ប៉េកាំង៖ រដ្ឋាភិបាលកម្ពុជា និងចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ពិសេសនៅពេលចិន បើកដំណើរការប្រទេសឡើងវិញនោះ បានបើកកិច្ចប្រជុំពិភាក្សាមួយ ដោយផ្តោតសំខាន់ទៅលើ ៩ ចំណុចសំខាន់ៗ ទាក់ទងទៅនឹងវិស័យជាច្រើន ពិសេសវិស័យទេសចរណ៍ ដែលកម្ពុជា មានក្ដីរំពឹងពីចិន។
ស្ថិតក្នុងកិច្ចពិភាក្សា រវាងគណៈប្រតិភូជួរមុខ នៃក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្ដម ហង្ស សណ្ដាប់ អនុរដ្ឋលេខាធិការ និង ឯកឧត្ដម ស្យឺ ចឹអឺ (Shi Zeyi) អនុប្រធានការិយាល័យ ផ្លាស់ប្ដូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវប្បធម៌ និងទេសចរណ៍ចិន ភាគីទាំង ២ បានលើកឡើងអំពី ចំណុចសំខាន់ៗចំនួន ៩ មកពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ២ ដូចខាងក្រោម៖
១. អបអរសាទរខួប ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌសហគមន៍ ជោគវាសនារួមគ្នាតែមួយ។
២.ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពធនធានមនុស្ស ជូនមន្រ្តីរាជការ និងភាគីពាក់ព័ន្ ធក្នុងវិស័យទេសចរណ៍ មានដូចជា មគ្គុទេសក៍ទេសចរណ៍ និងបុគ្គលិកជួរមុខ ដែលនិយាយភាសាចិន ជាពិសេសស្នើសុំភាគីចិនចូល រួមការផ្តល់យោបល់ធាតុចូលថ្មីៗ ដើម្បីធ្វើបច្ចុប្បន្នភាព ទៅលើសៀវភៅ (China Ready) ស្របតាម និន្នាការទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។
៣. ជំរុញឱ្យមានការហោះហើរត្រង់ ពីគោលដៅសំខាន់ៗនៃប្រទេសចិន មកកាន់កម្ពុជា ក្រោយពីកែសម្រួលវិធានការណ៍។
៤. លើកទឹកចិត្តការរៀបចំ ខ្សែទស្សនកិច្ចរបស់ផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ របស់ប្រទេសទាំង២។
៥. ជំរុញឱ្យមានខ្សែទស្សនកិច្ចទេសចរណ៍ ពិសេសរវាងរដ្ឋ និងឯកជននៃប្រទេសទាំង២។
៦. ព្រឹត្តិការណ៍ SEA Games លើកទី៣២ និង ASEAN Para Games លើទី១២ ឆ្នាំ២០២៣។
៧. ការរៀបចំព្រឹត្តិការណ៍កីឡា ភ្ជាប់ជាមួយវេទិកាធុររកិច្ច វិនិយោគទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជា-ចិន។
៨. សហការរៀបចំ ពិព័ណ៌ម្ហូបអាហារ តន្រ្តី វប្បធម៌ កីឡា ដែលមានការចុះបញ្ជី ទទួលស្គាល់ពីអង្គការ បេតិកភ័ណ្ឌពិភពលោក UNESCO។
៩. ការរួមគ្នាសម្តែង សិល្បៈក្បាច់ប្រដាល់បុរាណខ្មែរ (ល្បុកតោ) និងការសម្តែងក្បាច់គុណ ចិនសៅលីង (Shaolin) ដែលមានបញ្ជីទទួលស្គាល់ ពីអង្គការបេតិកភ័ណ្ឌពិភពលោក UNESCO ថ្មីៗ ដើម្បីអបអរសាទរខួបលើកទី ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា-ចិន និងឆ្នាំទស្សនាកម្ពុជា ២០២៣។
ចំណុចទាំង ៩ ខាងលើនេះ សុទ្ធសឹងជាផលប្រយោជន៍រួម ដែលកម្ពុជា និងចិន ត្រូវសម្រេចឱ្យបាន ពិសេសគឺទំនាក់ទំនង ការទូតរវាងរដ្ឋាភិបាលទាំង២ ដែលមានអាយុកាល ៦៥ឆ្នាំមកហើយ។ កិច្ចពិភាក្សានេះធ្វើឡើង មុនដំណើរទស្សនកិច្ច ប្រវត្តិសាស្ត្ររបស់ឥស្សរជន កំពូលរបស់កម្ពុជា គឺសម្ដេចតេជោ ឆ្ពោះទៅកាន់ប្រទេសចិន មុនគេបង្អស់ ក្រោយពីពិធីបុណ្យចូលឆ្នាំចិន កន្លងផុតទៅ។ ដំណើរទស្សនកិច្ចលើកនេះ នឹងបង្ហាញជាលទ្ធផល ផ្លែផ្កាបន្ថែមទៀត ពិសេសគឺរឹតបន្តឹង ចំណងមិត្តភាពឱ្យកាន់តែប្រសើរ ព្រោះចិន គឺជាដៃគូយុទ្ធសាស្ត្រ និងនយោបាយដ៏សំខាន់ របស់កម្ពុជា៕