ក្រុមហ៊ុន Minebea ប្រកាសបង្កើតគម្រោងស្ថានីយ៍អគ្គិសនីសូឡា កម្លាំង ៥០ មេហ្គាវ៉ាត់នៅកម្ពុជា


ភ្នំពេញ៖ ក្រុមហ៊ុនផលិត នូវផលិតផលអេឡិចត្រូនិចធំមួយ របស់ជប៉ុន នៅកម្ពុជា Minebea បានប្រកាសជាផ្លូវការ ក្នុងការសម្រេចវិនិយោគ បង្កើតជាស្ថានីយ៍ថាមពល អគ្គិសនីសូឡាថ្មីមួយ ដើម្បីឆ្លើយតបទៅនឹង សេចក្ដីត្រូវការថាមពលពីដៃគូអាជីវកម្ម ក៏ដូចជារួមចំណែក ក្នុងការគាំទ្រថាមពលបៃតង និងចែកចាយថាមពលបន្ត ទៅកាន់អាជ្ញាធរជាតិអគ្គិសនីកម្ពុជា។

លោក Yoshihiro Sakanushi អគ្គនាយក នៃក្រុមហ៊ុន Minebea (Cambodia) Co., Ltd. កាលពីថ្ងៃពុធកន្លងទៅនេះ បានប្រកាសឱ្យដឹងថា នឹងធ្វើការវិនិយោគ បង្កើតជាស្ថានីយ៍ថាមពលអគ្គិសនី ផ្ទាំងសូឡាធំមួយនៅកម្ពុជា ជាមួយនឹងអានុភាព អាចផលិតថាមពលបាន ៥០ មេហ្គាវ៉ាត់។ ការបង្កើតស្ថានីយ៍ថាមពលនេះ គឺជាការឆ្លើយតបទៅនឹង សេចក្ដីត្រូវការ នៃថាមពលក្នុងសង្គមកម្ពុជា ជាពិសេសក្រុមហ៊ុន Minebea នឹងអាចផ្គត់ផ្គង់ ទៅដល់ដៃគូអាជីវកម្មរបស់ខ្លួន រួមមានដូចជា Apple និង Toyota ជាដើម។

តាមការឱ្យដឹង នៃគម្រោងសាងសង់ស្ថានីយ៍ ថាមពលបៃតងថ្មីមួយនេះ នឹងចំនាយថវិការប្រមាណជា ៤៥ លានដុល្លារអាមេរិកឯណោះ ដែលអាចផ្គត់ផ្គង់ ថាមពលបៃតងទៅកាន់ តម្រូវការរបស់ក្រុមហ៊ុន ក៏ដូចជាដៃគូអាជីវកម្មផ្សេងៗ។ ការរៀបចំនេះ គឺស្របទៅនឹង គោលនយោបាយរបស់អង្គការសហប្រជាជាតិ (UN) ដែលគាំទ្រឱ្យបង្កើត ការផលិតថាមពលបៃតង ឱ្យបានកាន់តែច្រើន ហើយស្ថានីយ៍មួយនេះ នឹងរួមចំណែក ផ្គត់ផ្គង់ថាមពលទៅកាន់ EDC ដើម្បីចែកចាយបន្តផងដែរ។

ជាមួយនឹងការប្រកាសនេះ ក្រសួងរ៉ែ និងថាមពល បានបង្ហាញនូវ ការគាំទ្រយ៉ាងពេញទំហឹង សម្រាប់ក្រុមហ៊ុន Minebea ដែលតែងតែយកចិត្តទុកដាក់ ក្នុងការរួមចំនែកវិនិយោគនៅកម្ពុជា ដែលនឹងបន្តជួយជ្រោមជ្រែង ធ្វើយ៉ាងណាឱ្យគម្រោងមួយនេះ សម្រេចបានជាផ្លែផ្កា នាពេលខាងមុខ។ យ៉ាងណាក៏ដោយ សម្រាប់ការកំណត់ទីតាំង បង្កើតស្ថានីយ៍មួយនេះ ពុំទាន់បញ្ជាក់ឱ្យដឹង នៅឡើយទេ ហើយការចាប់ផ្ដើម បើកការដ្ឋានសាងសង់ ក៏ពុំបានកំណត់កាលបរិច្ឆេទនោះដែរ។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២១ កន្លងទៅ ថាមពលបៃតង ដែលផលិតបាននៅកម្ពុជា មានអានុភាពប្រមាណ ៣៧១ មេហ្គាវ៉ាត់ប៉ុណ្ណោះ កើនឡើងពីអានុភាព ១០ មេហ្គាវ៉ាត់ កាលពីឆ្នាំ ២០១៧។ សម្រាប់តម្រូវការ នៅលើផ្ទៃប្រទេសវិញ ពេញមួយឆ្នាំ២០២១ តម្រូវការមានដល់ ៤.០១៤ មេហ្គាវ៉ាត់ ដោយក្នុងនោះកម្ពុជា អាចផ្គត់ផ្គង់ថាមពលក្នុងស្រុកបាន ៣.០៣៣ មេហ្គាវ៉ាត់ និងទិញពីប្រទេសជិតខាង ប្រមាណ ៩៨១ មេហ្គាវ៉ាត់៕