កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ សម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញអោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ចូន ពន្លឿនការសិក្សាគម្រោង សាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងផ្លូវរថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយប្រើប្រាស់ នៅលើផ្លូវរថភ្លើងចាស់ ដែលមានស្រាប់ ប៉ុន្តែពង្រីកនិងអភិវឌ្ឍ សម្រាប់រថភ្លើងល្បឿនលឿន បើកបរបាន។
គម្រោងអភិវឌ្ឍរថភ្លើង ល្បឿនលឿនភាគពាយ័ព្យ និងភាគនិរតី ដែលត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើង កាលពីចុងឆ្នាំ២០២២ ក្នុងឱកាសសម្ពោធប្រើប្រាស់ ជាផ្លូវការនូវផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ ក្រុងព្រះសីហនុ ដែលសម្តេចបានបញ្ជាក់ថា គម្រោងផ្លូវរថភ្លើង ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត គឺជាបណ្ដាញដឹកជញ្ជូន យ៉ាងមានប្រសិទ្ធភាពបំផុត សម្រាប់កម្ពុជា និងតភ្ជាប់បណ្ដាញផ្លូវដែក ទៅកាន់ប្រទេសជិតខាង ពោលវាគឺជាផ្លូវដែកអាស៊ាន សម្រាប់ធ្វើដំណើរទៅកាន់ ទីក្រុងសំខាន់ៗនៅក្នុងអាស៊ាន។ គម្រោងនេះ នឹងផ្ដល់ផលប្រយោជន៍យ៉ាងសំខាន់ ដល់វិស័យដឹកជញ្ជូនទំនិញ ភស្ដុភារកម្ម កាត់បន្ថយថ្លៃដើមដឹកជញ្ជូន អភិវឌ្ឍន៍វិស័យទេសចរណ៍ និងទាក់ទាញការវិនិយោគ ព្រមទាំងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បច្ចុប្បន្នក្រសួង សហការជាមួយដៃគូអភិវឌ្ឍន៍ កំពុងសិក្សាលើ គម្រោងផ្លូវរថភ្លើង ល្បឿនលឿនចំនួន ២ ខ្សែ ដោយខ្សែរថភ្លើងភ្នំពេញ-ព្រះសីហនុ មានប្រវែង ២៦៤ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តតាកែវ កែប កំពត និងព្រះសីហនុ ចំណែកខ្សែរថភ្លើងភ្នំពេញ-ប៉ោយប៉ែត មានប្រវែងសរុប ៣៨៦ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធី៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ រហូតដល់ច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត។ លើសពីនេះ ក្រសួង ក៏កំពុងសិក្សាលទ្ធភាព ផ្លូវដែកភ្នំពេញ-ហូជីមិញ ដែលភាគីកម្ពុជា នឹងត្រូវសាងសង់ផ្លូវដែកភ្នំពេញ-បាវិត ចំណែកភាគីវៀតណាម ត្រូវសាងសង់ផ្លូវដែកម៉ុកបៃ-ហូជីមិញ ប៉ុន្តែគម្រោងនេះអាចទៅរួច លុះត្រាតែភាគីទាំងសងខាងឯកភាពគ្នា មិនអាចសាងសង់តែម្ខាងបានឡើយ។
សូមបញ្ជាក់ផងដែរ ផ្លូវរថភ្លើងនៅកម្ពុជា មានតែ ២ ខ្សែប៉ុណ្ណោះ គឺផ្លូវដែកភាគនិរតី និងភាគពាយព្យ ចាប់ផ្ដើមពីស្ថានីយ៍រាជធានីភ្នំពេញ ទៅដល់កំពង់ផែព្រះសីហនុ និងច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត។ ផ្លូវដែកភាគពាយព្យ ភ្នំពេញ-បោយប៉ែត ត្រូវបានសាងសង់ ក្នុងសម័យអណានិគមបារាំង ចន្លោះឆ្នាំ ១៩២៩-១៩៤២ ដើម្បីដឹកជញ្ជូនទំនិញរវាងកម្ពុជា-ថៃ។ ចំណែក ផ្លូវដែកភាគនិរតី ភ្នំពេញ-ព្រះសីហនុ ត្រូវបានសងសង់ឡើង ក្នុងសម័យសង្គមរាស្ត្រនិយម ចន្លោះឆ្នាំ ១៩៦០-១៩៦៩ របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្រោមជំនួយពីបារាំង អាល្លឺម៉ង់ខាងលិច និងប្រទេសចិន។
បច្ចុប្បន្ន ផ្លូវរថភ្លើងទាំង ២ ខ្សែត្រូវបានជួសជុល និងកសាងឡើងវិញ ក្រោមកិច្ចសហការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន Royal Railway Co., Ltd ដើម្បីអាចប្រើប្រាស់ឡើងវិញ។ យ៉ាងណាមិញ ដោយសារអាយុកាលប្រើប្រាស់ ទំហំតូច និងបច្ចេកទេសផ្លូវដែកចាស់ ធ្វើអោយផ្លូវរថភ្លើងទាំងពីរនេះ មិនអាចបើកបរល្បឿនលឿនឡើយ និងត្រូវការសាងសង់ អភិវឌ្ឍបន្ថែមទៀត សម្រាប់អាចប្រើប្រាស់ រថភ្លើងល្បឿនលឿនបាន។