អាជ្ញាធរជាតិអប្សរា បានធ្វើការជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យបានដឹងថា ដើម្បីចូលរួមអបអរសាទរ ខួប ៣០ ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិ បេតិកភណ្ឌពិភពលោកនាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រារព្ធពិធី “រំលឹកគុណអង្គរ” នៅក្នុងរមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅតាមកម្មវិធីនានា ដូចខាងក្រោម៖
១- ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២៖
- ចាប់ពីម៉ោង៦ព្រឹក៖ ពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ អាចចូលរួម ដាក់បាត្រព្រះសង្ឃចំនួន ១៣០អង្គ នៅផ្នែកខាងមុខប្រាសាទអង្គរវត្ត ជាមួយអាជ្ញាធរជាតិអប្សរា
- ចាប់ពីម៉ោង១៨យប់តទៅ មានការរៀបចំ ព្រឹត្តិការណ៍រាត្រីចងចាំ ក្នុងនោះនឹងមានការសំដែង សិល្បៈទស្សនីយភាពនានា ដោយក្រុមសិល្បៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្មវិធីដែលបើកឱ្យទស្សនា ដោយសេរីជូន សាធារណជនជាតិ និងអន្តរជាតិនេះ នឹងរៀបចំនៅបរិវេណ ខាងក្រោយ នៃប្រាសាទអង្គរវត្ត។
២- ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ១៨យប់តទៅ នឹងមានការសំដែង សិល្បៈអាយ៉ៃឆ្លើយឆ្លងដោយ លោកតាស្មៀន ម៉ាញ នៅបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ។ កម្មវិធីនេះ បើកឱ្យចូលទស្សនាដោយសេរី។
៣- ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង១៨យប់តទៅ នឹងមានជាការសំដែង សិល្បៈល្ខោនស្បែកធំ ដោយក្រុមសិល្បៈវត្តរាជបូរណ៌ នៅបរិវេណអតីត ទីស្នាក់ការប៉ូលីសបេតិកភណ្ឌចាស់ ជាប់នឹងទីលានប៉ាវីស ប្រាសាទអង្គរវត្ត។ កម្មវិធីនេះ ក៏នឹងបើកឱ្យចូលទស្សនា ដោយសេរីផងដែរ។
ក្នុងន័យដើម្បីចូលរួម អបអរសាទរព្រឹត្តិការណ៍ ដ៏មានសារសំខាន់ខាងលើនេះ អាជ្ញាធរជាតិអប្សរា ក៏នឹងមានរៀបចំ ការទស្សនាតាមការដ្ឋាន និងសារមន្ទីរនានា របស់អាជ្ញាធរជាតិអប្សរា ជូនភ្ញៀវទេសចរ និងសាធារណជន ចូលរួមដោយសេរី ដើម្បីសិក្សាស្វែងយល់ អំពីកិច្ចការងារអភិរក្ស និងកិច្ចការរៀបចំ តំបន់រមណីយដ្ឋានអង្គរ របស់អាជ្ញាធរជាតិអប្សរា តាមកាលបរិច្ឆេទ ដូចមានក្នុងតារាងជូនភ្ជាប់នេះ។