ស្របគ្នាដែលបណ្ដាប្រទេសផ្សេងៗគ្រប់តំបន់ទាំងអស់កំពុងរួមគ្នាស្វែងរកដំណោះស្រាយទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ ប្រទេសសិង្ហបុរីក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បន្ថែមទៀតជាមួយនឹងការដាក់ចេញនូវអត្រាកំណត់យកពន្ធលើឧស្ម័នកាបូនថ្មី ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នស្មើសូន្យនៅត្រឹមពាក់កណ្តាលនៃសតវត្សនេះ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Lawrence Wong បានប្រកាសកាលពីថ្ងៃសុក្រ ទី 18 ខែកុម្ភៈ កន្លងទៅថា អត្រាពន្ធកាបូនរបស់សិង្ហបុរីនឹងត្រូវបានកែសម្រួលពី 5 ដុល្លារសិង្ហបុរីក្នុងមួយតោននៃកាបូនឌីអុកស៊ីត ទៅជាស្មើនឹង 25 ដុល្លារសិង្ហបុរីក្នុងមួយតោនវិញចាប់ពីឆ្នាំ 2024 និងឆ្នាំ 2025 ខាងមុខ។
មិនត្រឹមតែប៉ុណ្ណោះ ការយកពន្ធនេះក៏នឹងកើនឡើងបន្ថែមទៀតដល់ 45 ដុល្លារសិង្ហបុរីក្នុងមួយតោនចាប់ពីឆ្នាំ 2026 ដល់ឆ្នាំ 2027 ហើយអាចនឹងឈានដល់រង្វង់ពី 50 ដុល្លារទៅ 80 ដុល្លារសិង្ហបុរីក្នុងមួយតោននៅឆ្នាំ 2030 ។ ដែលនេះគឺជាការកែប្រែអត្រាយកពន្ធថ្មីរបស់សិង្ហបុរីតែម្ដង ព្រោះថាអត្រាគិតពន្ធលើការបំភាយឧស្ម័នកាបូនដែលបានគ្រោងទុកកាលពីមុនមានចាប់ពី 10 ដុល្លារដល់ 15 ដុល្លារសិង្ហបុរីក្នុងមួយតោនប៉ុណ្ណោះនៅត្រឹមឆ្នាំ 2030 ។ ម្យ៉ាងវិញទៀត ច្បាប់យកពន្ធលើការបំភាយឧស្ម័ននេះបានដាក់ចេញតាំងពីឆ្នាំ 2019 មកម្ល៉េះ ជាមួយនឹងអត្រាពន្ធ 5 ដុល្លារសិង្ហបុរីក្នុងមួយតោនសម្រាប់រយៈពេល 5 ឆ្នាំចាប់ពីឆ្នាំ 2019 ដល់ឆ្នាំ 2023 ។ ដូច្នេះបើគិតមកដល់ពេលនេះ វាដល់ពេលដែលអត្រាពន្ធនេះត្រូវកែប្រែសារជាថ្មីម្ដងទៀតហើយ ដើម្បីពន្លឿងផែនការគ្មានឧស្ម័នកាបូននាពេលអនាគត់របស់សិង្ហបុរី។
គួរបញ្ជាក់ថា ក្រៅពីការកែប្រែអត្រាពន្ធនេះ សិង្ហបុរីក៏បានដាក់ចេញនូវគោលដៅសំខាន់មួយទៀត ដោយធ្វើយ៉ាងណាកាត់បន្ថយឧស្ម័នកាបូនឲ្យអស់នៅត្រឹមពាក់កណ្តាលសតវត្សតែ។ នេះគឺជាការកែលម្អដ៏ធំមួយលើការប្តេជ្ញាចិត្តរបស់សិង្ហបុរីតាំងពីក្នុងឆ្នាំ 2020 មកម្ល៉េះ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នខ្ពស់បំផុតពាក់កណ្តាលពី 65 លានតោននៃកាបូនឌីអុកស៊ីតដែលស្មើនឹង 33 លានតោននៅឆ្នាំ 2050 បន្ទាប់មកសម្រេចបាននូវការបំភាយសូន្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបានមុនឆ្នាំ 2100 ខាងមុខ។