អបអរសាទរខួប ១៤ ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក


ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីដោយអង្គការ UNESCO ក្លាយជាសម្បត្តិ បេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា ជាប្រាសាទបុរាណទី២ នៅកម្ពុជា ដែលបានចូលក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់ប្រាសាទអង្គរវត្ត ដែលចូលបញ្ជី កាលពីឆ្នាំ១៩៩២។ ទាំងនេះ បានបង្ហាញពីកិត្យនុភាព នៃស្នាដៃសិល្បៈ វប្បធម៌ និងអរិយធម៌របស់អាណាចក្រខ្មែរ កាលពីសម័យបុរាណ ដែលល្បីល្បាញជាងគេបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក្នុងអត្ថបទនេះ យើងនឹងមកស្វែងយល់ ព័ត៌មានសំខាន់ៗមួយចំនួន របស់ប្រាសាទព្រះវិហារ។

១/ ទីតាំងភូមិសាស្ត្រ

ប្រាសាទព្រះវិហារ មិនដូចប្រាសាទផ្សេងទៀត នៅរាជធានីអង្គរឡើយ ទាំងទម្រង់ប្លង់ប្រាសាទ និងទីតាំងភូមិសាស្ត្រ ដូចនេះប្រាសាទព្រះវិហារ មានអាកាសធាតុ និងទស្សនីយ៍ភាពប្លែក ពីប្រាសាទផ្សេងៗទៀត។ ប្រាសាទព្រះវិហារ បានសណ្ដូកនៅលើកំពូលភ្នំព្រះវិហារ (តំបន់ជួរភ្នំដងរែក ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្ន) ដែលមានកម្ពស់ ៥២៥ ម៉ែត្រពីដីរាប ឬ ៦២៥ ម៉ែត្រវាស់ពីនេវ៉ូទឹកសមុទ្រ ហើយនេះគឺជាប្រាសាទភ្ នំមានកម្ពស់ខ្ពស់ជាងគេ បំផុតនៅកម្ពុជា។ ការសាងសង់ប្រាសាទ នៅចុងកំពូលភ្នំបែបនេះ ត្រូវបានជ្រើសរើសជាទី តម្កល់លិង្គព្រះសិវៈ ព្រះស្រីសិខៈ វិស្វរៈ ក្នុងជំនឿព្រហ្មញ្ញសាសនា ដែលក្សត្រខ្មែរក្នុងអាណាចក្រអង្គរ មានជំនឿលើឫទ្ធិនៃលិង្គព្រះសិវៈ ស្រីសិខៈ វិស្វរៈ សម្រាប់ថែរក្សាការពារ ដែនដីអាណាចក្រខ្មែរ និងប្រជានុរាស្ត្រមានសុខក្សេមក្សាន្ដ។ ដូចនេះ ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ត្រូវតែមកគោរពបូជា នៅប្រាសាទព្រះវិហារនេះ។

២/ ការសាងសង់ប្រាសាទព្រះវិហារ

ប្លង់របស់ប្រាសាទព្រះវិហារ មានទំហំ ៨០០ ម៉ែត្រ x ៤០០ ម៉ែត្រ ស្ថិតក្នុងរចនាបថឃ្លាំង និងមានប្រវត្តិសាងសង់ ចាប់ពីសតវត្សទី៩ រហូតដល់ទី១២ ហើយការសាងសង់ត្រូវ បានចាប់ផ្ដើមឡើងដំបូង ក្នុងរាជរបស់ ព្រះបាទជ័យវរ្ម័នទី២ (ជាក្សត្រស្ថានិកអាណាចក្រខ្មែរ គ.ស ៨០២-៨៥០) ចាប់ផ្ដើមក្នុងសតវត្សទី៩ និងតរហូតមកដល់បុត្រាព្រះអង្គ ព្រះនាម ឥន្ទ្រាយុទ្ធ ដែលបាននាំយកលិង្គព្រះសិវៈ ឬព្រះឥសូរ ព្រះនាម ព្រះស្រីសិខៈវិស្វរៈ មកកាន់ខ្នងភ្នំព្រះវិហារនេះ យោងតាមសិលាចារឹក ដូចនេះទើបប្រាសាទព្រះវិហារ ស្ថិតនៅឆ្ងាយពីរាជធានីអង្គរ និងជាទីសម្រាប់បូជា ដល់ព្រះអាទិទេព ក្នុងព្រហ្មញ្ញសាសនា។ យ៉ាងណាមិញ ចំពោះសំណង់ប្រាសាទព្រះវិហារ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ត្រូវបានកសាងឡើង ក្នុងរាជរបស់ ព្រះមហាក្សត្រក្រោយៗមកទៀត មានដូចជា៖

