ស្ពានឆ្លងសមុទ្រដែលវែងជាងគេទាំង ១០ នៅលើពិភពលោក


នៅជុំវិញពិភពលោកយើងនេះ មានអច្ឆរិយៈស្ថាបត្យកម្ម ជាច្រើនសឹងរាប់មិនអស់ មិនថាអគារខ្ពស់បំផុត លើពិភពលោក អគារស្អាតបំផុតលើពិភពលោក ឬធំបំផុតលើពិភពលោកនោះទេ។ ដោយឡែក តើប្រិយមិត្ដទាំងអស់គ្នា ធ្លាប់ឆ្ងល់ទេថា ចុះស្ពានដែលវែងជាងគេ និងស្អាតបំផុតនៅលើពិភពលោក ស្ថិតនៅកន្លែងណា ឬប្រទេសណាខ្លះវិញ? ដូច្នេះនៅក្នុងអត្ថបទនេះ ក្រុមការងារយើង នឹងនាំប្រិយមិត្ដទៅស្គាល់ ស្ពានដែលត្រូវបានសាងសង់ឡើង ក្នុងប្រវែងដ៏វែងបំផុតទាំង ១០ នៅលើពិភពលោក សម្រាប់ជាមធ្យោបាយ ឆ្លងកាត់មហាសមុទ្រ ដូចខាងក្រោម៖ 

១. ស្ពាន Danyang-Kunshan Grand Bridge ប្រទេសចិន

ជាមួយប្រវែង ១៦៥ គីឡូម៉ែត្រ របស់វា ស្ពាន Danyang-Kunshan ត្រូវបានក្លាយជា ស្ពានឆ្លងសមុទ្រ ដែលវែងជាងគេបំផុត របស់ពិភពលោក ដែលលាតសន្ធឹងលើទន្លេ Yangtze។ លើសពីនេះ ស្ពាននេះក៏ជាផ្នែកសំខាន់ នៃការតភ្ជាប់ផ្លូវដែកល្បឿនលឿន រវាងទីក្រុងប៉េកាំង និងទីក្រុងសៀងហៃផងដែរ ហើយត្រូវបានសាងសង់ ក្នុងរយៈពេលត្រឹមតែ ៤ ឆ្នាំប៉ុណ្ណោះ ចាប់ពីឆ្នាំ ២០០៦-២០១០។ ស្ពាននេះមានបង្គោលបេតុងជាង ៩ ០០០ បង្គោល និងប្រើប្រាស់កម្លាំងពលកម្មចំនួន ១០ ០០០ នាក់ ដើម្បីសាងសង់វាឡើង។ អ្វីដែលពិសេស នៅពីចម្ងាយវាមើលទៅ ដូចជាខ្សែបូពណ៌មាស ភ្លឺចាំងពីចម្ងាយ ហើយពិតជាទេសភាព ស្រស់ស្អាតមួយបែបផងដែរ។

២. ស្ពាន Pontchartrain Causeway សហរដ្ឋអាមេរិក

Pontchartrain Causeway ត្រូវបានគេស្គាល់ថាជា "ស្ពានវែងបំផុតរបស់ ពិភពលោកថ្មីមួយទៀត ដែលលាយសន្ធឹងកាត់បឹង Pontchartrain Causeway ដ៏ធំ ជាមួយនឹង ប្រវែងស្ពានរបស់វា មានប្រមាណជា ៣៨,៤២២ គីឡូម៉ែត្រ និងគាំទ្រដោយបង្គោលបេតុង និងបង្គោលដែករាប់ពាន់ដើម។ ស្ពាននេះបានបើក ឲ្យដំណើរការប្រើប្រាស់ តាំងពីឆ្នាំ 1956 មកម្ល៉េះ ដើម្បីភ្ជាប់ទីក្រុង New Orleans និងជាយក្រុងនៅច្រាំងខាងត្បូង ទៅនឹង តំបន់ Mandeville, Covington និង Hammond នៅភាគខាងជើង។ លើសពីនេះ ស្ពាននេះក៏ជាកន្លែង ទាក់ទាញទេសចរណ៍ ដ៏ពេញនិយមមួយផងដែរ ជាពិសេសមានក្រុមហ៊ុនជាច្រើន ផ្តល់ជូននូវដំណើរកម្សាន្តតាមទូក ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរ ជិះទូកក្រោមស្ពាន ដោយខ្លួនឯងទៀតផង។

