ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសដាក់ចេញ ជាផែនការសំខាន់ៗ មានរហូតដល់ទៅ ១១ ចំណុច ក្នុងការចាប់ផ្ដើមស្ដារឱ្យ វិស័យទេសចរណ៍នៅកម្ពុជា កាន់តែប្រសើរជាងមុន បើទោះបីជាការព្យាករណ៍ថា ទាល់តែឆ្នាំ ២០២៦ ទើបចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលមកកំសាន្តនៅកម្ពុជា កើនឡើងដល់កម្រិត ដូចកាលឆ្នាំ ២០១៩ កន្លងទៅក៏ដោយ។
ក្រសួងទេសចរណ៍ ស្ថិតក្នុងពិធីបិទសន្និបាត បូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្ដារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ នាឆ្នាំ២០២០ និង២០២១ កន្លងទៅ ដោយរាប់បញ្ចូលផងដែរ នូវត្រីមាសទី១ ឆ្នាំ២០២២ នេះ បានប្រកាសឡើងអំពី ផែនការការងារសំខាន់ៗចំនួន ១១ ដើម្បីស្ដារឱ្យវិស័យទេសចរណ៍កម្ពុជា មានភាពកាន់តែល្អប្រសើរបន្ថែមទៀត រួមមានដូចជា៖
ទី១៖ ប្តេជ្ញាបន្តជំរុញចលនា ទេសចរណ៍ផ្ទៃក្នុង ទៅកាន់គោលដៅទេសចរណ៍ថ្មីៗ នៅទូទាំងប្រទេស ជាមួយការផ្តល់ថ្លៃកញ្ចប់ ទស្សនកិច្ចទាក់ទាញ។
ទី២៖ បន្តជំរុញការអភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍ សម្រាប់ទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ នៅតាមប៉ូលទេសចរណ៍សំខាន់ៗ ដោយយកចិត្តទុកដាក់ លើភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព តម្លៃ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ។
ទី៣៖ បន្តជំរុញការវិនិយោគ លើហេដ្ឋារចនាសម្ពន្ធ គាំទ្រឱ្យកាន់តែប្រសើរឡើង និងសកម្មភាពគាំទ្រនានា សំដៅពង្រឹង និងពង្រីកភាពទាក់ទាញ និងធ្វើឱ្យគោលដៅទេសចរណ៍កម្ពុជា កាន់តែរស់រវើក។
ទី៤៖ បន្តជំរុញការតភ្ជាប់ តាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ព្រមទាំងការបើក ច្រកទ្វារអន្តរជាតិបន្ថែម ដើម្បីជំរុញទាក់ទាញទេសចរអន្តរជាតិ។
ទី៥៖ បន្តចូលរួមអនុវត្ត នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ឱ្យបានខ្ជាប់ខ្ជួនដើម្បីធានាសុវត្ថិភាព និងផ្តល់សេវាកម្ម ប្រកបដោយទំនុកចិត្ត ជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងនោះក្រៅពី ការបន្តជំរុញអនុវត្ត ៣កុំ ៣ការពារ យើងនឹងត្រួតពិនិត្យ ជំរុញការចាក់វ៉ាក់សាំងដូសជំរុញ ដល់បុគ្គលិក កម្មករ និយោជិត ក្នុងឧស្សាហកម្មទេសចរណ៍ផងដែរ។
ទី៦៖ បន្តជំរុញយុទ្ធនាការគាំទ្រនានា ជាអាទិ៍ ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ភូមិទេសចរណ៍ស្អាត បង្គន់សាធារណៈស្អាត យុទ្ធនាការគ្មានថង់ប្លាស្ទិក នៅតាមទីតាំងទេសចរណ៍សំខាន់ៗ និងស្តង់ដារង្វាន់ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ទី៧៖ បន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងបង្កើនផលិតភាព នៃការផ្តល់សេវាកម្ម និងរៀបចំ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍទេសចរណ៍ឆ្លាត នៅតំបន់គោលដៅទេសចរណ៍សំខាន់ៗ។
ទី៨៖ បន្តកម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដល់មន្ត្រីរាជការ បុគ្គលិក និងសហគ្រិនក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងជំនាញ ដែលមានស្រាប់ និងបណ្តុះបណ្តាលជំនាញថ្មី។
ទី៩៖ បន្តសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំដាក់ឱ្យអនុវត្ត កម្មវិធីសិក្សាជំនាញទេសចរណ៍អាស៊ាន សម្រាប់ឆ្នាំទី១ ទី២ និងទី៣ ត្រូវនឹងថ្នាក់ទី១០ ទី១១ និងទី១២ នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដើម្បីទទួលបានចំណេះ និងជំនាញខ្ពស់ ស្របតាមស្តង់ដាអាស៊ាន (MRA-TP)។
ទី១០៖ បន្តតាមដាន និងសិក្សាពីការវិវត្តនិងនិន្នាការទីផ្សារទេសចរណ៍ថ្មីៗ។
ទី១១៖ បន្តពង្រឹងអភិបាលកិច្ចទេសចរណ៍ និងជំរុញការរៀបចំ គោលនយោបាយ និងផែនការអភិវឌ្ឍន៍ទេសចរណ៍ថ្មីៗបន្ថែមទៀត ស្របតាមតម្រូវការជាក់ស្តែង។
ផែនការការងារសំខាន់ៗទាំង ១១ ចំណុចខាងលើនេះ គឺជាការប្ដេជ្ញារួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការក្នុង ការអនុវត្តប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ចំពោះគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការអាទិភាពនានា របស់រាជរដ្ឋាភិបាល ដើម្បីជម្រុញឱ្យទេសចរណ៍នៅកម្ពុជា មានដង្ហើមឡើងវិញ បើទោះបីជាភ្ញៀវអន្តរជាតិ មានការធ្លាក់ចុះក៏ដោយ តែភ្ញៀវទេសចរផ្ទៃក្នុង នៅតែមានសកម្មភាព ចេញធ្វើដំណើរក្នុងចំនួន មួយច្រើន គិតចាប់តាំងពីដើមឆ្នាំ ២០២២ មក៕