តំបន់វាលខ្សាច់មួយនៃប្រទេសអេហ្ស៊ីប នឹងក្លាយជាទីក្រុងដ៏ទំនើប!

អេហ្ស៊ីបគឺជាប្រទេសដែលមានទីតាំងភូមិសាស្ត្រពិសេសមួយ ដែលជាច្រកសម្រាប់ភ្ចាប់ទ្វីប ២ បញ្ចូលគ្នាគឺរវាងទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា (ស្រដៀងនឹងប្រទេសទួកគីដែលភ្ជាប់ទ្វីបអាស៊ី និងអឺរ៉ុបដែរ) ថែមទាំងមានវប្បធម៌ដ៏ចំណាស់ជាងគេបំផុតមួយក្នុងតំបន់សមុទ្រមេឌីទែរ៉ានេទៀតផង។ ប្រទេសអេហ្ស៊ីបមានរាជធានីនៅទីក្រុងខៃរ៉ូ (Cairo) ដែលគេចាត់ទុកជាទីក្រុងដែលមានភាពរីកចម្រើនលឿនជាងគេបំផុតនៅទ្វីបអាហ្វ្រិច។ ជាការពិត ទីក្រុង Cairo ធ្លាប់ជាទីក្រុងបុរាណ ដែលកាត់ដោយទន្លេនីល និងមានមនុស្សរស់នៅប្រមាណ ២.៥ លាននាក់ប៉ុណ្ណោះកំឡុងឆ្នាំ ១៩៥០ ប៉ុន្តែបច្ចុប្បន្ន Cairo កំពុងប្រែក្លាយទៅជាទីក្រុងទំនើប និងមានមនុស្សរស់នៅដល់ជាង ២០ លាននាក់។ ដោយសារចំនួនប្រជាជនរស់នៅច្រើនលើសហើយ ទើបគម្រោងទីក្រុងថ្មីមួយនឹងចាប់ផ្ដើមលេចចេញពីចំណុចសូន្យ គឺគេនឹងវិនិយោគទៅលើដីវាលខ្សាច់ ឲ្យក្លាយទៅជាទីក្រុងទំនើបតែម្ដង ក្រោមទឹកប្រាក់ ៥៨ ពាន់លានដុល្លារពីរដ្ឋាភិបាល។ 

ជាដំបូងគួសបញ្ជាក់ថា ទីក្រុង Cairo មានប្រជាជនរស់នៅច្រើន ដែលកំពុងតែអភិវឌ្ឍន៍ និងកំពុងបាត់បង់បុរាណភាពនៃទីក្រុងអេហ្ស៊ីបទៅហើយ ម្យ៉ាងវិញទៀតវាមានការកកកុញផ្នែកចរាចរណ៍ និងមធ្យោបាយធ្វើដំណើរជាខ្លាំង ព្រោះផ្លូវគោលសំខាន់នៃទីក្រុងមានតែ ៣ ខ្សែរប៉ុណ្ណោះ ហើយការកកស្ទះនៅក្នុងទីក្រុង Cairo នេះបានធ្វើឲ្យសេដ្ឋកិច្ចជាតិខាតបង់ ប្រហែល ៤% នៃ GDP របស់ប្រទេសអេហ្ស៊ីបឯណោះ។ ដូចនេះមិនខុសពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនោះទេ គឺប្រទេសអេហ្ស៊ីបត្រូវវិនិយោគទីក្រុងថ្មីមួយបន្ថែមទៀត ក្នុងការសម្រួលមនុស្សចេញពីទីក្រុង Cairo ខ្លះ ទើបគម្រោងទីក្រុងថ្មីនេះ លេចឡើងកាលពីឆ្នាំ ២០១៥។ 

ទីក្រុងថ្មីនេះ គេមិនទាន់ដាក់ឈ្មោះនៅឡើយទេ ប៉ុន្តែវាមានទីក្រុងស្ថិតនៅ ៤៥ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Cairo និងមានទំហំសរុប ៧០០ គីំឡូម៉ែត្រការ៉េ ដែលត្រូវបានធ្វើ Masterplan ដោយក្រុមហ៊ុនស្ថាបត្យករអាហ្វ្រិកឈ្មោះ Skidmore Ownings and Merrill (SOM) ដើម្បីអាចឲ្យមនុស្សរស់នៅបានជាង ៦.៥ លាននាក់ នឹងបញ្ចប់ការសាងសង់ទាំងមូលនៅឆ្នាំ ២០៥០ ខាងមុខនេះ។ គម្រោងនេះវាត្រូវបានបែងចែកចេញពីទីក្រុង Cairo ដែលជាទីក្រុងមានអាយុកាលរាប់ពាន់ឆ្នាំ ទៅជាទីក្រុងសម្រាប់អភិរក្សទុក ចំណែកឯទីក្រុងថ្មីនេះផ្ទុកទៅដោយ ១០០ តំបន់ផ្សេងៗគ្នា ហើយក្នុងមួយតំបន់មានផ្ទុកទៅដោយលំនៅដ្ឋាន, Public Square, ផ្សារទំនើប, សាលារៀន និងកន្លែងសម្រាប់ពិធីសាសនា ដែលសរុបមកទីក្រុងនោះនឹងមានព្រះវិហារអ៊ីស្លាមនិងព្រះវិហារគ្រឹស្ដសាសនាជាង ១,២០០ កន្លែង, មន្ទីពេទ្យនិងគ្លីនិច ៥៥៣ កន្លែង, សណ្ឋាគារ ៤០,០០០ កន្លែងមានសួនឧទ្យានដ៏ធំមួយ ដែលគេអះអាងថាធំជាង Disneyland នៅរដ្ឋ California ដល់ទៅ ៤ ដងឯណោះ។ រីឯផ្នែកថាមពល គេនឹងវិនិយោគនូវទីលានផ្ទាំងសូឡាដែលមានទំហំជាង ៩០ គីឡូម៉ែត្រការ៉េ សម្រាប់ផ្គត់ផ្គង់អគ្គិសនីទីក្រុង។

សម្រាប់ដំណាក់កាលដំបូង ទីក្រុងនេះត្រូវអភិវឌ្ឍន៍នៅលើផ្ទៃដី ១៦៨ គីឡូម៉ែត្រការ៉េ ដែលក្នុងនោះផ្ទុកទៅដោយតំបន់ពាណិជ្ជកម្ម, អគារកម្ពស់ ៨៥ ជាន់ ដែលនឹងក្លាយជាអគារខ្ពស់ជាងគេនៅទ្វីបអាហ្វ្រិច, មានអគារ Skyscrapers ចំនួនជាង ២០ បន្ថែមទៀត, លំនៅដ្ឋានអភិវឌ្ឍន៍ដោយរដ្ឋ, អគារក្រសួងចំនួន ៣៥ និងព្រះវិហារធំក្នុងប្រទេស ហើយក៏ត្រៀមបញ្ចប់ផ្លូវដែករថភ្លើងល្បឿនលឿនជាមួយទីក្រុង Cairo នៅឆ្នាំ ២០២០ ខាងមុខនេះ ជាមួយរថយន្ដក្រុងទំនើបជាច្រើនទៀត។ ចំណែកដំណាក់កាលទី ២ និងទី ៣ នឹងត្រូវវិនិយោគដោយក្រុមហ៊ុនចិន Fortune Land Development ដែលមានទឹកប្រាក់ជាង ២០ ពាន់លានដុល្លារ។