៣. ស្ពាន Hangzhou Bay ប្រទេសចិន

ស្ពាន Hangzhou Bay ក៏ត្រូវបានចាត់ទុកថា ជាស្ពានឆ្លងកាត់មហាសមុទ្រ ដែលវែងជាងគេ លើពិភពលោកផងដែរ។ វាលាតសន្ធឹងប្រវែង ២២,៥ ម៉ាយ ឬ ស្មើនឹង ៣៦ គីឡូម៉ែត្រ ដែលលាតសន្ធឹងលើ ឈូងសមុទ្រ Hangzhou ក្នុងប្រទេសចិន និងតភ្ជាប់រវាងទីក្រុងសៀងហៃ ជាមួយទីក្រុង Ningbo។ ស្ពាននេះត្រូវបាន បើកឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០០៨ បន្ទាប់ពីការសាងសង់ជិត ៥ ឆ្នាំ។ ស្ពាននេះក៏ជាផ្នែកមួយ នៃគម្រោងផ្លូវដែក Beijing-Shanghai Express នៃឆកសមុទ្រ Hangzhou ផងដែរ ដោយមានបំណង ធ្វើឱ្យប្រសើរឡើងនូវ ការអភិវឌ្ឍន៍ឧស្សាហកម្ម និងសេដ្ឋកិច្ចនៅសងខាង នៃឈូងសមុទ្រ ខណៈដែលស្ពាននេះ ក៏នឹងជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរ រវាងទីក្រុងទាំងនោះផងដែរ។

៤. ស្ពាន Sheikh Jaber Causeway ប្រទេសគុយវ៉ែត

ជាមួយនឹងប្រវែង ៣៦ គីឡូម៉ែត្ររបស់វា ស្ពាន Sheikh Jaber Causeway ត្រូវបានក្លាយជា ស្ពានឆ្លងកាត់សមុទ្រ វែងបំផុតមួយទៀត របស់ពិភពលោក។ ស្ពាននេះតភ្ជាប់ពី ទីក្រុងគុយវ៉ែត ទៅនឹងទីក្រុង Subiyah New Town ហើយមានលេណដ្ឋានដ៏ជ្រៅ មួយនៅចំកណ្តាលផ្លូវ Causeway ដែលពោពេញទៅដោយទឹក។ នៅត្រង់ពាក់កណ្តាល នៃស្ពាននេះ មានការរៀបចំជាផ្ទៃទឹកបើកចំហរ។ សម្រាប់លក្ខណៈប្លែកបំផុត របស់ស្ពាននេះវិញ គឺជារចនាសម្ព័ន្ធមួយ គាំទ្រដោយខ្សែកាប បូករួមនឹងបង្គោលធំៗ ប្រវែង ២០០ ម៉ែត្រ។ អ្នកទស្សនា និងអ្នកទេសចរអាចរីករាយ នឹងទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល នៃឈូងសមុទ្រពែរ្ស និងទទួលបានទិដ្ឋភាព នៃវាលខ្សាច់ដ៏ស្រស់ស្អាត នៅតាមច្រាំងសមុទ្រ នៅពេលបានឆ្លងកាត់ ស្ពាននេះផងដែរ។

៥. ស្ពាន Chesapeake Bay សហរដ្ឋអាមេរិក

Chesapeake Bay Bridge មិនត្រឹមតែជាស្ពានប៉ុណ្ណោះទេ តែក៏ជាផ្លូវកាត់ រូងក្រោមដីផងដែរ ដែលតភ្ជាប់ពីតំបន់ Eastern Shore របស់រដ្ឋ Virginia ទៅនឹងដីគោក។ រចនាសម្ព័ន្ធទាំងមូល ត្រូវបានបើកឲ្យដំណើរការប្រើប្រាស់ ជាលើកដំបូងក្នុងឆ្នាំ ១៩៦៤ ក្នុងនាមជាផ្លូវរូងក្រោមដីប្រវែង ២ ម៉ាយល៍ និងជាស្ពានពីរ ព្រេកចេញពីគ្នា ឆ្លងកាត់សមុទ្រប្រវែងជិត ១៧,៦ ម៉ាយ។ តាមពិតទៅ ស្ពានផ្លូវរូងក្រោមដីនេះ ត្រូវបានរាប់ថាជា ស្ពាន និងជាផ្លូវរូងក្រោមដីវែងជាងគេបំផុត នៅលើពិភពលោកតែគត់ រហូតដល់ឆ្នាំ ២០១៨ កន្លងទៅផងដែរ។

