កាលពីថ្ងៃពុធ ទី13 ខែកក្កដា ឆ្នាំ 2022 នេះ សេតវិមានរបស់សហរដ្ឋអាមេរិក បានចេញផ្សាយ សេចក្តីថ្លែងការណ៍មួយ ស្ដីអំពីការប្ដេជ្ញាចិត្ដរបស់ លោក ចូ បៃដិន ក្នុងការដោះស្រាយបញ្ហា លើថ្លៃថាមពលប្រេង និងឧស្ម័ន ដោយមានស្ថេរភាព និងធ្លាក់តម្លៃចុះទាបវិញ ដើម្បីការពារកុំឲ្យកំណើន អតិផរណាកើនឡើងខ្ពស់។ ជាក់ស្ដែងអតិផរណា របស់សហរដ្ឋអាមេរិក បានឡើងដល់កម្រិតខ្ពស់ ក្នុងរយៈពេល 40 ឆ្នាំចុងក្រោយ គិតត្រឹមខែមិថុនានេះ ខណៈដែលតម្លៃថាមពលប្រេង ឧស្ម័ន និងអាហារ កាន់តែកើនឡើងខ្ពស់ នេះបើយោងតាមសន្ទស្សន៍តម្លៃ អ្នកប្រើប្រាស់ចុងក្រោយ របស់ការិយាល័យស្ថិតិការងារ កាលពីថ្ងៃពុធដូចគ្នា។
តម្លៃទំនិញប្រើប្រាស់ សម្រាប់ទំនិញទូទៅទាំងអស់ បានកើនឡើង 9.1% ក្នុងរយៈពេល 12 ខែ គិតត្រឹម ខែមិថុនា កន្លងទៅ ហើយបើធៀបនឹងឆ្នាំមុន វាជាការកើនឡើងដ៏ធំបំផុត ពីមួយឆ្នាំទៅមួយឆ្នាំ រាប់ចាប់តាំងពីក្នុងខែវិច្ឆិកា ឆ្នាំ 1981 មក ដែលតម្លៃទំនិញប្រើប្រាស់ បានកើនឡើង 8.6%។ ដូច្នេះ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់លោក ចូ បៃដិន កាលពីថ្ញៃទី 13 នេះបានសង្កត់ធ្ងន់ថា ការដោះស្រាយអតិផរណាគឺជា អាទិភាពកំពូលរបស់លោក ហើយលោកនឹងធ្វើយ៉ាងណា ឲ្យការកើនឡើង នៃតម្លៃថាមពល ស្ថិតក្រោមលទ្ធភាព ដែលអាចការគ្រប់គ្រង។
លោក បៃដិន បានបន្ដទៀតថា ជាដំបូង ដើម្បីកាត់បន្ថយ តម្លៃថាមពលប្រេង និងឧស្ម័ន លោកនឹងបន្តបញ្ចេញស្ដុកប្រេង ដែលជាទុនបម្រុង ក្នុងចំនួនណាមួយ ជាប្រវត្តិសាស្ត្រ ហើយនឹងបន្តធ្វើការ ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីដាក់កម្រិតតម្លៃលើប្រេងរុស្ស៊ី ក៏ដូចជានឹងបន្តធ្វើការ ជាមួយឧស្សាហកម្មប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើនផលិតកម្ម បន្ថែមទៀត ឲ្យបាន 12.1 លានបារ៉ែលក្នុងមួយថ្ងៃ។
ទីពីរ លោកនឹងជំរុញឱ្យសភា ធ្វើសកម្មភាពក្នុងខែនេះ លើច្បាប់កាត់បន្ថយ ការចំណាយសាធារណៈផ្សេងៗ នៃការចំណាយប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋអាមេរិក ដែលកំពុងផ្ដល់ ផលប៉ះពាល់ដល់ពួកគេ ដោយក្នុងនោះ រាប់ចាប់ពីការចំណាយលើ ថ្លៃថ្នាំតាមវេជ្ជបញ្ជា ថ្លៃវិក័យប័ត្រប្រើប្រាស់ រហូតដល់ថ្លៃធានារ៉ាប់រងសុខភាព និងសេវាកម្មសាធារណៈផ្សេងៗ ទៀតនៅសហរដ្ឋអាមេរិក។ ចុងក្រោយ លោកនឹងកាត់បន្ថយ ការបង្កើនពន្ធលើ ប្រជាពលរដ្ឋអ្នកធ្វើការ ដាក់បន្ថែមសន្តិសុខសង្គម និង Medicare នៅលើកំណត់កាត់ ជារៀងរាល់ប្រាំឆ្នាំម្តង។