ប្រាសាទប្រី ជាប្រាសាទដែលកសាងឡើង តាមរចនាបទបាយ័ន ដោយព្រះបាទជ័យវរ័្មនទី៧ នាចុងសតវត្សរ៍ទី ១២ និងដើមសតវត្សទី១៣ ក្នុងន័យដើម្បីឧទ្ទិសដល់ ព្រះពុទ្ធសាសនា។ ប្រាសាទប្រី មានទំហំតូច និងមានការបាក់បែកអស់ជាច្រើន នៅសល់តែតួប្រាសាទកណ្ដាល បណ្ណាល័យ និងកំពែងព័ទ្ធជុំវិញ។ មិត្តអ្នកអានក៏អាចទៅ ទស្សនាប្រាសាទនេះ តាមរយៈតំណរលីងនៃផែនទីនេះ https://maps.app.goo.gl/5EQhuTANyNExfqJZA ។
ប្រាសាទប្រី មានទីតាំងស្ថិតនៅ តំបន់អង្គរ ម្ដុំប្រាសាទនាគព័ន្ធ (វង់ធំ) ខេត្តសៀមរាប និងមានចម្ងាយ ប្រហែល ១៥គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ ឬចម្ងាយ ១៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដោយចេញដំណើរពី សាលាខេត្តតាមផ្លូវអប្សរា ឆ្ពោះទៅទិសខាងជើង ទៅដល់ផ្លូវបំបែកជាបី ត្រូវបត់ស្ដាំ តាមផ្លូវទៅស្រះស្រង់ រួចធ្វើដំណើរឆ្ពោះទៅប្រាសាទប្រែរូប ប្រាសាទមេបុណ្យខាងកើត ហើយបន្តដំណើរត្រង់តាមផ្លូវ នោះរហូតហួស ប្រាសាទនាគព័ន្ធប្រហែល ២គីឡូម៉ែត្រ ទើបទៅដល់ប្រាសាទបន្ទាយប្រី ដែលស្ថិតនៅខាងស្តាំដៃ។