ប្រទេសកម្ពុជា មានព្រៃកោងកាងសរុប ៥៨.៨០០ ហិកតា យោងតាមរបាយការណ៍ពី ក្រសួងបរិស្ថាន ដោយក្នុងនោះ ខេត្តកោះកុង មានផ្ទៃព្រៃកោងកាងសរុប ៤៦.៥២៩ ហិកតា ស្មើនឹង ៨០% នៃព្រៃកោងកាងទូទាំងប្រទេស, ខេត្តព្រះសីហនុ ៩.៣៥២ ហិកតា, ខេត្តកំពត ១.៩៦៦ ហិកតា, និងខេត្តកែប ១.០០៥ ហិកតា។ ព្រៃកោងកាងជាច្រើនកន្លែង ត្រូវបានរៀបចំទៅជា សហគមន៍តំបន់ការពារធម្មជាតិ សម្រាប់បង្កើតជា រមណីដ្ឋានអេកូទេសចរណ៍ បង្កើតប្រាក់ចំណូល ជូនសហគមន៍ ហើយសហគមន៍ព្រៃកោងកាង ធំជាងគេបំផុត នៅប្រទេសកម្ពុជា គឺតំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុង។
តំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ គ្របដណ្ដប់លើផ្ទៃដីសរុប ២.៥៦៧ ហិកតា បង្កើតទៅជា សហគមន៍ទេសចរណ៍ព្រៃកោងកាងគម្រូមួយ ក្នុងប្រទេសកម្ពុជា និងបានក្លាយទៅជា គោលដៅទេសចរណ៍ដ៏ល្បីល្បាញ ប្រចាំខេត្តកោះកុង ផងដែរ។ សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតនៅក្នុងភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ដែលភ្ញៀវទេសចរអាច ធ្វើដំណើរចំណាយពេលត្រឹម ១៥ ទៅ ២០ នាទីប៉ុណ្ណោះ។
សហគមន៍ព្រៃកោងកាងនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ក្នុងមួយឆ្នាំ ដោយចំណាយថ្លៃសំបុត្រត្រឹមតែ ៣.០០០ រៀល ភ្ញៀវទេសចរអាចមកទស្សនា និងកម្សាន្ដជាមួយសកម្មភាពជាច្រើនដូចជា៖
១/ មានប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ ជាជម្រកសត្វក្នុងទឹក និងសត្វស្លាប
២/ មានកន្លែងចិញ្ចឹមត្រី និងវារីវប្បកម្មជាច្រើនប្រភេទ នៅក្នុងព្រៃកោងកាង
៣/ មានស្ពានបេតុងប្រវែង ៦៦៦ ម៉ែត្រ សម្រាប់ដើរទស្សនាក្នុងតំបន់អភិរក្ស
៤/ មានស្ពានយោលប្រវែង ៥០ ម៉ែត្រសម្រាប់ឆ្លងកាត់ព្រែក និងទស្សនាដងព្រែក
៥/ មានប៉មកម្ពស់ ១៧ ម៉ែត្រអាចឡើងទស្សនាទិដ្ឋភាពពីខាងលើនៃព្រៃកោងកាង ព្រែក និងសមុទ្រ
៦/ អាចជួលទូក ជិះកម្សាន្ដតាមព្រែក ទស្សនាជីវចម្រុះនៃព្រៃកោងកាង និងផ្តិតយករូបភាពស្អាតៗ
ក្រៅពីបម្រើសក្ដានុពលអេកូទេសចរណ៍ ព្រៃកោងកាងក៏បានផ្ដល់ នូវអត្ថប្រយោជន៍ជាច្រើនដល់មនុស្ស សត្វ និងបរិស្ថានធម្មជាតិផងដែរ។ យោងតាមប្រសាសន៍ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានបញ្ជាក់ថា ព្រៃកោងកាង ជាជម្រកនិងកន្លែង សម្រាប់រកចំណីរបស់សត្វត្រី សត្វឆ្អឹងខ្នង សត្វឈាមត្រជាក់ ល្មូន បក្សី និងថនិកសត្វជាច្រើនទៀត។
ម្យ៉ាងទៀត ព្រៃកោងកាង បានចូលរួមទប់ស្កាត់ នូវគ្រោះមហន្ដរាយធម្មជាតិជាច្រើន ដូចជា៖ ការពារការបាក់ស្រុតឆ្នេរពីរលកបោកបក់, ជាប្រភេទរុក្ខជាតិស្រូបអំបិលបាន ៩០% រួមចំណែករក្សាទឹកឲ្យថ្លាល្អ បន្សុទ្ធខ្យល់អាកាសបរិសុទ្ធ ព្រមទាំងរក្សាទិដ្ឋភាពបៃតង ជួយដល់បរិស្ថានផងដែរ។