ក្នុងអំឡុងពេលនៃ កិច្ចសន្ទនាកាលពីពេលថ្មីៗនេះ ស្តីពីវិស័យអាកាសចរណ៍ នៅទីក្រុងហ្សាកាតា រដ្ឋមន្ត្រីក្រសួង សម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគរបស់ ប្រទេសឥណ្ឌូណេស៊ី លោក លូហ៊ុត ប៊ីនសារ ប៉ាន់ចៃតាន់ បានផ្តោតការយកចិត្ត ទុកដាក់សំខាន់ ទៅលើតម្រូវការសម្រាប់ កិច្ចខិតខំប្រឹងប្រែង ស្តារឡើងវិញនូវ វិស័យអាកាសចរណ៍ ក្រោយជំងឺរាតត្បាត។

លោកត្រូវបានដកស្រង់សម្តី ដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ដែលបាននិយាយ នៅក្នុងកិច្ចសន្ទនា តាមប្រព័ន្ធអនឡាញស្តីពី «វិធានការណ៍ហិរញ្ញវត្ថុ សម្រាប់ការស្តារ វិស័យអាកាសចរណ៍ឡើងវិញ» ថាវិស័យអាកាសចរណ៍ គឺជាវិស័យដ៏សំខាន់មួយ សម្រាប់ការជំរុញ សេដ្ឋកិច្ចពិភពលោក។ លោកបានលើកឡើងនូវ អាទិភាពសំខាន់ៗ ចំនួនបួនដែលត្រូវតែគិតគូរ ដើម្បីស្តារឧស្សាហកម្ម អាកាសចរណ៍ឡើងវិញ ពោលគឺការពន្លឿន ការស្តារឡើងវិញ នូវការតភ្ជាប់ផ្លូវអាកាស ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម រៀបចំការស្តារឡើងវិញ ដែលមានការយកចិត្តទុកដាក់ ទៅលើអនាគតប្រកប ដោយចីរភាព និងការអភិរក្សបរិស្ថាន ជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេស ស្ថាប័នហិរញ្ញវត្ថុ និងវិស័យឯកជនអន្តរជាតិនានា ព្រមទាំងទាញយក អត្ថប្រយោជន៍ពី ឌីជីថលនីយកម្ម និងនវានុវត្តន៍បច្ចេកវិទ្យា។

ទន្ទឹមនឹងនេះដែរ ប្រធានអង្គការអាកាសចរណ៍ ស៊ីវិលអន្តរជាតិ លោក សាល់វ៉ាតូរេ ស៊ីអាកជីតាណូ បានកោតសរសើរ ចំពោះការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការស្តារឧស្សាហកម្ម អាកាសចរណ៍ឡើងវិញ។ លោកបាននិយាយថា តួនាទីរបស់ប្រទេសឥណ្ឌូណេស៊ី គឺលើកយកបញ្ហា អាកាសចរណ៍មក ជាចំណុចកណ្តាលនៃ ការយកចិត្តទុកដាក់ ក្នុងអំឡុងពេលធ្វើជា ប្រធាននៃក្រុមប្រទេស G20 របស់ប្រទេសឥណ្ឌូណេស៊ី ដោយលោកបាន និយាយបន្ថែមថា ឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-19 ទៅលើឧស្សាហកម្មអាកាសចរណ៍ គឺពិតជាធ្ងន់ធ្ងរណាស់។ មុនពេលមានជំងឺរាតត្បាតកូវីដ-19 មនុស្សប្រមាណ 4.5 ពាន់លាននាក់ បានធ្វើដំណើរតាម យន្តហោះជារៀងរាល់ឆ្នាំ។ បើទោះបីជាយ៉ាងណាក៏ដោយ ចំនួននេះបានធ្លាក់ចុះ 60% ក្នុងអំឡុងពេលមាន ជំងឺរាតត្បាត ដោយលោកបានចង្អុល បង្ហាញដោយគូសបញ្ជាក់ ពីការគាំទ្ររបស់ រដ្ឋាភិបាលឥណ្ឌូណេស៊ី ចំពោះក្រុមហ៊ុនអាកាសចរណ៍ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនល្បឿន នៃការស្តារវិស័យនេះឡើងវិញ។

លោកបានស្វាគមន៍បន្ថែមទៀត ចំពោះការចុះហត្ថលេខា លើកិច្ចព្រមព្រៀង នៃការតភ្ជាប់ផ្លូវអាកាស ដ៏ទូលំទូលាយបន្ថែមទៀត រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) ដែលត្រូវ បានរំពឹងថានឹងជួយពន្លឿន ដល់ការស្តារវិស័យអាកាសចរណ៍ នៅក្នុងតំបន់ទាំងពីរ និងនៅលើពិភពលោក ៕