រាជរដ្ឋាភិបាលកម្ពុជា សម្រេចបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ ២០២២ ក្នុងទំហំទឹកប្រាក់ជាង ១ទ្រីលានរៀល ឬស្មើនឹង ៣០០ លានដុល្លារអាមេរិក ដើម្បីធ្វើជាហិរញ្ញប្បទាន គាំទ្រវិនិយោគសាធារណៈ និងស្តារផលិតភាព សេដ្ឋកិច្ចឡើងវិញ ឆ្លើយតបនឹងបរិការណ៍ នៃផលប៉ះពាល់ពីការ រីករាលដាលនៃជំងឺកូវីដ-១៩ និងការប្រឈមនឹង វិបត្តិសេដ្ឋកិច្ចសកល។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះកាលបរិច្ឆេទថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ ដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី ២៥ ខែសីហានេះ បានឱ្យដឹងថា ការបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនេះ នឹងអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២ តទៅ ដោយក្នុងមួយប័ណ្ណ មានតម្លៃ ១លានរៀល និងជាប្រភេទមូលបត្រ ឥណប្រតិទាន ១ឆ្នាំ, ៣ឆ្នាំ, និង ៥ឆ្នាំ។ មូលបត្រឥណប្រតិទាន១ឆ្នាំ មានទំហំបោះផ្សាយតម្លៃ ២០០ប៊ីលានរៀល ខណៈឥណប្រតិទាន ៣ឆ្នាំ មានទំហំបោះផ្សាយ ៨០០ប៊ីលានរៀល និងឥណប្រតិទាន៥ឆ្នាំ មានទំហំបោះផ្សាយតម្លៃ ២០០ ប៊ីលានរៀល។ សូមបញ្ជាក់ថា មូលបត្ររដ្ឋ គឺជាឧបករណ៍ហិរញ្ញវត្ថុ ដែលបង្កើតឡើងបម្រើ ដល់ការកៀរគរហិរញ្ញប្បទាន ទាំងក្នុងស្រុក និងក្រៅស្រុក ពីវិស័យឯកជន សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

សេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា វិនិយោគិនមូលបត្ររដ្ឋ នឹង ទទួលបានការ លើកទឹកចិត្តពន្ធដារ ដោយការកាត់បន្ថយ ពន្ធកាត់ទុក៥០% លើការប្រាក់បានពី ការកាន់កាប់ និង/ឬ ការទិញ-លក់មូលបត្ររដ្ឋ និងលើកលែងពន្ធ លើចំណេញមូលធន ចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋ សម្រាប់រយៈពេល៣ឆ្នាំ ព្រមទាំងទទួលបាន ការលើកទឹកចិត្ត ក្នុងវិស័យធនាគារដូចជា៖ ទទួលស្គាល់ ការថ្លឹងហានិភ័យសូន្យភាគរយ ចំពោះមូលបត្ររដ្ឋ ដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនា អនុបាតសោធនភាព និងទទួលស្គាល់ជា ទ្រព្យសកម្មសន្ទនីយ ដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋ ដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនា អនុបាតក្របខ័ណ្ឌសន្ទនីយភាព៕