កម្ពុជា នឹងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ


នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ សាលាវិជ្ជាជីវៈទេសចរណ៍ដំបូង នៅកម្ពុជា ចំនួន ២ ទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងគោលដៅពង្រឹង សេវាកម្មបដិសណ្ឋារកិច្ច លើកស្ទួយវិស័យទេសចរណ៍ នៅប្រទេសកម្ពុជា អោយឈានទៅមួយកម្រិតទៀត។

គម្រោងសាងសង់ សាលាវិជ្ជាជីវៈទេសចរណ៍ ទាំង ២ ទីតាំងគ្រោងនឹង ចំណាយថវិកាប្រមាណ ១២ លានដុល្លារ ដែលជាកម្ចីហិរញ្ញប្បទានពី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងទទួលបានជំនួយឥតសំណង ១,៥ លានអឺរ៉ូ បន្ថែមទៀត ក្នុងការស្ដារឡើងវិញ និងជួយអភិវឌ្ឍន៍ វិស័យទេសចរណ៍នៅកម្ពុជា អំឡុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

គម្រោងសាងសង់ សាលាវិជ្ជាជីវៈទេសចរណ៍ រាជធានីភ្នំពេញ នឹងចាប់ផ្ដើមនៅខែធ្នូ ឆ្នាំ២០២២ គ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានម៉ៅការសាងសង់ ដោយក្រុមហ៊ុន Urban Cambo Builders Co., Ltd និងសិក្សាប្លង់ព្រមទាំងត្រួតពិនិត្យ គុណភាពសំណង់ដោយក្រុមហ៊ុន Group Four Architects & Engineers។

ចំណែកគម្រោងសាងសង់ សាលាវិជ្ជាជីវៈទេសចរណ៍ ខេត្តព្រះសីហនុ នឹងប្រើរយៈពេលសាងសង់ ១៥ ខែនិងម៉ៅការសំណង់ ព្រមទាំងពិនិត្យគុណភាព ដោយក្រុមហ៊ុនដូចគ្នា មានទីតាំងស្ថិតនៅ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានសន្យាថាអាចនឹងជួយ បន្ដបង្កើតសាលាវិជ្ជាជីវៈនេះ នៅតាមបណ្ដាខេត្ត សក្ដានុពលទេសចរណ៍ដទៃទៀត និងបន្ដជួយគាំទ្រដល់ ការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពស្ថាប័ន និងបុគ្គលិក នៅក្នុងវិស័យទេសចណ៍ អោយបានច្រើនឡើង ពីព្រោះ ប្រទេសកម្ពុជា មានធនធានទេសចរណ៍ សម្បូរបែបដូចជា ទេសចរណ៍វប្បធម៌ សម្បត្តិបេតិកភ័ណ្ឌពិភពលោក ទាំងរូបីនិងអរូបី ធនធានធម្មជាតិ និងប្រពៃណីដ៏ផូផង់ របស់ប្រជាជនកម្ពុជា។