គុនល្បុក្កតោ ដែលជាគុនប្រពៃណីរបស់កម្ពុជា កំពុងត្រៀមខ្លួនក្លាយជា ប្រភេទកីឡាមួយ នៃកីឡាយុទ្ធគុនចម្រុះ ដែលនឹងត្រូវដាក់ឱ្យប្រកួត ក្នុងចំណោមកីឡាទាំង ៣៩ប្រភេទ បូកនឹងកីឡាសម្ដែង ១ប្រភេទ ដែលមានក្នុងព្រឹត្តិការណ៍ ដ៏មានកិត្យានុភាព ប្រចាំតំបន់អាស៊ីអាគ្នេយ៍ គឺព្រឹត្ដិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣ ដែលមានកម្ពុជា ធ្វើជាម្ចាស់ផ្ទះតែម្ដង។ ដូចគ្នានេះដែរ អត្តពលិកគុនល្បុក្កតោកម្ពុជា បាននឹងកំពុងហ្វឹកហាត់ យ៉ាងសស្រាក់សស្រាំផងដែរ ដើម្បីត្រៀមបង្ហាញវត្តមាន ជាលើកដំបូង នៅក្នុងព្រឹត្ដិការណ៍ដ៏ធំមួយនេះ។ ជាក់ស្ដែង លោក វី តារ៉ា គ្រូបង្វឹកគុនល្បុក្កតោកម្ពុជា បានបញ្ជាក់ថា មកទល់ពេលនេះ កីឡាករ-កីឡាការិនីបាននឹងកំពុង ហ្វឹកហាត់យ៉ាងសកម្ម និងហ្មត់ចត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមខ្លួន ឲ្យបានកាន់តែប្រសើរ សម្រាប់ការប្រកួត។
លោក វី តារ៉ា បានបញ្ជាក់ទៀតថា ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី មានភាពរលូនធម្មតា អត់មានជា បញ្ហាប្រឈមអ្វីឡើយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងសាលដំរី ក្រោមការគ្រប់គ្រង របស់មជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡា ដោយហ្វឹកហាត់មួយថ្ងៃ ២ដង ព្រឹកម្ដង និងរសៀលរហូតដល់ល្ងាចម្ដង ពោលគឺពេលព្រឹក ហ្វឹកហាត់ជុំគ្នាទាំងវិញ្ញាសាសម្ដែង និងប្រយុទ្ធ ខណៈពេលរសៀល ហ្វឹកហាត់ដោយមាន ការបែងចែកតាម វិញ្ញាសារៀងៗខ្លួន។
គួរបញ្ជាក់ដែរថា ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ប្រភេទកីឡា ដែលស្ថិតនៅចំណាត់ថ្នាក់ទី៣ ឬជាប្រភេទកីឡាក្នុងតំបន់ និងកីឡាប្រពៃណីមួយនេះ បានត្រៀម ២១វិញ្ញាសា ដើម្បីប្រកួតប្រជែង ដណ្ដើមមេដាយ ហើយកម្ពុជា ត្រៀមកីឡាករ-កីឡាការិនី សរុបចំនួន ២៨នាក់ ដោយចែកចេញជា២ គឺវិញ្ញាសាប្រយុទ្ធ មានចំនួន ១២នាក់ និងវិញ្ញាសាសម្ដែង មានចំនួន ១៦នាក់៕