិមិត្ត

·       តំបន់នោះ បង្ហាញអំពីភាពផ្លាស់ប្ដូរខ្លាំងនៃប្រវត្តិផែនដី ដើម្បីអភិរក្សទុក

·       តំបន់នោះ មានសារៈសំខាន់ និងបង្ហាញការវិវត្តរបស់ជីវិតភាវរស់ អេកូឡូស៊ី

·       តំបន់នោះ ត្រូវតែជាតំបន់មានសារៈសំខាន់ក្នុងការសិក្សាស្វែងយល់ពី ជីវិតភាវរស់ និងជីវចម្រុះ ដែលបានផុតពូជ

អញ្ចឹងទាំងអស់នេះហើយ គឺជាលក្ខខន្ដិកៈក្នុងការជ្រើសរើសតំបន់មួយ អាចដាក់បញ្ចូលទៅជាតំបន់បេតិកភ័ណ្ឌពិភពលោកបាន។ ចំណែកឯតំណាក់កាលរង្វាយតម្លៃ និងដំណើរការវាយតម្លៃ នៅមានជាច្រើនដំណាក់ទៀត។ ដូចនេះប្រសិនបើយើងមើលមកប្រទេសកម្ពុជាយើងវិញ យើងក៏នៅមានតំបន់ជាច្រើនទៀតផងដែរ ដែលសាកសមតាមលក្ខខណ្ឌអាចដាក់ស្នើរបញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកបាន ដូចជា តំបន់បឹងយក្សឡោម ប្រាសាទចំណាស់ៗដូចប្រាសាទកោះកេរ្តិ៍ ជាដើម។ ហើយយើងនឹងរង់ចាំមើលទៀតថា តើអនាគតប្រទេសកម្ពុជាមានតំបន់បេតិកភ័ណ្ឌពិភពលោកប៉ុន្មានបន្ថែមទៀត។