ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅទីស្តី ការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន TOTAL Energies (CAMBODIA)Co., LTD ដឹកនាំដោយលោក Jean LESCURE អគ្គនាយករងទទួលបន្ទុក តំបន់អូស្យានី និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន TOTAL Energies ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ជំនួបពិភាក្សាការងារនេះ ផ្តោតជាសំខាន់លើការជំរុញផែនការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្ត អគ្គិសនី ក៏ដូចជាដើម្បីរិះរកវិធី និងរបៀបរបបបំពេញការងាររវាងក្រសួងជាមួយនឹងក្រុមហ៊ុនទាក់ទងនឹង ការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) សំដៅជំរុញការ ប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងចូលរួមកាត់បន្ថយការបំពុល បរិស្ថានផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងកិច្ចសហប្រតិបត្តិការជំរុញការប្រើ ប្រាស់យានយន្ត EVs រវាងក្រសួងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្រុមហ៊ុនវិនិយោគ ឯកជន ក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈនានាទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពល យានយន្តអគ្គិសនី និងការរៀបចំផែនការមេសម្រាប់គាំទ្រដល់ការប្រើប្រាស់យានយន្ត Evs ផងដែរ៕