ចម្លាក់គុនខ្មែរ នៅតាមប្រាសាទក្នុងតំបន់អង្គរ ដែលកូនខ្មែរគួរដឹង ចងចាំ និងថែរក្សា


លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់ មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿន នៃប្រាសាទមួយចំនួន ក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាននៅ ប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និង ប្រាសាទប្រីជាដើម។

លោក ភឹង តារា ពន្យល់ថា ភាគច្រើនចម្លាក់គុន ឬក្បាច់វាយគ្នាទាំងនោះ ច្រើនឆ្លាក់ជាចម្លាក់តូចៗ មានឆ្លាក់នៅខឿនខាងផ្នែក ខាងក្រោមប្រាសាទ។ តួយ៉ាងនាខឿនខាងត្បូង សាលរបាំ នៃប្រាសាទតាព្រហ្ម ចម្លាក់ប្រមាណ៨រូប បានឆ្លាក់តម្រៀបគ្នាជាជួរ ដោយមានជាក្បាច់ឱបក ឡើងជង្គង់ កម្ដៅសាច់ដុំ ការឱ្យទឹក ជាដើម។ ក្រៅពីនោះ មានឆ្លាក់ដាច់ពីគេ នៅផ្នែកខាងត្បូងនៃ ប្រាសាទនេះផងដែរ។ នៅប្រាសាទតាព្រហ្មដដែល ត្រង់ចម្លាក់ដែលមាន មនុស្សពីរនាក់ឡើងជង្គង់។ រូបនេះ ត្រូវបានលោក ភឹង តារា យល់ថាជាគុនខ្មែរ ដោយគេឃើញមាន មនុស្សពីរនាក់កំពុងប្រកួតគ្នា។ អ្នកនៅខាងស្តាំចាប់ក្បាល អ្នកនៅខាងឆ្វេងសង្កត់ ចុះក្រោម ឯជើងខាងឆ្វេងវិញ ឡើងជង្គង់ទៅរកគូប្រកួតខ្លួន។ តែអ្នកនៅខាងឆ្វេងវិញ យកដៃស្តាំរបស់ខ្លួន ចាប់ទប់ជង្គង់នោះ កុំឲ្យមកត្រូវមុខបាន។ អ្នកស្រាវជ្រាវយល់ថា នេះប្រហែលជាការប្រកួតនៅក្នុង ការហាត់សមប៉ុណ្ណោះ ដ្បិតអីនៅប៉ែកខាងស្តាំនៃរូប ឃើញមានមនុស្សម្នាក់ អង្គុយបញ្ឈរជង្គង់ យកដៃចង្អុល មកអ្នកទាំងពីរ ហាក់ដូចជាបង្គាប់ស្នៀតអ្វីមួយ។

ចំណែកចម្លាក់នៅ ជញ្ជាំងប្រាសាទព្រះខ័នវិញ លោក ភឹង តារា ពន្យល់ថា គេឃើញនៅលើសសរផ្អោប ឃើញមានមនុស្សពីរនាក់ ចាប់ឱបកាច់គ្នា ដោយអ្នកខាងឆ្វេងចាប់កាច់ កគូប្រកួតមកក្រោម តែអ្នកស្តាំ នោះវិញក៏ខំឱបចាប់ភ្លៅ ដៃគូខ្លួនជាប់ ដើម្បីកុំឲ្យកាច់ផ្តួលខ្លួនបាន។ ដោយសារជាចម្លាក់ល្អិត ដូច្នេះចម្លាក់ ទាំងនោះ ពុំសូវមានអ្នកស្គាល់ និងចាប់អារម្មណ៍ទេ។ ភ្ញៀវភាគច្រើនតែងទៅ និងមកហួសជានិច្ច៕