៦. ស្ពាន Vasco da Gama ប្រទេសព័រទុយហ្គាល់

ស្ពាននេះ ត្រូវបានដាក់ឈ្មោះតាម អ្នករុករកម្នាក់ ជនជាតិព័រទុយហ្គាល់ ដែលជាអ្នកដំបូងគេ ដែលបានទៅដល់ ប្រទេសឥណ្ឌាតាមសមុទ្រ។ ស្ពានដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ លាតសន្ធឹងក្នុងប្រវែង ១៧ គីឡូម៉ែត្រ ហើយភ្ជាប់ទីក្រុង Lisbon ជាមួយនឹងតំបន់ Algarve ទៅភាគខាងត្បូង ប្រទេសព័រទុយហ្គាល់។ វាត្រូវបាន សាងសង់ឡើងក្នុងចន្លោះឆ្នាំ ១៩៩៥ និង ១៩៩៨ វាជាស្ពានដែលវែងជាងគេ នៅអឺរ៉ុប និងវែងជាងគេបំផុត ក្នុងពិភពលោក សម្រាប់រយៈពេល ប្រាំបីឆ្នាំផងដែរ។ ស្ពាននេះត្រូវបានគាំទ្រ ដោយសសរបេតុងដ៏ធំៗ ដែលនីមួយៗវែងជាង ទីលានបាល់ទាត់ទៅទៀត ហើយរចនាសម្ព័ន្ធទាំងមូល ត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងការរញ្ជួយដី និងខ្យល់បក់ខ្លាំងផងដែរ។

៧. ស្ពាន Penang ប្រទេសម៉ាឡេស៊ី

ស្ពាន Penang គីជាស្ពានសម្រាប់ភ្ជាប់គ្នា រវាងកោះ Penang ជាមួយនឹងតំបន់ Malay Peninsula ក្នុងប្រទេសម៉ាឡេស៊ី។ ស្ពាន Penang នេះ ក៏ជាស្ពានមួយក្នុងចំណោម ស្ពានដ៏អស្ចារ្យជាច្រើន នៅលើពិភពលោក ដែលមានកន្លែងគួរជាទី គយគន់ទេសភាព ដ៏ស្រស់ស្អាតផងដែរ។ ស្ពាននេះត្រូវបានរចនាឡើង ដោយភាពអស្ចារ្យដ៏ទំនើប ដែលមានផ្លូវចំនួនប្រាំមួយ និងលាតសន្ធឹងលើប្រវែង ៨,៤ ម៉ាយ ឬស្មើនឹង ១៣,៥ គីឡូម៉ែត្រ។ វាក៏ត្រូវបានចាត់ទុកជា ស្ពានវែងបំផុតមួយគត់ នៅអាស៊ីផងដែរ ក្រោយពេលបានបញ្ចប់ក្នុងឆ្នាំ 1985 កន្លងមក។ យ៉ាងណាមិញ ស្ពាននេះក៏គិតថ្លៃសេវា ពីអ្នកបើកបរឆ្លងកាត់ផងដែរ ប៉ុន្តែវាសាកសមនឹងតម្លៃផងដែរ ជាពិសេសសម្រាប់ ការទៅទស្សនាទិដ្ឋភាពដ៏អស្ចារ្យ នៃទីក្រុង Georgetown និងអគារខ្ពស់ៗដែលមាន ទីតាំងនៅម្ខាងទៀតនៃស្ពាន។

