ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូល ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក រយៈពេល ៥ឆ្នាំហើយ


នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុង បញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។ ការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌ មិនមែនជារឿងចៃដន្យនោះទេ ព្រោះថាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងភាគីពាក់ព័ន្ធ បានត្រៀមឯកសារជាច្រើន ដើម្បីដាក់ទៅអង្គការយូណេស្កូ រយៈពេលជាច្រើនឆ្នាំមកហើយ។

ការសម្រេចដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ធ្វើឡើងក្នុងកិច្ចប្រជុំកំពូល លើកទី៤១ នៃគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ដែលរៀបចំឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១២ កក្កដា មាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍។ ក្នុងនាមជាសាស្ត្រាចារ្យ ខាងបុរាណវិទ្យា និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា បានសម្តែងក្តី រំភើបរីករាយ ចំពោះការដាក់បញ្ចូលនេះ ព្រោះលោកយល់ថា នឹងធ្វើឲ្យពិភពលោក ស្គាល់ខ្មែរកាន់តែច្បាស់។ លោកបានពន្យល់ថា តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតតាមបណ្តោយស្ទឹងសែន និងមានចម្ងាយជាង ២០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺជាអតីតរាជធានី ឦសានបុរៈរបស់កម្ពុជា នៅមុនសម័យអង្គរ នៅចន្លោះសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៧។

ជារាជធានីនៃអាណាចក្រចេនឡា មានលក្ខណៈពិសេសជាច្រើន ដែលខុសប្លែកពីប្រាសាទនានា។ តួប្រាសាទរបស់ប្រាសាទនេះ ភាគច្រើនកសាងអំពីឥដ្ឋ និងមានតួរហូតទៅដល់ ៨ ជ្រុង ដែលមិនមានទេក្នុងសិល្បៈខ្មែរសម័យក្រោយ និងនៅតាមប្រទេសដទៃ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងសម័យកាលនោះ។ បើនិយាយពីចម្លាក់វិញ ត្រូវបានអ្នកសិក្សាស្រាវជ្រាវ អះអាងថា មានលក្ខណៈខ្មែរ ច្រើនជាងឥណ្ឌា បើទោះជាកាលពីសម័យមុន កម្ពុជាទទួលឥទ្ធិពល ពីឥណ្ឌាក៏ដោយ។ ចំណែកគំរូស្ថាបត្យកម្ម ចម្លាក់តុបតែងលម្អលើជញ្ជាំង និងផ្តែទ្វារជាប្រភពព័ត៌មាន ដ៏សំបូរបែបពីគំនិត និងជំនឿនៃការប្រណិប័តន៍ សាសនានាសម័យចេនឡា។

អ្នកសិក្សាស្រាវជ្រាវ បានចុះបញ្ជីប្រាសាទ និងរចនាសម្ព័ន្ធសំណង់ប្រាសាទ ចំនួនជិត ៣០០ ក្នុងតំបន់ រមណីយដ្ឋានសំបូរព្រៃគុក។ ដែលមានបួនក្រុមធំគឺ ប្រាសាទរបងរមាស ប្រាសាទរណប កំពែងក្រុង និងក្រុមប្រាសាទសំខាន់ បីទៀត គឺប្រាសាទសំបូរ យាយព័ន្ធ និងប្រាសាទតោ។ ក្រុមប្រាសាទទាំងនោះ សាងសង់ឡើងដើម្បី ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ នៅដើមសតវត្សទី ២០ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសិក្សាស្រាវជ្រាវ និងអភិរក្សដោយជំនាញការបារាំង។ នៅឆ្នាំ ១៩៩៨ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាប់ផ្តើមការស្តារ និងការអភិរក្សរមណីយដ្ឋាន សំបូរព្រៃគុកឡើងវិញ បន្ទាប់ពី តំបន់ប្រាសាទសំបូរព្រៃគុក ទទួលរងគ្រោះយ៉ាងដំណំ ដោយសារការទម្លាក់គ្រាប់បែក។ រហូតមកទល់ពេលនេះ ក្រសួងវប្បធម៌ បានបង្កើតសហគមន៍ ដើម្បីចូលរួម ក្នុងការងារជួសជុល ធ្វើកំណាយ ការការពារ និងការផ្តល់សេវាទេសចរជាប្រចាំ។

សូមជម្រាជូនថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ប្រវតិ្តសាស្រ្តទី៣ របស់កម្ពុជា ដែលត្រូវបានចុះ នៅក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គវត្ត ត្រូវបានដាក់បញ្ចូល នៅក្នុងបញ្ជីនៅឆ្នាំ ១៩៩២ និងប្រាសាទព្រះវិហារ នៅឆ្នាំ ២០០៨៕