កម្ពុជា រៀបចំយុទ្ធសាស្ត្រ ឆ្ពោះទៅរកការបញ្ចេញឧស្ម័នស្មើសូន្យ នៅឆ្នាំ ២០៥០


ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី ២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបើកកិច្ចប្រជុំ ពិគ្រោះយោបល់ក្រុមការងារ បច្ចេកទេសទាក់ទងនឹង ការប្រែប្រួលអាកាសធាតុ ស្តីពីការ «ការរៀបចំយុទ្ធសាស្ត្រ អភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន ជាចក្ខុវិស័យវែងឆ្ងាយប្រកប ដោយការគិតគូរច្បាស់ ដើម្បីចូលរួមឆ្លើយតប ការប្រែប្រួលអាកាសធាតុសកល និងឆ្ពោះទៅរក ការបញ្ចេញឧស្ម័នស្មើសូន្យនៅកម្ពុជា នៅឆ្នាំ ២០៥០។»

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម បានលើកឡើងថា កម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចទីពីរ ក្នុងសកលលោក ហើយជាប្រទេសទីមួយ ក្នុងតំបន់អាស៊ានដែលបាន ដាក់ជូនយុទ្ធសាស្រ្តនេះ ដើម្បីសម្រេចឱ្យបានការបញ្ចេញឧស្ម័នស្មើសូន្យ នៅត្រឹមឆ្នាំ២០៥០។ ទោះបីកម្ពុជា ជាប្រទេសរួមចំណែកតិចតួច ដែលបណ្តាលឱ្យមាន ការប្រែប្រួលអាកាសធាតុក៏ដោយ តែកម្ពុជាចង់បង្ហាញអំពី ភាពជាអ្នកដឹកនំា តាមរយៈការអនុវត្តជាក់ស្តែង នូវសកម្មភាពអាកាសធាតុ ស្របទៅតាមយុទ្ធសាស្រ្តពហុភាគី។

ប្រទេសកម្ពុជាតែងតែ បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន យ៉ាងសកម្ម ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ នៅឆ្នាំ ២០២០ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស ចំនួន ៧២ ដែលបានដាក់របាយការណ៍បច្ចុប្បន្នភាព ការចូលរួមចំណែករបស់ជាតិ (Updated NDC) មុនពេលកំណត់។ នៅឆ្នាំ ២០២១ កម្ពុជាបានបង្ហាញនូវ ការតាំងចិត្តជាថ្មី ស្របតាមការប្តេជ្ញាចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំកំពូល ស្ដីពីមហិច្ឆតាអាកាសធាតុ របស់អង្គការសហប្រជាជាតិ ក្នុងការដាក់ជូនយុទ្ធសាស្រ្តអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអាព្យាក្រឹតកាបូន (LTS4CN) នៅដំណាច់ឆ្នាំ ២០២១។

ឯកឧត្តមបានផ្តល់នូវអនុសាសន៍ចំនួន ៥ ដើម្បីទទួលបានជោគជ័យការអនុវត្ត LTS4CN៖

១) ការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ

២) ការប្រើប្រាស់ព័ត៌មានវិទ្យាសាស្ត្រ ក្នុងការវិភាគដើម្បីធ្វើផែនការ

៣) ការបញ្ជ្រាប ការប្រែប្រួលអាកាសធាតុ ទៅក្នុងផែនការតាមវិស័យ

៤) ការកៀរគរថវិកា (ទាំងមូលនិធិ/ម្ចាស់ជំនួយ និងវិស័យឯកជន)

៥) ការលើកកម្ពស់ការយល់ដឹង និងការអប់រំផ្សព្វផ្សាយ។

ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងអំណរគុណ ដល់ក្រុមការងារបច្ចេកទេស ប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានគាំទ្រក្នុងការរៀបចំ ផែនការអនុវត្តន៍យុទ្ធសាស្រ្តអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ចេញជារូបរាង។