៨. ស្ពាន Akashi-Kaikyo ប្រទេសជប៉ុន

មានទីតាំងនៅទីក្រុង Kobe ប្រទេសជប៉ុន ស្ពាន Akashi-Kaikyo គឺជាអច្ឆរិយៈស្ថាបត្យកម្មទំនើបមួយ ដែលគេស្គាល់ថាជា ស្ពានខ្សែកាបវែងជាងគេបំផុត របស់ពិភពលោក ជាមួយនឹងប្រវែង ៣ ៩១១ ម៉ែត្រ។ វាត្រូវបាន សាងសង់ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៨ ហើយបានបើកដំណើរការនៅឆ្នាំ ១៩៩៨ ដោយគិតរហូតមក ដល់ពេលនេះ វាមានអាយុកាលជាង ២០ ឆ្នាំហើយ។ វាត្រូវបានគាំទ្រដោយ ខ្សែកាប់ដែកជាច្រើន មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរចនាបថរបស់វា ក៏បានក្លាយជា និមិត្តរូបនៃទីក្រុង Kobe នាពេលបច្ចុប្បន្នផងដែរ។

៩. ស្ពាន Confederation Bridge ប្រទេសកាណាដា

ដោយលាតសន្ធឹងចម្ងាយ ៨ ម៉ាយល៍ឆ្លងកាត់ច្រក Northumberland រវាងកោះ Prince Edward និង New Brunswick ស្ពាន Confederation ត្រូវបានគេស្គាល់ថាជាស្ពាន ដែលវែងជាងគេបំផុត លើពិភពលោក ឆ្លងកាត់ទឹកគ្របដណ្តប់ដោយទឹកកក ដែលមានយានជំនិះ រាប់ពាន់គ្រឿងឆ្លងកាត់ ជារៀងរាល់ថ្ងៃ ។ ស្ពាននេះត្រូវបានបើកឲ្យដំណើរការប្រើប្រាស់ តាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ បន្ទាប់ពីប្រើរយៈពេល សាងសង់ជិតមួយទសវត្សរ៍។ យ៉ាងណាមិញ ដោយសារស្ថានភាពខ្យល់ខ្លាំង ធ្វើឱ្យស្ពាននេះ ក្លាយជាស្ពានគ្រោះថ្នាក់មួយ ក្នុងចំណោមស្ពានគ្រោះថ្នាក់ ជាច្រើនផ្សេងទៀត នៅលើពិភពលោកផងដែរ។ ដូច្នេះមានការរឹតបន្តឹង ចំពោះប្រភេទយានយន្តមួយចំនួន និងមិនអនុញ្ញាតឲ្យឆ្លងកាត់នោះទេ។

១០. ស្ពាន Great Belt Bridge ប្រទេសដាណឺម៉ាក

សម្រាប់អ្នកចូលចិត្ដធ្វើដំណើរផ្លូវឆ្ងាយ ក្នុងប្រទេសដាណឺម៉ាក ស្ពាន Great Belt Bridge នឹងក្លាយជាសំណង់ស្ថាបត្យកម្មដែល សន្សំពេលវេលាច្រើនបំផុត សម្រាប់ពួកគេ។ ដោយស្ពាននេះ តភ្ជាប់គ្នាពីប្រទេសហ្សេឡង់ជាមួយនឹងតំបន់ Funen ក្នុងប្រវែង ១ ៦២៤ ម៉ែត្រ និងត្រូវបានទ្រទ្រង់ដោយ សសរបេតុងធំៗ ហើយវាក៏ក្លាយជា ស្ពានខ្សែកាបធំជាងគេទី ៣ នៅលើពិភពលោកផងដែរ។ ស្ពាននេះបានបញ្ចប់ ការសាងសង់នៅឆ្នាំ ១៩៩៨ និងបានក្លាយជាសំណង់ ដ៏គួរឱ្យចាប់អារម្មណ៍ បំផុតមួយរបស់ប្រទេសដាណឺម៉ាក និងជារូបតំណាង សម្រាប់អ្នកទស្សនា និងអ្នកស្រុកដូចគ្នា។ ស្ពាន Great Belt Bridge មានលក្ខណៈពិសេស ប្លែកពីគេ ដែលវាមានផ្លូវជិះកង់ ធ្វើឱ្យវាក្លាយជា ការទាក់ទាញដ៏គួរឱ្យរំភើប សម្រាប់អ្នកជិះកង់ ដែលចង់ទទួលបានទិដ្ឋភាព ដ៏អស្ចារ្យនៃសមុទ្រ។