ខេត្តកណ្តាល ត្រូវបានប្រកាសជាខេត្តអស់មីន និងមានសុវត្ថិភាពពី គ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សល់ពីសម័យសង្គ្រាម!


កណ្តាល៖ កាលពីព្រឹកថ្ងៃទី ១៣ មីនា ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឱ្យ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធី «អបអរសាទរ ការប្រកាសខេត្តកណ្តាល ជាខេត្តអស់មីន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ យើងកំពុងប្រកាសខេត្តកណ្តាល ថាជាខេត្តថ្មីមួយទៀត ដែលគ្មានគ្រាប់មីន ដែលមានន័យថា យើងនៅសល់តែ ១៥ខេត្តប៉ុណ្ណោះ ដែលនៅតែរងការគំរាមកំហែង ដោយគ្រាប់មីន។”

នៅឆ្នាំ២០២៣ កម្ពុជាគ្រោងនឹងប្រកាសខេត្តចំនួន ៨ បន្ថែមទៀត បន្ទាប់ពីខេត្តកណ្តាល រួមមានខេត្តតាកែវ កំពត កំពង់ស្ពឺ កំពង់ធំ សៀមរាប ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី ជាខេត្តដែលអស់មីន និងមានសុវត្ថិភាពគ្រប់គ្រាន់ពីមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សល់ពីសង្គ្រាម ដែលបានកប់ក្រោមដី ក្នុងប្រទេសកម្ពុជា អស់ជាច្រើនទសវត្សមក។

ឯកឧត្តម បានមានប្រសាសន៍ថា កម្ពុជាបានប្រែក្លាយពី ប្រទេសរងគ្រោះដោយសារគ្រាប់មីន ទៅជាប្រទេសដែលចែករំលែក បទពិសោធន៍ក្នុងការដោះមីន នៅលើឆាកអន្តរជាតិ ជាពិសេសប្រទេស ដែលប្រឈមនឹងគ្រាប់មីន និងជាតិផ្ទុះពីសង្គ្រាម។ ឯកឧត្តម បានបន្តទៀតថា ក្រុមអ្នកជំនាញបានបញ្ចប់ បេសកកម្មរបស់ខ្លួន តាមគម្រោងអាទិភាព របស់សហគមន៍លើផ្ទៃដីទំហំ ២ ៥៥៤ គីឡូម៉ែត្រការ៉េ នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយបានរកឃើញ និងបំផ្លាញមីន ប្រឆាំងមនុស្សចំនួន ១ ១៥៣ ២១៧ គ្រាប់ មីនប្រឆាំងរថក្រោះ ២៦ ១៣៥ គ្រាប់ និងគ្រាប់បែកសង្គ្រាមចំនួន ៣ ០៣៤ ៧២៧ ដើម ដែលបានផ្តល់ផលប្រយោជន៍ និងសុខសុវត្ថិភាព ដល់ប្រជាជនកម្ពុជា ជាងប្រាំបួនលាននាក់។

ដោយឡែកសម្រាប់ខេត្តកណ្តាល ប្រតិបត្តិករបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសម័យសង្គ្រាមលើផ្ទៃដីសរុប ៩ ៧៨០ ២១០ ម៉ែត្រការ៉េ រកឃើញ និងកម្ទេចមីនប្រឆាំងមនុស្សចំនួន ២ ៨៧៣ គ្រាប់ មីនប្រឆាំងរថក្រោះ ៤៩ និងសំណល់ជាតិផ្ទុះ ៩៤ ២៨៩ គ្រាប់ផ្សេងទៀត និងប្រជាពលរដ្ឋ បានផលប្រយោជន៍ និងសុវត្ថិភាពសរុប ១១ ៧៣៣ នាក់។

ទោះបីខេត្តកណ្តាល ត្រូវបានប្រកាសថាជា តំបន់កម្ចាត់មីនដ៏ជោគជ័យក៏ដោយ ក៏ខេត្តកណ្តាល នៅតែមានសំណល់ជាតិផ្ទុះ ដែលសង្ស័យពីសង្គ្រាមចំនួន ១៥ ៨០៥ ២៥៣ ម៉ែត្រការ៉េ រួមទាំងគ្រាប់បែកចង្កោមចំនួន ៥ ៤៩៤ ០១៦ គ្រាប់ ផងដែរ។