គម្រោងវិនិយោគថ្មី ៥ កន្លែងទៀត ស្មើនឹងទឹកប្រាក់ជាង ៨២ លានដុល្លារ ត្រូវបានអនុញ្ញាតដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC ទើបតែបានចុះបញ្ជី ជូនក្រុមហ៊ុនចំនួន ៥ មានបំណងវិនិយោគទុន នៅកម្ពុជា ដូចជារោងចក្របន្ទះសូឡា មន្ទីរពេទ្យ អភិវឌ្ឍន៍រមណីដ្ឋាន ទេសចរណ៍ អាជីកម្មរ៉ែមាស និងរោងចក្រសម្លៀកបំពាក់ ដែលគិតជាទុនវិនិយោគសរុប ៨២,៧ លានដុល្លារ និងបង្កើតការងារជិត ២ ពាន់កន្លែង។

១. ក្រុមហ៊ុន Kitatsu Solar (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រ ផ្គុំដំឡើងបន្ទះសូឡា មានទីតាំងនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល មានទុនវិនិយោគសរុប ២៣,៤ លានដុល្លារ និងអាចបង្កើតការងារបាន ៦៣៧ កន្លែង។

២. ក្រុមហ៊ុន Kemunik Hospital Co., Ltd គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យចំនួន ១៥០ គ្រែ មានទីតាំងនៅផ្លូវលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ២៣ លានដុល្លារ និងអាចបង្កើត ការងារបាន ៤៥៨ កន្លែង។

៣. ក្រុមហ៊ុន Samanea Co., Ltd គម្រោងវិនិយោគ អភិវឌ្ឍន៍កោះស្វាយ កោះម្ទេស និងកោះកុក ដែលមានទីតាំងនៅក្រុងកែប ក្នុងទុនវិនិយោគប្រមាណ ១៨,២ លានដុល្លារ និងអាចបង្កើត ការងារបាន ៦០ កន្លែង។

៤. ក្រុមហ៊ុន Late Cheng Mining Development Co., Ltd គម្រោងវិនិយោគ អាជីវកម្មរ៉ែមាស មានទីតាំងនៅឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣ លានដុល្លារ និងអាចបង្កើត ការងារបាន ៣០០ កន្លែង។

៥. ក្រុមហ៊ុន Hen Jiu Garment Accessory Co., Ltd គម្រោងបង្កើតរោងចក្រ ផលិតគ្រឿងបន្សំ សម្លៀកបំពាក់ និងខារអំពោះ ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,‌១ លានដុល្លារ និងអាចបង្កើតការងារបាន ៤៦៣ កន្លែង។