បាងកក៖ ក្រុមហ៊ុនសំណង់របស់ថៃ បានប្រកាសជាផ្លូវការហើយថា នឹងរៀបចំ បង្កើតទៅជាទីក្រុងទំនើប បែបឌីជីថលថ្មីមួយ នាឆ្នាំក្រោយនេះ ដោយប្រមូលផ្ដុំ ទៅដោយបច្ចេកវិទ្យាទំនើប និងឆ្លាតវៃ ក្រោមការវិនិយោគក្នុងទំហំទឹកប្រាក់ ១៤៣ លានដុល្លារអាមេរិក។
Silicon Valley of the East នឹងក្លាយទៅជា ទីក្រុងថ្មីស្រឡាងមួយ ហើយក៏នឹងក្លាយទៅជា ម៉ូឌែលគំរូមួយ នៃយុគ្គសម័យទំនើបរបស់ថៃ ដើម្បីបន្តអភិវឌ្ឍ ទីក្រុងឆ្ពោះទៅកាន់ភាពវៃឆ្លាត បែបបច្ចេកវិទ្យា នាសម័យឌីជីថល។ ទីក្រុងមួយនេះ គឺជាកិច្ចសហប្រតិបត្តិការ សាងសង់របស់ក្រុមហ៊ុន Planet Communication Asia Plc., Cisco និង EEC Office ស្ថិតនៅសង្កាត់ Ban Chang នៃខេត្ត Rayong ភាគខាងកើតប្រទេសថៃ សាងសង់ឡើងនៅលើ ផ្ទៃដីប្រមាណពី ៨០ ទៅ ១១២ ហិចតា។
គម្រោងថ្មីស្រឡាង និងមានចក្ខុវិស័យ វែងឆ្ងាយមួយនេះ ទទួលបានការគាំទ្រ និងទំនុកចិត្តខ្ពស់ពី សំណាក់វិនិយោគិនអន្តរជាតិ ពីបណ្ដាប្រទេសជាច្រើន ដែលបានសម្រេចវិនិយោគ រួមមានដូចជាវិនិយោគិន មកពីប្រទេសអារ៉ាប់ តៃវ៉ាន់ អ៊ីស្រាអ៊ែល និងសហរដ្ឋអាមេរិក។ ទីក្រុងនេះ នឹងបំពាក់មក ជាមួយបច្ចេកវិទ្យាទំនើប ចុងក្រោយគេបង្អស់ អ៊ីនធឺណិតល្បឿនលឿន ហើយនឹងបង្កើត ទៅជាស្ថានីយ៍ទិន្នន័យ សួនច្បារ ក្លឹបហាត់ប្រាណ ផ្សារទំនិញ សម្រាប់អាជីវកម្មសម័យថ្មី ទីកន្លែងសំរាប់បំពេញកិច្ចការងារ ក៏ដូចជាការចាប់ផ្ដើម នៃការបង្កើតស្នាដៃថ្មីៗ នៃបច្ចេកវិទ្យាទំនើបផងដែរ។
លោក Prapat Rathlertkarn នាយកប្រតិបត្តិនៃក្រុមហ៊ុន Planet Communication Asia បានបញ្ជាក់អំពី គម្រោងទីក្រុងឌីជីថលមួយនេះថា យើងបានស្នើសុំ ឱ្យរដ្ឋាភិបាលថៃ កាត់បន្ថយតម្លៃថាមពលអគ្គិសនី ២០% ដើម្បីឆ្លើយតបទៅដល់ សេចក្ដីត្រូវការរបស់ វិនិយោគិនអន្តរជាតិ ដែលបានបោះទុន យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការបង្កើត ទីក្រុងទំនើបមួយនេះ ឡើងឱ្យបានលេចចេញជា រូបរាងនាថ្ងៃអនាគត ពិសេសគឺឆ្លើយតបទៅនឹង តម្រូវការថាមពល ដែលអាជីវកម្មត្រូវការ និងតម្រូវការផ្សេងៗទៀត សម្រាប់ប្រតិបត្តិការ របស់ទីក្រុងមួយនេះ។
គម្រោងនេះ អាចនឹងពង្រីកទំហំកាន់តែធំ បន្ថែមទៀតនាថ្ងៃអនាគត ជាមួយនឹងតម្លៃខ្លួន អាចកើនឡើង រហូតដល់ទៅ ១៤ ពាន់លានដុល្លារអាមេរិកឯណោះ ដោយបូកបញ្ចូលការវិនិយោគ ទ្រព្យសម្បត្តិជាច្រើន ដែលនឹងចាប់កំណើតឡើង នៅក្នុងគម្រោងមួយនេះ៕