ក្រសួងទេសចរណ៍ ជម្រុញឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ច ទៅកាន់សហគមន៍អេកូទេសចរណ៍


ក្នុងសិក្ខាសាលាផ្សព្វផ្សាយ គោលដៅសហគមន៍ និងអេកូទេសចរណ៍ នៅតំបន់មេគង្គលើ និងនៅភ្នំត្បែងមានជ័យ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានលើកឡើងថា ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ នឹងជួយជំរុញឱ្យ ការីទេសចរណ៍បង្កើនការលក់ កញ្ចប់ទស្សនកិច្ច ទៅកាន់សហគមន៍អេកូទេសចរណ៍អាស៊ាន និងសហគមន៍នានានៅកម្ពុជា ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើន បន្ថែមទៀត ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

បន្ទាប់ពីសិក្ខាសាលានេះចប់ ក្រុមការងារក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិ គម្រោងព្រៃឡង់បៃតង អង្គការកម្មវិធីផ្លាស់បទពិសោធន៍ អនុផលព្រៃឈើកម្ពុជា (NTFP-EP/Cambodia) នឹងសហការដឹកនាំ ការីទេសចរណ៍សំខាន់ៗ ក៏នឹងធ្វើទស្សនកិច្ចទៅកាន់ សហគមន៍អេកូទេសចរណ៍ចំនួន៥ ផងដែរ រួមមាន សហគមន៍ទេសចរណ៍ ទឹកធ្លាក់តាំងយូ សហគមន៍ទេសចរណ៍ដាតាវឹក និងសហគមន៍ទេសចរណ៍ ទឹកធ្លាក់ចាក់អង្រែ ដែលស្ថិតនៅតំបន់ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ សហគមន៍អេកូទេសចរណ៍ កោះសាមសិប នៅខេត្តក្រចេះ និងសហគមន៍អេកូទេសចរណ៍ សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង។

ការធ្វើទស្សនកិច្ចនេះគឺចាប់ពីថ្ងៃទី២១-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីឱ្យការីទេសចរណ៍ ដែលជាអ្នករៀបចំកញ្ចប់ទស្សនកិច្ច បានឃើញពីផលិតផលទេសចរណ៍ នៅតាមសហគមន៍ និងអេកូទេសចរណ៍ទាំង ៥ នោះ សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើនការមកទស្សនា គោលដៅទាំងនោះ។ ជាពិសេស ជំរុញដល់ស្ថាប័នដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិនានា ឲ្យជួយបន្តផ្តល់ការគាំទ្រដល់ ការអភិវឌ្ឍតំបន់សហគមន៍ទាំង៥នេះ ទាំងលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ៕