ប្រាសាទភ្នំបាណន់ សំណង់ប្រាសាទកំពូល ៥ ដ៏ពេញនិយម ប្រចាំខេត្តបាត់ដំបង កសាងឡើងក្នុងពាក់កណ្ដាលសតវត្សរ៍ទី១១


ប្រាសាទភ្នំបាណន់ បច្ចុប្បន្នជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដ៏ពេញនិយមបំផុតមួយ ប្រចាំខេត្តបាត់ដំបង ស្ថិតនៅភូមិបាណន់ ឃុំកន្ទី២ ស្រុកបាណន់ ចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ ពីទីរួមខេត្តភាគខាងត្បូង ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមទៅទស្សនាប្រាសាទបាណន់ ជិះឡូរីជើងភ្នំ ជិទូកកម្សាន្ដ និងទទួលអាហារឆ្ងាញ់ៗ នៅក្នុងតំបន់។ យ៉ាងណាមិញ យើងគម្បីស្គាល់ ប្រាសាទភ្នំបាណន់ ដែលជាប្រាសាទដ៏ចំណាស់មួយ ក្នុងអាណាចក្រខ្មែរ ចាប់ផ្ដើមពី ពាក់កណ្ដាលសតវត្សរ៍ទី១១ រហូតមកដល់សតវត្សរ៍ទី១២ មានរចនាបថបាពួន និងគោរពបូជា តាមព្រហ្មញ្ញសាសនា។

ប្រាសាទភ្នំបាណន់ ស្ថិតនៅក្នុងអតីតទឹកដី «ភីមបុរៈ» ជាទឹកដីមួយផ្នែក នៅភាគខាងលិចស្ទឹងសង្កែ រហូតដល់ភ្នំបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្ន។ «ភីមបុរៈ» ទំនងជាទីប្រជុំជនដំបូង នៅតំបន់ភ្នំបាណន់ ជាដែនដីរដ្ឋបាលមួយ នៅក្រៅរាជធានីអង្គរ។ ប្រាសាទភ្នំបាណន់ បានចាប់ផ្ដើមកសាងឡើង ក្នុងរាជ ព្រះបាទឧទយាទិត្យរវ្ម័នទី២ (គ.ស ១០៥០-១០៦៦) ជាព្រះរាជបុត្រច្បងរបស់ ព្រះបាទសូរ្យវរ្ម័នទី១ និងបញ្ចប់នៅក្នុងរាជ្យរបស់ ព្រះបាទជ័យវរ្ម័នទី៧ ក្នុងគ្រិស្ដសករាជ ១១១២។

ប្រាសាទភ្នំបាណន់ មានរាងចតុកោណកែង មានបណ្តោយប្រវែង ៦០ ម៉ែត្រ និងទទឹង ៤០ ម៉ែត្រ មានប្រាង្គប្រាសាទចំនួន ៥ ដែលប្រាង្គ៤ សងខាងតំណាងអោយទ្វីប ឬទិសធំៗទាំង៤ ឯប្រាង្គធំកណ្តាល កម្ពស់ ២៥ ម៉ែត្រ តំណាងអោយភ្នំព្រះសុមេរុ ជាទីស្ថានរបស់ព្រះសិវៈ និងត្រូវគោរពបូជា បែបព្រហ្មញ្ញសាសនា។

ប្រាសាទភ្នំបាណន់ បានសាងសង់នៅលើ ភ្នំធម្មជាតិ មានកម្ពស់ប្រហែល ៧៥ ម៉ែត្រ មានប្រាង្គជុំវិញធ្វើឡើងពីថ្មភក់ លាយថ្មបាយក្រៀម ចំណែកប្រាង្គកណ្ដាល សង់ឡើងពីថ្មភក់ ស្ថិតនៅក្នុងរចនាបថបាពួន មុនសម័យអង្គរ ដោយកំពូលធំចំកណ្ដាល មានផ្លូវឡើងពីខាងកើត ចំណែកកំពូលប្រាសាទទី២ នាទិសខាងត្បូង ឈ្មោះថាប្រាសាទទម្លាក់ដូង ដោយប្រាង្គនោះ មានល្អាងចុះមកក្រោម ប៉ុន្តែមិនមាន មនុស្សហ៊ានចុះនោះទេ ដោយនៅរដូវបុណ្យទាន គេតែងតែយកផ្លែកដូង ទៅទម្លាក់ក្នុងល្អាងនោះ ហើយដូងនឹងធ្លាក់ទៅ ស្ទឹងសង្កែតែម្ដង។

នៅឯជើងភ្នំវិញ មានគូទឹក និងមានរូងភ្នំជ្រៅៗធំទូលាយ អោយអាចអោយ មនុស្សចូលល្អាងសំខាន់ ២ បានគឺ៖ ល្អាងព្រះទឹក និងល្អាងបិទមាស។ រូងភ្នំនោះ មានទំហំប្រហែល ១២ ម៉ែត្របួនជ្រុង ជញ្ជាំងថ្ម ពុំមានចម្លាក់អ្វី គួរអោយកត់សម្គាល់នោះទេ ប៉ុន្តែនៅខាងត្បូងតម្រងទឹក ក្បែរជញ្ជាំង មានព្រះពុទ្ធរូបបាក់បែក ជាច្រើនបំណែក និងមានពន្លឺព្រះអាទិត្យ ជះបំភ្លឺចូលពីខាងលើ។