ប្រជាសហគមន៍ រមណីយដ្ឋានទេសចរណ៍កោះហាន ដែលមានទីតាំងនៅភូមិ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កំពុងចាប់ផ្ដើមនាំគ្នា អភិរក្សដើមឈើធំៗ ដើម្បីទុកសម្រាប់បង្អួត និងបង្ហាញភ្ញៀវទេសចរ ដែលមកលេងកម្សាន្ដនៅរមណីយដ្ឋាននេះ។ បន្ថែម ប្រជាសហគមន៍ទាំងនោះ ក៏នឹងរួមគ្នាបញ្ឈប់ កុំឲ្យមានការដុតភ្លើង យកជ័រពីដើមឈើធំៗផងដែរ ដើម្បីរក្សាទុកដើមជ័រច្បោះធំៗ។ ស្របគ្នានេះដែរ កាលពីថ្មីៗកន្លងទៅ លោកស្រី ប៊ុនសំផាន ជាប្រធានសហគមន៍បានបញ្ជាក់ថា អាជ្ញាធរនិងប្រជាសហគមន៍ បានធ្វើដំណើរកម្សាន្ត នៅតំបន់រមណីយដ្ឋាន អេកូទេសចរណ៍កោះហាននេះ ក៏ដូចជាបាន ពន្យល់និងហាមប្រាមប្រជាពលរដ្ឋ បញ្ឈប់សកម្មភាព ដុតដើមឈើច្បោះយកជ័រទឹក នៅក្នុងព្រៃសហគមន៍នេះផងដែរ ដោយលោកស្រីបានអំពាវនាវឲ្យ គ្រប់គ្នាចូលរួម ថែររក្សាសម្បត្តិធម្មជាតិទាំងនេះ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ និងជម្រុញនិរន្តរភាពនៃបរិស្ថានជុំវិញតំបន់នេះ។
លោកខន សុខ ឃីន តំណាងឱ្យក្រុមអភិរក្សព្រៃសហគមន៍ បានទទួលស្គាល់ថា សម្រាប់រមណីយដ្ឋានកោះហាននេះ ដើមឈើធំៗ គឺជាសម្បត្តិធនធានធម្មជាតិ ដែលនៅសេសសល់តែមួយគត់ ដូចនេះប្រជាពលរដ្ឋ ត្រូវនាំគ្នាចូលរួមអភិរក្សទុក ព្រោះវាអាចនឹងផ្តល់ប្រយោជន៍ សម្រាប់អនាគតកូនចៅជាច្រើន។ លោកបានបន្ដទៀតថា ភ្ញៀវទេសចរមកលេង នៅតំបន់មណីដ្ឋានទេសចរណ៍ កោះហាននេះ ភាគច្រើនតែងចង់ឃើញដើមឈើធំៗ ទាំងនេះ និងចង់ឱ្យប្រជាពលរដ្ឋ ធ្វើការបង្ហាញពីរបៀបយកជ័រពីដើមឈើ ក៏ដូចជាចង់ឃើញនិងស្គាល់ពី មុខរបរប្រពៃណី របស់ជនជាតិដើមភាគតិច នៅទីនេះជាដើម។
គួរបញ្ជាក់ថា ព្រៃដើមច្បោះ នៅតំបន់រមណីយដ្ឋានទេសចរណ៍កោះហាននេះ មានទំហំផ្ទៃដីទទឹង ១៣០ម៉ែត្រ បណ្តោយ ២០០ម៉ែត្រ ដែលស្ថិតនៅលើភូមិឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាមួយនឹងភូមិសាស្ត្រ ជាប់តាមដងទន្លេមេគង្គលើ ដែលមានចម្ងាយ ពីទីរួមខេត្តស្ទឹងត្រែងប្រមាណជាង ៥០គីឡូម៉ែត្រ ហើយបច្ចុប្បន្នគ្រប់គ្រងដោយ សហគមន៍អេកូទេសចរណ៍កោះហាន ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៦ ក្រោមការជួយគាំទ្រពីអង្គការ NTFP-EP កម្ពុជា និងគាំទ្រថវិកាដោយ ទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស SDC និងស៊ុយអែត ព្រមទាំង USAID ផងដែរ៕