តម្លៃមាសនៅវៀតណាម ធ្លាក់ចុះដល់កម្រិតទាប ត្រឹមរយៈពេលមួយខែ


(ហាណូយ)៖ តម្លៃមាសដុំ ដែលមានម៉ាកយីហោ SJC កាលពីថ្ងៃចន្ទ បានធ្លាក់ចុះ 250,000 ដុង (10,67ដុល្លារ) មកនៅត្រឹម 66,55 លានដុង (2,837.07ដុល្លារ) ក្នុងមួយតម្លឹង ដែលជាតម្លៃទាបបំផុត ក្នុងរយៈពេលមួយខែ។ ដោយឡែក សារព័ត៌មាន VN Express បានរាយការណ៍ថា តម្លៃដុំមាសរបស់ម៉ាកយីហោ ផ្សេងទៀតដូចជា DOJI និង Phu Quy បានធ្លាក់ចុះច្រើនជាងនេះគឺចំនួន 3 សែនដុង (12,8 ដុល្លារ) ទៅ 3,5 សែនដុង (14,93ដុល្លារ)ឯណោះ។

តម្លៃចិញ្ចៀនមាស ក៏ធ្លាក់ចុះផងដែរ ពោលគឺធ្លាក់ចុះ 2 សែនដុង (8,53ដុល្លារ) មកនៅត្រឹម 51,2 លាន ដុង (2,184.77 ដុល្លារ) ក្នុងមួយតម្លឹង។ តម្លៃដុំមាស បានធ្លាក់ចុះសម្រាប់ វគ្គជួញដូរបីវគ្គ ជាប់គ្នាដល់កម្រិតទាបបំផុត ក្នុងមួយខែចុងក្រោយនេះ។ មាសដុំម៉ាកយីហោ SJC មានតម្លៃខ្ពស់ ជាងតម្លៃជាមធ្យម របស់ពិភពលោក ចំនួនប្រហែល 17,7 លានដុង (755.28 ដុល្លារ) ក្នុងមួយតម្លឹង។ នៅក្នុងទីផ្សារពិភពលោក មាសបានធ្លាក់ចុះរយៈពេល ពីរថ្ងៃជាប់គ្នា បន្ទាប់ពីប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បានពន្យាពេល បន្ធូរបន្ថយវិធានការណ៍រូបិយវត្ថុ ដែលជាបង្ហាញថា ជំនួសឱ្យការបន្ធូរបន្ថយ វិធានការណ៍រូបិយវត្ថុ អត្រាការប្រាក់ នឹងបន្តកើនឡើង និងនៅតែកម្រិតខ្ពស់ ដើម្បីទប់ស្កាត់អតិផរណា។

តម្លៃមាសក្នុង ទីផ្សារជួញដូរភ្លាមៗ បានធ្លាក់ចុះ 1% ដល់ 1,720.45 ដុល្លារក្នុងមួយអោន ដែលជាកម្រិតទាបបំផុត ចាប់តាំងពីថ្ងៃទី 27 ខែកក្កដា ហើយបានជួញដូរ នៅក្នុងតម្លៃ 1,723.7 ដុល្លារ គិតត្រឹមម៉ោង 10 និង 21 នាទីព្រឹក នៅទីក្រុងឡុងដ៍។