នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្ដាលជាផ្លូវការ និងត្រូវការបែងចែកចេញ ជាសង្កាត់ចំនួន ១១ ដោយកាត់យកឃុំចំនួន ៦ ពីស្រុកខ្សាច់កណ្ដាល និងឃុំចំនួន ៥ ពីស្រុកល្វាឯម រៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្មី និងហេដ្ឋារចនាសម្ព័ន្ធ ស្របទៅតាមអនុលោមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ការបង្កើតក្រុងអរិយក្សត្រ ខេត្តកណ្ដាល ត្រូវបានអនុម័តយោងតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ២៧២ អនក្រ.បក ក្រោមចំណាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ក្រុងអរិយក្សត្រ នឹងកាត់យកឃុំចំនួន ៦ ពីស្រុកខ្សាច់កណ្ដាល រួមមាន៖ ឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ បូករួមជាមួយឃុំចំនួន ៥ ពីស្រុកល្វាឯម រួមមាន ឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង ដើម្បីរៀបចំទៅជា សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុង ពិធីសម្ពោធផ្លូវលេខ ១៤៦B និងផ្លូវលេខ ១៤៨ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែធ្នូ កន្លងទៅថា សម្តេចនឹងអញ្ជើញ ក្នុងពិធីសម្ពោធការដ្ឋាន សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយឆ្លងចាប់ពីផ្សាររាត្រី ទៅកាន់ត្រើយសុខាជ្រោយចង្វា ហើយឆ្លងពីត្រើយសុខា ទៅកាន់អរិយក្សត្រ ដែលចំណាយថវិកាប្រមាណ ២៥០ លានដុល្លារ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីសាងសង់ស្ពាន ឆ្លងទន្លេមេគង្គពីក្រោមផ្លូវជាតិ១ ឆ្លងទៅកាន់ល្វាឯម ដើម្បីតភ្ជាប់ជាមួយ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងទាញអរិយក្សត្រ កាន់តែមកកៀក នឹងរាជធានីភ្នំពេញ ហើយជួយអភិវឌ្ឍក្រុងអរិយក្សត្រ និងភាគខាងកើត រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលក៏បាន បង្កើតក្រុងថ្មីៗចំនួន ២ ផ្សេងទៀតផងដែរ រួមមាន៖
១. ក្រុងឧដុង្គម៉ែជ័យ ជាការបំបែកស្រុកឧដុង្គ ខេត្តកំពង់ស្ពឺជា ២ ផ្នែកគឺ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ
២. ក្រុងសំពៅពូន ខេត្តកណ្ដាល នៅព្រំប្រទល់ជាមួយ ប្រទេសវៀតណាម ដោយកាត់យកឃុំចំនួន ៥ ពីស្រុកកោះធំ ដើម្បីបង្កើតជា សង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្ពឺ សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។