ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តលើគម្រោងវិនិយោគមានតម្លៃជាង ៤២ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC កាលពីពេលថ្មីៗកន្លងទៅនេះ បានសម្រេចអនុម័តជាផ្លូវការ នូវការគាំទ្រ លើគម្រោងវិនិយោគធំៗចំនួន ៦ ក្រុមហ៊ុន ដែលមានតម្លៃជាទឹកប្រាក់សរុបជាង ៤២ លានដុល្លារ ដើម្បីពង្រីកសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍ដល់ប្រទេសជាតិទាំងមូល រួមមានគោលដៅវិនិយោគនៅខេត្តព្រះសីហនុ តាកែវ កណ្ដាល និងរាជធានីភ្នំពេញផងដែរ។

ស្ថិតក្នុងសេចក្ដីអនុម័តនោះ ក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការវិនិយោគប្រាក់លានដុល្លារ គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្មច្បាស់លាស់នៅក្រសួង ដោយក្នុងនោះរួមមានដូចជា៖

• NAT BEST (CAMBODIA) ELETRICAL & HOME APPLICANCE CO., LTD ស្ថិតនៅក្នុងគម្រោងបង្កើតចេញជារោងចក្រផ្គុំ និងតម្លើងនូវគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ មានទីតាំងស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលមានដើមទុនសម្រាប់វិនិយោគក្នុងទំហំទឹកប្រាក់ជាង ៣,៧ លានដុល្លារអាមេរិក ត្រៀមនឹងបង្កើតការងារជូនប្រជាជនកម្ពុជាប្រមាណ ៦២៩ កន្លែង។

• CAMBODIA JINGU NEW BUILDING MATERIALS CO., LTD ស្ថិតនៅក្នុងគម្រោងបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទដែលមានទីតាំងស្ថិតនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទំហំដើមទុនវិនិយោគជាង ៤ លានដុល្លារអាមេរិក ដែលត្រៀមនឹងបង្កើតការងារជូនប្រជាជនខ្មែរប្រមាណជា ៣១៧ កន្លែង។

• CHENGHAOSHIYE (CAMBODIA) FASHION CO., LTD ស្ថិតនៅក្នុងគម្រោងបង្កើតរោងចក្រកាត់ដែរសម្លៀកបំពាក់ មានទីតាំងស្ថិតនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានទុនវិនិយោគជាង ៤ លានដុល្លារអាមេរិក ដែលអាចបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាបានជាង ១,៤១៥ កន្លែង។

• NEW EAST SOLAR ENERGY (CAMBODIA) CO., LTD ស្ថិតនៅក្នុងគម្រោងបង្កើតជារោងចក្រផ្គុំបន្ទះសូឡា ដែលផលិតចេញជាថាមពលអគ្គិសនី មានទីតាំងស្ថិតនៅបុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគជាង ៦,៥ លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានជាង ២២០ កន្លែងសម្រាប់ប្រជាជនខ្មែរ។

• THE PRESTIGE HOSPITAL CO., LTD ស្ថិតនៅក្នុងគម្រោងបង្កើតជាមន្ទីពេទ្យអន្តរជាតិមួយ អាចទទួលអ្នកជម្ងឺបានច្រើននាក់ មានចំនួន ១០០ គ្រែ ដែលមានទីតាមងស្ថិតនៅផ្ទះលេខ ១៦, ១៧ និង ១៨ ផ្លូវលេខ២១ និងលេខ ០៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទំហំវិនិយោគជាង ៧ លានដុល្លារអាមេរិក អាចបង្កើតការងារថ្មីៗបាន ៣៤៨ កន្លែង ដល់ប្រជាពលរដ្ឋ និងផ្គត់ផ្គង់សេវាសុខាភិបាលក្នុងតំបន់ផងដែរ។

• CHAMATHARN CO., LTD ស្ថិតនៅក្នុងគម្រោងផលិតជារោងចក្រផលិតទឹកកកខ្នាតធំ មានទីតាំងវិនិយោគនៅភូមិ សិត្បូ ឃុំសិត្បូ ស្រុកស្អាត ខេត្តកណ្ដាល ដែលមានដើមទុនវិនិយោគប្រមាណ ១៦,៥ លានដុល្លារអាមេរិក អាចបង្កើតការងារបាន ៣១២ កន្លែងសម្រាប់ប្រជាពលរដ្ឋខ្មែរ។

 

 

 

 

 

ទាំងនេះគឺសុទ្ធសឹងជារោងចក្រថ្មីៗ ដែលស្ថិតនៅក្នុងការវិនិយោគរបស់បរទេសចូលមកកាន់កម្ពុជា ដែលសបង្ហាញអំពីការជឿទុកចិត្តទៅលើសេដ្ឋកិច្ច ស្ថានភាពនយោបាយ និងសន្តិភាព ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។ ការបង្កើតបានជារោងចក្រថ្មីៗទាំងនេះ នឹងមិនត្រឹមតែជួយដល់សេដ្ឋកិច្ចថ្នាក់ជាតិ និងក្រោមជាតិនោះទេ វាបានផ្ដល់នូវទីផ្សារការងារបន្ថែមទៅដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

 

ប្រភពមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា