កម្ពុជា មានផែនការលើកកម្ពស់ សហគ្រាសធុនតូច និងមធ្យម (SMEs) ក្រោមកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ


ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំដោយ ឯកឧត្តម ចម ប្រសិទ្ធ ទើបបានបើកកិច្ចប្រជុំការងារ ជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលផ្ដោតលើប្រធានបទ «ការពង្រីករចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅអាស៊ាន (ASEAN-SME)» ក្នុងគោលដៅជំរុញ ការជ្រៀតចូលទីផ្សារ និងការធ្វើអន្តរ ជាតូនីយកម្មរបស់ SME ក៏ដូចជាលើកកម្ពស់គោលនយោបាយ និងបទប្បញ្ញាតិ្ត ក្រោមការជួយឧបត្តម្ភ ពីរដ្ឋាភិបាលអាល្លឺម៉ង់។

ជាដំបូង គេបានកត់សម្គាល់ឃើញ នូវវឌ្ឍនភាពល្អប្រសើរនៃ សហគ្រាសធុនតូចនិងមធ្យម SME ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអនុវត្តគម្រោង ASEAN-SME ក្នុងដំណាក់កាលទី១ ចន្លោះពីឆ្នាំ២០១៩ ដល់ខែសីហា ឆ្នាំ២០២២ ចំណែកដំណាក់កាលទី២ នឹងរៀបចំចាប់ពីខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ សម្រាប់ដំណាក់កាលទី២ មានគោលបំណង លើកកម្ពស់ និងអភិវឌ្ឍន៍សហគ្រិនភាព សហគ្រាស ឧស្សាហកម្ម អាជីវកម្ម ភាពច្នៃប្រឌិត និង នវានុវត្តន៍ ក៏ដូចជាការយល់ដឹងពី ច្រវ៉ាក់តម្លៃសាកល (Global Value Chain) មូលដ្ឋានគ្រឹះអាជីវកម្ម និងព័ត៌មានទីផ្សារជាដើម ឲ្យស្របតាមទិសដៅនៃការ ជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្នក្នុងប្រទេស និងក្នុងតំបន់។

ក្នុងការអនុវត្តគម្រោងកម្មវិធី ASEAN-SME យើងទទួលបានសមិទ្ធផល នៃការរៀបចំគេហទំព័រចំនួន ៣ ដែលបានអនុវត្ត នៅក្នុងក្របខណ្ឌអាស៊ាន និងនៅក្នុងប្រទេសកម្ពុជា សម្រាប់ជាប្រយោជន៍ SME ដែលមានដូចជា៖

១. គេហទំព័រ ASEAN Access គឺជាគេហទំព័រព័ត៌មាន អាជីវកម្មកម្រិតអាស៊ាន ដែលមានចំណុចប្រសព្វ (Focal point) គ្រប់ប្រទេសជាសមាជិក

២. គេហទំព័រ ASEAN Access MATCH គឺជាគេហទំព័រចំណុះអោយ ASEAN Access ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្គូរផ្គង អាជីវកម្មគ្រប់ផ្នែកក្នុងតំបន់ និងសកល

៣. គេហទំព័រ Khmer SME គឺជាគេហទំព័រអាជីវកម្ម ព័ត៌មានជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្ដល់ ព័ត៌មានអាជីវកម្ម គ្រប់ជ្រុងជ្រោយដល់សាធារណជន និងវិស័យ SME ទាំងក្នុងស្រុក និងក្រៅស្រុក។

លោក Frank Jattke ប្រធានក្រុមការងារអាស៊ាននៃអង្គការ GIZ អាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការល្អ និងសមិទ្ធផលសម្រេចបាន។ លោកបានបញ្ជាក់ថា ក្រោមកិច្ចសហការ និងប្តេជ្ញាចិត្តរួមគ្នា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការទីភ្នាក់ងារ GIZ អាល្លឺម៉ង់ គម្រោង ASEAN-SME ទទួលបានជោគជ័យ តាមគោលដៅ រួមមាន៖

១. លើកកម្ពស់មជ្ឈមណ្ឌលព័ត៌មាន សម្រាប់តំបន់អាស៊ាន

២. ពង្រីកមជ្ឈមណ្ឌល ព័ត៌មានជាតិសម្រាប់ SME

៣. លើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្នុងការធ្វើអន្តរជាតូបនីយកម្ម។