តើអ្វីជា កសិទេសចរណ៍? វាមានធាតុផ្សំ និងគុណប្រយោជន៍អ្វីខ្លះ?


កសិទេសចរណ៍ ជាវិស័យមួយដែល កំពុងមានប្រជាប្រិយខ្លាំង ដោយសារអ្នកផលិតព្យាយាម បង្កើតគំនិតច្នៃប្រឌិត ដើម្បីទាញប្រាក់ចំណូលទេសចរណ៍ តាមរយៈកសិកម្ម ដែលយើងបានឃើញច្រើន នៅក្នុងប្រទេសកសិកម្មធំៗ ក្នុងតំបន់អាស៊ានយើង មានដូចជា ប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម។ ដូចនេះ តើកសិទេសចរណ៍ គឺជាអ្វី? តើយើងអាចរៀបចំ កសិទេសចរណ៍ ដោយរបៀបណា?

១. និយមន័យ

កសិទេសចរណ៍ ឬ Agritourism ជាការបូកបបញ្ចូល រវាងពាក្យ កសិកម្ម (Agriculture) និងទេសចរណ៍ (Tourism) ដោយនេះជាទម្រង់កែច្នៃ និងទាញប្រយោជន៍ទេសចរណ៍ តាមរយៈវិស័យកសិកម្ម ដូចជាកសិកម្មប្រពៃណី កសិកម្មពាណិជ្ជកម្ម ការកែច្នៃកសិកម្ម ឬក៏ជាសហគ្រាសពាណិជ្ជកម្ម នៅក្នុងវិស័យកសិកម្មជាដើម សម្រាប់នាំភ្ញៀវទេសចរ មកធ្វើដំណើរលេងកម្សាន្ដ មកស្វែងយល់ពីកសិកម្ម ស្វែងយល់ពី ផលិតផលកសិកម្មជាដើម។

យើងអាចលើកជាឧទាហរណ៍ ចំពោះកសិទេសចរណ៍ មួយចំនួនដូចជា៖

• ចំការទំពាំងបាយជូ ចំការស្ត្ររប៊ែរី ចំការតែ ចំការកាហ្វេ ស្រែអំបិល ដាំស្រូវតំបន់ភ្នំ...

• ការរៀបចំសួនផ្កា សួនវង្វេង សួនតាមរដូវកាល តំបន់ពិកនិក...

• កសិដ្ឋានចិញ្ចឹមសត្វចៀម សត្វពពែ ទន្សាយ...

• ដំណើរទេសចរណ៍ទៅតំបន់បិទស្រា និងភ្លក់ស្រារសជាតិដើម...

• សារមន្ទីរកសិកម្ម ទេសចរណ៍តាមសហគមន៍កសិកម្ម....

២. ធាតុផ្សំនៃកសិទេសចរណ៍

កសិទេសចរណ៍ អាចរៀបចំទៅបាន គឺអាស្រ័យទៅលើ ធនធានកសិកម្មផលិត និងប្រពៃណីកសិកម្ម ដែលមានភាពទាក់ទាញ ប្លែកពីតំបន់ផ្សេងៗជាដើម។ ខាងក្រោមនេះ ជាសមាសធាតុផ្សំចំនួន ៤ ដែលកសិទេសចរណ៍គួរតែមាន៖

១. ការរួមបញ្ចូលគ្នាយ៉ាងជិតស្និត នូវធាតុសំខាន់ៗនៃ ឧស្សាហកម្មទេសចរណ៍ និងកសិកម្ម

២. ប្រតិបត្តិការកសិកម្ម ដែលមានភាពទាក់ទាញ ដល់សាធារណជន ឲ្យចង់មកឃើញ ចង់មកស្វែងយល់

៣. ការរៀបចំឡើង ក្នុងគោលបំណង បង្កើនប្រាក់ចំណូលដល់កសិករ

៤. ផ្ដល់ជូននូវការកម្សាន្ដ ចំណេះដឹងកសិកម្ម ពាណិជ្ជកម្ម និងបទពិសោធន៍អប់រំ ដល់ភ្ញៀវទេសចរ

៣. អត្ថប្រយោជន៍នៃ កសិទេសចរណ៍

កសិទេសចរណ៍ ជាបទពិសោធន៍ទេសចរណ៍ មួយប្លែកពីគេ និងអាចរៀបចំទៅបាន នៅគ្រប់ប្រទេស គ្រប់តំបន់កសិកម្ម មានឱកាសច្រើន សម្រាប់អាចបង្កើត មិនចាំបាច់តែលើធនធានធម្មជាតិ ឬទេសភាពស្រស់ស្អាតនោះទេ។ ម្យ៉ាងទៀត កសិទេសចរណ៍ ផ្ដល់នូវប្រាក់ចំណូល ការអប់រំ ភាពច្នៃប្រឌិត ទាំងសហគមន៍កសិកម្ម និងទាំងភ្ញៀវទេសចរ អាចបង្កើតឱកាសការងារ តាមរយៈសេវាកម្ម និងការស្នាក់នៅ, ពង្រឹងការផលិតនិងប្រើប្រាស់ ផលិតផលកសិកម្ម, អាចជួយពង្រីកទីផ្សារកសិកម្ម, ជួយអភិរក្សដីកសិកម្ម ដោយសារលំហូរ កសិកម្មច្បាស់លាស់ បែកចែកតំបន់ពាណិជ្ជកម្ម និងតំបន់កសិកម្មច្បាស់លាស់, និងបង្កើតចរន្ដសេដ្ឋកិច្ចខ្ពស់ នៅក្នុងតំបន់កសិកម្មផងដែរ។