មឈូសថ្មបុរាណ ដ៏អាថ៌កំបាំងមួយ ដែលតម្កល់ក្នុងប្រាសាទបន្ទាយសំរ៉ែ ពុំជាមានអ្នកដឹងច្បាស់ អំពីប្រវត្តិរបស់វាឡើយ


ប្រាសាទបន្ទាយសំរ៉ែ ជារមណីយដ្ឋានទេសចរណ៍ បែបវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋាននេះមានទីតាំង ស្ថិតនៅក្នុងភូមិអូរបណ្តោយ ឃុំព្រះដាក ស្រុកបន្ទាយស្រី ដែលមានចំងាយប្រមាណជា ១៩គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប នៅទីនេះមានសក្តានុពល ទេសចរណ៍សំខាន់ៗ ដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងរចនាបទល្អឯក។ នៅទីនេះ ភ្ញៀវទេសចរអាចមកសិក្សា អំពីប្រវត្តិសាស្រ្ត លំហែកម្សាន្ត មើលប្រាសាទ មើលចម្លាក់ និងថតរូបទុកជាអនុស្សាវរីយ៍។

ប្រាសាទបន្ទាយសំរ៉ែ គឺជាប្រាសាទដ៏ស្អាតមួយ ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់អង្គរ នៃខេត្តសៀមរាប កសាងឡើងដោយ មានរចនាប័ទ្ម ស្រដៀងនឹងប្រាសាទអង្គរវត្ត។ បើយោងទៅតាមការតុបតែង និងរចនាប័ទ្មសិល្បៈ ប្រាសាទនេះប្រហែលជា កសាងនៅសតវត្សរ៍ទី១២ ក្នុងអំឡុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ហើយបានបញ្ចប់ នៅក្នុងរជ្ជកាលនៃ ស្ដេចយសោវរ្ម័នទី២ (១១៥០-១១៦៥)។ មិនមានសិលាចារឹកថ្មណា ដែលត្រូវបានគេរកឃើញ អំពីប្រាសាទនេះនៅឡើយទេ។ មានអ្នកស្រាវជ្រាវជាច្រើន បានអះអាងអំពីឈ្មោះ នៃប្រាសាទបន្ទាយសំរ៉ែនេះ ប៉ុន្តែគ្មាននរណាម្នាក់អាចដឹងច្បាស់ អំពីហេតុផលដែលថា ហេតុអ្វីបានជាប្រាសាទនេះ ទទួលបានឈ្មោះដូចបច្ចុប្បន្នឡើយ។

អ្នកស្រាវជ្រាវខ្លះសន្មតថា ប្រហែលជាមាន ក្រុមមនុស្សជនជាតិសំរ៉ែ រស់នៅក្នុងតំបន់សាងសង់ប្រាសាទ ទើបពួកគេដាក់ឈ្មោះ សម្គាល់ប្រាសាទនេះ ដើម្បីឧទ្ទិសដល់ ជនជាតិភាគតិចនេះ។ មួយវិញទៀត កាលដើមឡើយ គឺមានជនជាតិសំរ៉ែ រស់នៅពិតមែន ហើយសព្វថ្ងៃគេសង្ស័យថា ប្រជាជនទីនេះ មានជីដូនជីតា ជាជនជាតិសំរ៉ែ ដែលគេយកមកឲ្យយាមប្រាសាទ។ ជាពិសេស ពួកសំរ៉ែនៅភ្នំក្រវាញបាននិយាយថា មានបងប្អូននៅអង្គរ ហើយប្រហែលជាមាន អ្វីមួយនៅបន្ទាយសំរ៉ែនេះ។ អ្វីដែលចម្លែកជាងនេះទៀតគឺថា ប្រាសាទនេះមានតម្កល់ ប្រអប់ថ្មមួយមានរាងដូច ក្ដារមឈូសនៅចំកណ្ដាលប្រាសាទ។

មឈូសថ្មមានរូបរាងដូចគ្នា ទៅនឹងមឈូសថ្ម ដែលរកឃើញនៅ កណ្ដាលប្រាសាទអង្គរវត្ត។ វត្តមានរបស់មឈូសធ្វើអំពីថ្ម បានអោយអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រាសាទបន្ទាយសំរ៉ែ គឺជាកន្លែងបញ្ចុះព្រះអដ្ឋិធាតុរាជវង្សានុវង្សខ្មែរ នាសម័យមហានគរ ប៉ុន្តែគ្មានភស្តុតាងច្បាស់លាស់ ណាមួយនៅឡើយ៕