កម្ពុជា មានបំណងតភ្ជាប់ ផ្លូវរថភ្លើងជាមួយប្រទេសឡាវ


សមាគមភ័ស្តុភារកម្ពុជា (Cambodia Logistics Association) បានស្វែងយល់ពីគម្រោងលើ ការបង្កើតខ្សែផ្លូវរថភ្លើងមួយខ្សែ ដ៏មានប្រសិទ្ធភាពតភ្ជាប់ ពីប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ ទៅដល់ភាគខាងជើង ព្រំដែនអន្តរជាតិប្រទេសឡាវ និងតំបន់ត្រីកោណជាមួយប្រទេសវៀតណាម ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងជួយសន្សំពេលវេលាធ្វើដំណើរ បានយ៉ាងមានប្រសិទ្ធភាព។

ប្រតិភូនៃសមាគមភ័ស្ដុភារកម្ពុជា ជាមួយតំណាងសមាគមភ័ស្ដុភារឡាវ និងវៀតណាម បានទស្សនកិច្ចនៅតំបន់ចំនួន ៣ ដើម្បីស្វែងយល់ពី ការបង្កើតផ្លូវដែក ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថិតក្នុងគម្រោងផ្លូវដែកអាស៊ី ច្រករបៀងភាគខាងត្បូង (Train Asian Railway) ហើយស្របទៅនឹងគម្រោងផ្លូវដែកចិន ក្នុងអនុតំបន់ទន្លេមេគង្គផងដែរ។

គម្រោងផ្លូវដែកអាស៊ី ច្រករបៀងភាគខាងត្បូង ត្រូវបានបែងចែកចេញ ៣ ដំណាក់កាល ហើយដំណាក់កាលទី១ គឺផ្លូវរថភ្លើងប្រទេសឡាវ-ចិន ដែលតភ្ជាប់ចាប់ពី រដ្ឋធានីវៀងចន្ទន៍ ទៅដល់ខេត្តគុនមីង ប្រទេសចិន បានដំណើរការថ្មីៗនេះ។ ដំណាក់កាលទី២ ការសាងសង់ សួនឧស្សាហកម្ម ភស្ដុរភាកម្មវៀងចន្ទន៍ទំហំ ៣៨២ ហិកតា ដែលគម្រោងនេះ នឹងជួយប្រទេសឡាវ គ្មានដែនសមុទ្រ (Landlock) ទៅជាប្រទេសតភ្ជាប់ទៅ ច្រកសមុទ្រឆ្លងប្រទេស (Land-Link) ដែលទាញប្រយោជន៍ពី ការដឹកជញ្ជូន ប្រកួតប្រជែងក្នុងតំបន់។ ដំណាក់កាលទី៣ គឺការតភ្ជាប់ផ្លូវដែក ក្នុងតំបន់ខាងត្បូងប្រទេសឡាវ ដែលនឹងតភ្ជាប់ទៅច្រកសមុទ្រវៀតណាម ដែលមានប្រវែងជិតជាង ការតភ្ជាប់មកច្រកសមុទ្រកម្ពុជា។

យ៉ាងណាមិញ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភ័ស្ដុភារកម្មកម្ពុជា បានស្វែងយល់បទពិសោធន៍ នៃភាគជោគជ័យគម្រោង ផ្លូវរថភ្លើងតំបន់អាស៊ី និងប្រមូលព័ត៌មាន យ៉ាងលំអិតពាក់ព័ន្ធ នឹងវិស័យភស្ដុភារ កម្ម។ ម្យ៉ាងទៀត កម្ពុជា ក៏នឹងសិក្សាលើ គម្រោងផ្លូវដែកកម្ពជា-ចិន តាមរយៈប្រទេសឡាវ បើយោងទៅតាម កំណើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន ក្រោយកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដែលនឹងអាចកាត់បន្ថយការដឹកជញ្ជូនមកត្រឹម រយៈពេល ៤ ទៅ ៥ ថ្ងៃប៉ុណ្ណោះ បើធៀបនឹងការ ដឹកជញ្ជូនតាមផ្លូវទឹក ត្រូវចំណាយប្រមាណ ១០ ទៅ ១៥ ថ្ងៃ។ លើសពីនេះ កម្ពុជាកំពុងសិក្សាលើ ប្រព័ន្ធភស្ដុភាររវាងប្រទេសកម្ពុជា ឡាវ វៀតណាម និងប្រទេសថៃផងដែរ ក្នុងការជំរុញវិស័យដឹកជញ្ជូន ពីកម្ពុជាស្ថិតនៅតំបន់យុទ្ធសាស្ត្រ រវាងប្រទេសវៀតណាម និងថៃ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ក្រសួងនិងក្រុមហ៊ុនចិន បាននឹងកំពុងសិក្សាលើ គម្រោងភ្ជាប់ផ្លូវរថភ្លើងរវាងកម្ពុជា-ឡាវ ដែលអាចចាប់ផ្ដើម ពីទីក្រុងវៀងចន្ទន៍ មកកាន់ព្រំដែនកម្ពុជា មានចម្ងាយប្រមាណ ៧០០-៨០០ គីឡូម៉ែត្រ និងពីទីក្រុងភ្នំពេញ ទៅព្រំដែនកម្ពុជា-ឡាវ ព្រមទាំងគម្រោង ផ្លូវដែកផ្សេងទៀតផងដែរ ដូចជាការពង្រឹងផ្លូវដែកភាគពាយ័ព្យ ភ្នំពេញ-ប៉ោយប៉ែត ដែលបម្រើការដឹកជញ្ជូន ជាមួយប្រទេសថៃផងដែរ។

ប្រសិនបើគម្រោងផ្លូវដែកទាំង ២ ខ្សែនេះ ដំណើរការទៅបានសម្រេច វានឹងក្លាយទៅជាផ្លូវដែកអាស៊ី ច្រករបៀងភាគខាងត្បូង ដ៏សំខាន់មួយ ដែលតភ្ជាប់ ទំនាក់ទំនងរវាងភ្នំពេញ ទៅកាន់រដ្ឋធានីប្រទេសឡាវ ហួសទៅដល់ប្រទេសចិន និងពាណិជ្ជកម្មដ៏សំខាន់ ជាមួយប្រទេសកម្ពុជា-ឡាវ-ថៃ ទៀតផង។