ក្បាច់គុនអត្តសញ្ញាណជាតិរបស់កម្ពុជា គឺ «គុនល្បុក្កតោ» ត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិ វប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការ នៅវេលាម៉ោង ១០កន្លះយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបើតាមការបញ្ជាក់របស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា។
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌ វប្បធម៌អរូបី របស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្នុងសេចក្តីសម្រេច 17.COM7.b.1។ ឆ្លៀតក្នុងឱកាសនោះ លោកស្រី Audrey Azoulay អគ្គនាយិកា អង្គការយូណេស្កូ ក៏បានអបអរសាទរកម្ពុជា ក្នុងការចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាង បេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់ យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើន សតវត្សមកហើយៗ បន្តរស់រានក្នុងសង្គមខ្មែរ រហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទ សម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់ អំពីការហាត់សមក្បាច់គុននេះផងដែរ។
ការបង្ហាត់បង្ហាញ ក្បាច់គុនល្បុក្កតោតៗគ្នា ពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួន ពីសត្វសហាវ ព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិ និងមាតុភូមិផង។ ដោយមានការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំ ប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជា ត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយ យ៉ាងទូលំទូលាយ នៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ៕