ក្រុមហ៊ុន AKRAM Development Co., Ltd វិនិយោគទឹកប្រាក់ ១៥០ លានដុល្លារនៅទីក្រុងកោះនរា


ក្រុមហ៊ុនអចលនទ្រព្យកម្រិតខ្ពស់ ពីប្រទេសសិង្ហបុរី បានទិញយកទិញដី ពីក្រុមហ៊ុន OCIC នៅតំបន់ទីក្រុងរណប កោះនរា ទំហំ ៣,៥ ហិកតា ដើម្បីវិនិយោគ ផ្នែកអចលនទ្រព្យអគារខ្ពស់ មានតម្លៃជាង ១៥០ លានដុល្លារ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អ្នកឧកញ៉ា ពុង ឃៀវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC និង លោក Kelvin Chau នាយកប្រតិបត្តិក្រុមហ៊ុន AKRAM Development Co., Ltd បានចុះកិច្ចព្រមព្រៀង ទិញលក់ដីទំហំ ៣,៥ ហិកតា នៅទីក្រុងកោះនរា ដើម្បីអភិវឌ្ឍន៍ អចលនទ្រព្យអគារប្រណិត មិនធ្លាប់មានពីមុនមក នៅកម្ពុជា អាចមានតម្លៃប្រមាណ ១៥០ លានដុល្លារ បន្ទាប់ពីមើលឃើញពី តម្រូវការនៃគម្រោងវិនិយោគ អចលនទ្រព្យកម្រិតខ្ពស់ មានការកើនឡើង គួរអោយកត់សម្គាល់ នៅរាជធានីភ្នំពេញ។

ក្រុមហ៊ុន AKRAM Development Co., Ltd មានបទពិសោធន៍ជាង ២០ ឆ្នាំ លើការវិនិយោគអលចនទ្រព្យកម្រិតខ្ពស់ ស្ថាបត្យកម្មទំនើប ជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗ ដែលជឿជាក់ថា នឹងនាំមកនូវគម្រោងសាងសង់ ប្រកបដោយប្រណិតភាព និងភាពលេចធ្លោ នៅទីក្រុងរណបកោះនរា។ ចំណែកការជ្រើសរើស ទីតាំងវិនិយោគ កោះនរា ក្រុមហ៊ុនមើលឃើញថា ជាទីតាំងយុទ្ធសាស្ត្រ ដែលមិនត្រឹមតែ ស្ថិតនៅចំណុចប្រសព្វ ទន្លេចតុមុខប៉ុណ្ណោះទេ ថែមទាំងជាទីក្រុងរណបដ៏ធំមួយ នៅរាជធានីភ្នំពេញ តភ្ជាប់ទៅនឹងទីក្រុងកោះពេជ្រ និង NagaWorld ផងដែរ ជាមួយការអភិវឌ្ឍន៍ អចលនទ្រព្យយ៉ាងឆាប់រហ័ស។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន OCIC ក៏កំពុងមមារញឹក សាងសង់ស្ពាន តភ្ជាប់ទីក្រុងកោះនរា-កោះពេជ្រ និងស្ពានតភ្ជាប់ មកកាន់ផ្លូវជាតិលេខ ១ ផងដែរ មានតម្លៃរហូតដល់ ៣៨ លានដុល្លារ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីសម្រួលចរាចរណ៍ ការធ្វើដំណើរ កាត់បន្ថយបញ្ហា កកស្ទះចរាចរណ៍ នៅស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ)។