គម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធ សំណង់ទឹកប្រាសាទព្រះវិហារ ឱ្យប្រសើរឡើង កំពុងត្រូវបានសិក្សា និងព្យាយាមសម្រេចលទ្ធផល ក្នុងពេលឆាប់ៗខាងមុខ


ខេត្តព្រះវិហារ៖ អាជ្ញាធរជាតិ ព្រះវិហារ បានកំពុងធ្វើការសិក្សា អំពីគម្រោងការ នៃការស្ដារហេដ្ឋារចនាសម្ព័ន្ធ នៃប្រព័ន្ធទឹកបុរាណ របស់ប្រាសាទព្រះវិហារ ឱ្យមានភាពល្អប្រសើរឡើងវិញ ដើម្បីជួយរំដោះទឹក និងការពារប្រសាទ ដែលត្រូវប្រឈមមុខនឹង ទឹកភ្លៀងអស់កាលជាច្រើនឆ្នាំ កន្លងទៅ។

ប្រាសាទព្រះវិហារ ដែលមានទំហំ ៨០០ x ៤០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរព្រះវិហារ ធ្វើការសិក្សា និងលើកជាគម្រោងឡើង ដើម្បីជួយរំដោះទឹក ក្នុងគោលដៅថែរក្សា ការពារស្នាដៃមរតក ដូនតាខ្មែរ ឱ្យនៅគង់វង្ស សម្រាប់កូនខ្មែរ ជំនាន់ក្រោយបានឃើញ។ បច្ចុប្បន្នប្រាសាទព្រះវិហារ មានសភាពទ្រុឌទ្រោម ដោយអាយុកាលផង និងអាកាសធាតុផង ដែលបានវាយប្រហារតួប្រាសាទនេះ យ៉ាងខ្លាំងក្លា បានធ្វើឱ្យថ្មសឹករិចរិល និងប៉ះពាល់ដល់គ្រឹះ របស់ប្រាសាទ។

ដើម្បីជួយទៅដល់ប្រាសាទ ប្រកបដោយនិរន្តរភាព អាជ្ញាធរព្រះវិហារ សហការណ៍ជាមួយ មហាវិទ្យាល័យ វារីសាស្ត្រ នៃវិទ្យាសា្ថនបច្ចេកវិទ្យា ដើម្បីរៀបចំ គម្រោងកែលម្អប្រព័ន្ធទឹក ក្នុងគោលដៅ កាត់បន្ថយការដក់ទឹក នៅតាមបរិវេណប្រាសាទ និងគម្រោងស្ដារសំណង់ទឹកបុរាណ ព្រមទាំងគម្រោង រក្សាទឹកក្នុងស្រះ និងបារាយណ៍បុរាណផងដែរ ដោយប្រាសាទព្រះវិហារ មានស្រះទឹកបុរាណសរុបចំនួន ៣។ ជាក់ស្ដែងមានស្រះទឹកបុរាណមួយ បានកប់បាត់ នៅសល់តែ២ ប៉ុណ្ណោះ ហើយក៏អាចនឹង ត្រៀមស្ដារឡើងវិញផងដែរ។

លោក ពុទ្ធិ ការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា គម្រោងនេះ នៅមិនទាន់សម្រេចជាផ្លូវការ អំពីការចាប់ផ្ដើមអនុវត្ត នៅឡើយទេ ព្រោះអ្នកជំនាញត្រូវការ ពេលវេលាច្រើនទៀត ដើម្បីសិក្សាឱ្យបាន កាន់តែលម្អិតអំពី ផលប៉ះពាល់ទាំងអស់។ ដោយឡែកថវិកា សម្រាប់គម្រោងមួយនេះ ក៏ពុំទាន់អាចបញ្ជាក់បាននោះដែរ គឺត្រូវស្វែងរកដៃគូផ្ដល់ជំនួយថវិការ សម្រាប់ការអភិវឌ្ឍន៍ គម្រោងមួយនេះឡើង។ នៅពេលការសិក្សាបញ្ចប់ អាជ្ញាធរ នឹងស្នើទៅរដ្ឋាភិបាល ដើម្បីរៀបចំគម្រោងនេះ ឱ្យលេចចេញជាផ្លែផ្កា។

គួរបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជាប្រាសាទភ្នំ ដែលត្រូវបានក៏សាងឡើង ខ្ពស់ជាងគេក្នុងចំណោម ប្រាសាទបុរាណទាំងអស់ នៅក្នុងប្រទេសកម្ពុជា សម្រាប់ឧទ្ទិសថ្វាយ ព្រះសិវៈ ក្នុងរជ្យកាលព្រះបាទសោវរ្ម័នទី១ ព្រះបាទសូរវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទនេះ ក៏ត្រូវបានក្លាយជា សម្បត្តិបេតិកភណ្ឌពិភពលោក ទទួលស្គាល់ដោយអង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ហើយនេះគឺជាលើកដំបូង ដែលអ្នកជំនាញបានសិក្សា អំពីការជួយរំដោះទឹក ក្នុងគោលដៅការពារ ប្រាងប្រាសាទខ្មែរដ៏មានតម្លៃនេះ៕