• ការកសាងប្រាសាទកណ្ដាល ក្នុងរាជព្រះបាទយសោវរ្ម័នទី១ (គ.ស ៨៨៩-៩០០)

• ការកសាងអគារដ៏វែង ជិតប្រាង្គកណ្ដាល កំពែងព័ទ្ធជុំវិញ និងគោបុរៈទី៣ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០០២-១០៥០)

• ការកសាងហោត្រៃ ឬបណ្ណាល័យពីរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៦ (គ.ស ១០៨០-១១០៩)

• ការកសាងព្រះលាន ដែលមាននាគក្បាល៧ រូបតោយាមផ្លូវ និងនាគជាច្រើនទៀតនៅតាមជណ្ដើរឡើងប្រាសាទ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២ (គ.ស ១១១៣-១១៥០)

៣/ វិវាទប្រាសាទព្រះវិហារ

ដូចយើងបានដឹងស្រាប់មកហើយថា ប្រទេសកម្ពុជា និងប្រទេសថៃ មានវិវាទនឹងគ្នាយ៉ាងខ្លាំង លើប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌ ពិភពលោកនេះ ដោយជាក់ស្ដែងប្រាសាទព្រះវិហារ ត្រូវបានកសាងឡើង ក្នុងអាណាចក្រខ្មែរ ដោយក្សត្រខ្មែរគ្រប់អង្គរ ហើយទឹកដីអាណាក្រខ្មែរ លាតសន្ធឹងលើទាំងស្រុង នៃប្រទេសថៃបច្ចុប្បន្ន។ ប៉ុន្តែក្រោយការដួលរលំនៃរាជធានីអង្គរ នៅសតវត្សទី១៥ រាជាណាចក្រសៀម (ប្រទេសថៃបច្ចុប្បន្ន) បានឈ្លានពាន និងគ្រប់គ្រងលើខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀតទាំងស្រុង អស់រយៈពេលរាប់រយឆ្នាំ រហូតដល់សម័យអាណានិគមបារាំង (១៨៦៣-១៩៥៣) ដូចនេះហើយទើបជណ្ដើរ នៃប្រាសាទព្រះវិហារ ស្ថិតនៅខាងប្រទេសថៃបច្ចុប្បន្ន។

យ៉ាងណាមិញ ក្រោមបូជនីយកិច្ចរបស់ ព្រះបាទនរោត្តម សីហនុ ព្រះបរមណរតនកោដ្ឋ ប្រាសាទព្រះវិហារ ត្រូវបានសាលក្រមតុលាការអន្តរជាតិ នៃទីក្រុងឡាអេ សម្រេចឲ្យភាគីកម្ពុជា ឈ្នះក្តីលើប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦៣។ ប្រាសាទព្រះវិហារ ត្រូវបានអង្គការ UNESCO សម្រេចដាក់បញ្ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោក របស់មនុស្សជាតិ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ដែលជាប្រាសាទត្រូវបានអភិរក្សា និងការពារដោយច្បាប់អន្តរជាតិ ជាប្រាសាទស្ថិតនៅលើ ដែនអធិបតេយ្យភាពប្រទេសកម្ពុជា។